រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក វីវាន បាឡាគ្រិសណាន់ (Vivian Balakrishnan) បានលើកឡើងកាលពីថ្ងៃចន្ទថា ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសសិង្ហបុរីជាមួយប្រទេសចិន នៅតែបន្តមានដដែល បើទោះជាចិនបានសម្តែងការព្រួយបារម្ភចំពោះសារអបអរសាទររបស់សិង្ហបុរីទៅកាន់លោក វីលៀម ឡៃ ឈិង-តេ (William Lai Ching-te) ដែលជាមេដឹកនាំ ១ រូបរបស់តៃវ៉ាន់។
ជាការឆ្លើយតបនឹងសំណួររបស់សមាជិកសភា លោក ដេនីស តាន់ (Dennis Tan) អំពីទំនាក់ទំនងទ្វេភាគី លោកបណ្ឌិត បាឡាគ្រិសណាន់ បានបញ្ជាក់ជាលាយលក្ខណ៍អក្សរថា «ភាគីចិន បានមកជួបភាគីសិង្ហបុរី ហើយយើងបានបញ្ជាក់ឡើងវិញពីគោលជំហរមិត្តភាពយូរអង្វែង និងប្រកាន់ខ្ជាប់គោលនយោបាយ ចិនតែមួយ»។
លោកបានបន្តថា៖ «ទំនាក់ទំនងដ៏រឹងមាំរបស់យើងជាមួយប្រទេសចិនមិនមានអ្វីប្រែប្រួលទេ ហើយការប្រាស្រ័យទាក់ទងរបស់យើងជាមួយប្រទេសចិន ក៏បានបន្តទៅមុខយ៉ាងរលូនផងដែរ»។
កាលពីថ្ងៃទី ១៤ ខែមករា កន្លងទៅ ប្រទេសសិង្ហបុរី បានអបអរសាទរ ចំពោះលោកបណ្ឌិត ឡៃ ដែលបានជាប់ឆ្នោតជាប្រធានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នៅតៃវ៉ាន់។
ក្រសួងការបរទេសសិង្ហបុរី (MFA) បានឱ្យដឹងថា សិង្ហបុរីនៅតែបន្តរក្សាមិត្តភាពដ៏រឹងមាំ និងយូរអង្វែងជាមួយតៃវ៉ាន់ និងប្រជាជនតៃវ៉ាន់។ សិង្ហបុរីនឹងបង្កើនទំនាក់ទំនងជាមួយតៃវ៉ាន់ ដោយប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។
អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់សិង្ហបុរី ចំពោះការវិវឌ្ឍប្រកបដោយសុខសន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។
លោកបណ្ឌិត ឡៃ ដែលធ្លាប់ជាអតីតអភិបាលក្រុង ថៃណាន (Tainan) ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដែលតែងតែទាមទារចង់បានឯករាជ្យឱ្យតៃវ៉ាន់។ យ៉ាងណាមិញ ក្រុមអ្នកប្រឆាំង និងអ្នករិះគន់មួយចំនួន បានអះអាងថា ការបោះឆ្នោតគាំទ្រលោក អាចនឹងបង្កហានិភ័យដល់តៃវ៉ាន់ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាពជាមួយចិន។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ (Xinhua) បានឱ្យដឹងថា ការិយាល័យកិច្ចការតៃវ៉ាន់របស់ទីក្រុងប៉េកាំងបានបញ្ជាក់ថាបើទោះបីជាលទ្ធផលនៃការបោះឆ្នោតយ៉ាងណាក៏ដោយក៏មិនអាចរារាំង និន្នាការបង្រួបបង្រួមរបស់ចិនឡើងវិញបានឡើយ។
ប្រទេសចិន បានរិះគន់ប្រទេសនានា រួមទាំងសិង្ហបុរី សហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន ដែលពួកគេបានចេញសារអបអរសាទរចំពោះជ័យជម្នះរបស់លោក ឡៃ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានលើកឡើងថា ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសារអបអរសាទររបស់សិង្ហបុរី។ លោកស្រីបានបន្ថែមថា មេដឹកនាំសិង្ហបុរីធ្លាប់បានថ្លែងបញ្ជាក់ជាច្រើនដងថា បញ្ហាតៃវ៉ាន់ជាបន្ទាត់ក្រហមដ៏សំខាន់សម្រាប់ប្រទេសចិន។
លោកស្រីបានសង្កត់ធ្ងន់ថា៖«ប្រទេសចិន កោតសរសើរចំពោះសេចក្តីថ្លែងការណ៍នេះ ហើយរំពឹងថា សិង្ហបុរីនឹងប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ និងបន្តជំរុញឱ្យសិង្ហបុរីរក្សាទំនាក់ទំនងប្រកបដោយមិត្តភាពល្អជាមួយចិនតាមរយៈសកម្មភាពជាក់ស្តែង»៕