ប្រភពការទូតបារាំងមួយរូប បានបង្ហើបប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសបារាំងនឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីនៅថ្ងៃចន្ទនេះ ក្រោយការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន សម្លាប់អ្នកធ្វើការផ្នែកជំនួយមនុស្សធម៌បារាំង ២ រូប ហើយមានការកើនឡើងនៃរលកព័ត៌មានមិនពិតរបស់រុស្ស៊ី។
ប្រភពដដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា៖ «បារាំងនឹងធ្វើការថ្កោលទោសជាថ្មី ចំពោះការវាយប្រហាររបស់រុស្ស៊ី។ វាក៏នឹងថ្កោលទោសការកើនឡើងនៃព័ត៌មានមិនពិត ដែលដាក់គោលដៅលើប្រទេសបារាំងផងដែរ»។
បុគ្គលិកជំនួយស្ម័គ្រចិត្តបារាំង ២ នាក់បានស្លាប់ និង ៣ នាក់ទៀតបានរងរបួស ក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី នៅតំបន់ឃើរសុន ភាគខាងត្បូងរបស់អ៊ុយក្រែន កាលពីថ្ងៃទី ១ ខែកុម្ភៈ។ ការវាយប្រហារនោះ ត្រូវបានរដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne ពិពណ៌នាថា ជាទង្វើនៃ «ភាពព្រៃផ្សៃ»។
ទន្ទឹមនឹងនេះដែរ ទំនាក់ទំនងបារាំង-រុស្ស៊ី កាន់តែយ៉ាប់យ៉ឺនទៅៗបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារក្រុងប៉ារីសបានបង្កើនការគាំទ្រដល់អ៊ុយក្រែន រួមទាំងការសន្យាថានឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយជាដើម។
បារាំងបានចោទរុស្ស៊ីពីទម្លាប់ផ្សព្វផ្សាយព័ត៌មានមិនពិតពីបារាំង។ កាលពីចុងខែមករា បារាំងបានច្រានចោលការយល់ឃើញណាមួយដែលថា ខ្លួនមានទាហានស៊ីឈ្នួលធ្វើប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន ដែលការច្រានចោលនោះធ្វើឡើង ១ ថ្ងៃ បន្ទាប់ពីសមាជិកសភារុស្ស៊ី បានអនុម័តសេចក្ដីសម្រេចថ្កោលទោស «ទាហានស៊ីឈ្នួលបារាំង» នៅអ៊ុយក្រែន។ ក្រៅពីនេះ បារាំងក៏បានចោទលោក វ្ល៉ាឌីមៀរ ពូទីន ពីការនាំព័ត៌មានមិនពិត៕