ខណៈពេលប្រទេសប៉ាពួញូហ្គីណេ ដែលជាប្រទេសកោះធំជាងគេស្ថិតនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកបន្តចរចាជាមួយមហាយក្សចិនដែលអាចគ្របដណ្តប់លើបញ្ហាសន្តិសុខ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសដែនកោះនេះបដិសេធការបបួលចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខណាមួយជាមួយចិនដែលសហរដ្ឋអាមេរិកមើលឃើញថា នឹងត្រូវចំណាយច្រើន។
សហរដ្ឋអាមេរិក បានព្រមានប្រទេសប៉ាស៊ីហ្វិកមួយនេះថា ការធានាសន្តិសុខណាមួយពីចិននឹងនាំមកនូវផលវិបាក និងការចំណាយច្រើន។ កន្លងមកប៉ាពួញូវហ្គីណេ បានអះអាងថា រឿងសន្តិសុខខ្លួនពឹងលើអាមេរិកនិងអូស្ត្រាលីដែលនៅជិតខាង ខណៈដែលការសហការជាមួយចិនគឺផ្តោតតែលើសកម្មភាពសេដ្ឋកិច្ចជាចម្បងប៉ុណ្ណោះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក រីឆាតដ៍ វឺរម៉ា (Richard Verma) ដែលបានផ្ដល់បទសម្ភាសដល់កាសែតអូស្ត្រាលី Sydney Morning Herald ចេញផ្សាយនៅថ្ងៃចន្ទនេះ បានថ្លែងយ៉ាងដូច្នេះថា៖«យើងបានឃើញការប្តេជ្ញាចិត្តរបស់ចិនក្នុងវិស័យការពារជាតិ ឬការវិនិយោគ តែងតែនាំមកជាមួយនឹងការចំណាយខ្ពស់។ យើងចង់និយាយប្រាប់ប៉ាពួញូវហ្គីណេ យ៉ាងដូច្នេះ»។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ាពួញូវហ្គីណេ លោក Justin Tkachenko បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា ប្រទេសខ្លួនកំពុងស្ថិតក្នុងកិច្ចពិភាក្សាដំណាក់កាលដំបូងជាមួយប្រទេសចិន លើកិច្ចព្រមព្រៀងសន្តិសុខមួយ។ លោក Tkachenko បាននិយាយថា ប្រទេសចិនបានផ្តល់ជំនួយដល់កម្លាំងប៉ូលិសរបស់ប៉ាពួញូវហ្គីណេ ជាមួយនឹងការបណ្តុះបណ្តាល ឧបករណ៍ និងបច្ចេកវិទ្យាឃ្លាំមើលផ្សេងៗ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអូស្ត្រាលី បានចាត់ទុកតំបន់ប៉ាស៊ីហ្វិកថាជាតំបន់ស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន ហើយព្យាយាមរារាំងប្រទេសកោះនានា ពីការបង្កើតទំនាក់ទំនងសន្តិសុខជាមួយប្រទេសចិនក្រោយចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុងនៅឆ្នាំ ២០២២ ដែលគេមើលឃើញថា ជាផ្នែកមួយនៃការបង្កើនឥទ្ធិពលរបស់ក្រុងប៉េកាំងក្នុងតំបន់។
លោក វឺរម៉ា ដែលធ្វើដំណើរទស្សនកិច្ចទៅអូស្ត្រាលីកាលពីសប្ដាហ៍មុន បាននិយាយក្នុងបទសម្ភាសន៍ដដែលថា វាគឺជាការប្រកួតប្រជែងដើម្បីឥទ្ធិពលក្នុងតំបន់ប៉ាស៊ីហ្វិក ហើយ«យើងត្រូវប្រកួតប្រជែងឱ្យខ្លាំង»។
លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «យើងចង់ឃើញប្រជាជន (ប៉ាពួញូវហ្គីណេ) ជ្រើសរើសការរៀបចំសន្តិសុខ ឬឱកាសវិនិយោគ ឬទំនាក់ទំនងកម្រិតខ្ពស់ជាមួយប្រទេសដែលដើរដោយច្បាប់ស្របតាមស្តង់ដាអន្តរជាតិ»។