គណៈកម្មការអ៊ឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចនាថ្ងៃអង្គារនេះ ដើម្បីចេញអនុសាសន៍ស្ដីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់សហភាពអឺរ៉ុប (EU) ឱ្យបានរហូតដល់ ៩០ ភាគរយ នៅត្រឹមឆ្នាំ ២០៤០ ដែលជាគោលដៅចម្បងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា សេចក្ដីព្រាងនៃអនុសាសន៍ របស់គណៈកម្មការប្លុកអឺរ៉ុបដែលមាន២៧ប្រទេស បង្ហាញថា សហភាពអឺរ៉ុបនឹងគាំទ្រដល់គោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ៩០ ភាគរយ បើធៀបនឹងកម្រិតនៃការបំភាយឆ្នាំ ១៩៩០។
គោលដៅឆ្នាំ ២០៤០ មានគោលបំណងរក្សាបណ្តារដ្ឋសមាជិក ឱ្យបន្តស្ថិតនៅលើផ្លូវនៃគោលដៅអាកាសធាតុឆ្នាំ ២០៣០ដែលមានស្រាប់ និងគោលដៅរយៈពេលវែងរបស់ EU ដើម្បីឆ្ពោះទៅរកការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធនៅឆ្នាំ២០៥០ហើយបញ្ចប់ការរួមចំណែកក្នុងការប្រែប្រួលអាកាសធាតុរបស់ប្លុកនេះ។
ការផ្ដល់អនុសាសន៍នេះ នឹងធ្វើឡើងចំពេលដែលមានការតវ៉ារបស់កសិករនៅទូទាំងទ្វីបអឺរ៉ុប និងការប្រឆាំងផ្នែកនយោបាយលើច្បាប់ស្ដីពីបរិស្ថានមួយចំនួនរបស់សហភាពអឺរ៉ុប ខណៈផែនការនេះ ត្រូវបានកំណត់ថានឹងផ្តោតលើការរក្សាការគាំទ្រពីសាធារណៈ និងឧស្សាហកម្មអឺរ៉ុប។
សេចក្តីព្រាងអនុសាសន៍ដែលរ៉យទ័របានឃើញ និងមិនទាន់បានចេញផ្សាយនៅឡើយនោះ បាននិយាយថា៖ «ដើម្បីឱ្យកិច្ចព្រមព្រៀងបរិស្ថានអឺរ៉ុប អាចបន្តទៅដល់រហូតដល់ឆ្នាំ ២០៤០ ការផ្តោតអារម្មណ៍បន្ថែម នឹងក្លាយជាតម្រូវការលើលក្ខខណ្ឌអនុញ្ញាតដើម្បីឱ្យអាជីវកម្ម និងប្រជាពលរដ្ឋ ធ្វើជាម្ចាស់នៃការផ្លាស់ប្តូរ»។ សេចក្ដីព្រាងបន្តថា៖ «សកម្មភាពអាកាសធាតុ ត្រូវតែទទួលយកដោយមនុស្សគ្រប់គ្នា»។
រ៉យទ័រផ្សាយថា សំណើនៅថ្ងៃអង្គារនេះ នឹងបង្កើតឱ្យមានការជជែកដេញដោលនយោបាយលើគោលដៅ ប៉ុន្តែវាក៏នឹងអាស្រ័យទៅលើគណៈកម្មការសហភាពអឺរ៉ុបថ្មី ដែលនឹងបង្កើតឡើងក្រោយពីការបោះឆ្នោតរបស់ប្លុកនេះនៅខែមិថុនា ដើម្បីធ្វើសំណើផ្នែកច្បាប់ចុងក្រោយ។
គេមើលឃើញថា របៀបវារៈអាកាសធាតុរបស់អឺរ៉ុប កំពុងឈានចូលដំណាក់កាលនយោបាយដ៏លំបាកមួយ ដោយសារវាចាប់ផ្តើមប៉ះវិស័យសំខាន់ៗ ដូចជាវិស័យកសិកម្ម និងឧស្សាហកម្មប្រពៃណី ដែលប្រឈមនឹងការប្រកួតប្រជែងបច្ចេកវិទ្យា «ដែលល្អសម្រាប់បរិស្ថាន» ពីប្រទេសចិន។
សេចក្តីព្រាងអនុសាសន៍ បាននិយាយថាវិស័យកសិកម្មនឹងត្រូវកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ៣០ភាគរយនៅឆ្នាំ ២០៤០ ពីកម្រិតនៃការបំភាយឆ្នាំ ២០១៥ ប៉ុន្តែមន្ត្រីសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានបង្ហាញថាការដាក់គោលដៅនេះលើវិស័យដែលមានភាពតានតឹងផ្នែកនយោបាយ អាចនឹងត្រូវលុបចោលនៅក្នុងឯកសារសម្រេចចុងក្រោយ។
ឯកសារទី២ របស់ EU ដែលនឹងចេញផ្សាយនៅថ្ងៃអង្គារនេះផងដែរនោះ នឹងបង្ហាញពីផែនការចាប់យក និងរក្សាទុកការបំភាយឧស្ម័នកាបូនិករាប់រយលានតោននៅឆ្នាំ ២០៥០ ដែលនេះ គឺជាផ្នែកមួយក្នុងចំណោមផ្នែកជាច្រើន ដែលទាមទារការវិនិយោគដ៏ធំនៅក្នុងវិស័យបច្ចេកវិទ្យាថ្មី។
គោលដៅឆ្នាំ២០៤០ នឹងផ្លាស់ប្តូរថាមពលចម្រុះរបស់អឺរ៉ុប ដោយថាមពលចេញពីធ្យូងនឹងត្រូវកាត់ចេញហើយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទាំងមូលត្រូវកាត់បន្ថយ ៨០ភាគរយ រួចជំនួសឡើងវិញដោយថាមពលកកើតវិញ និងនុយក្លេអ៊ែរ។
សហភាពអឺរ៉ុប បានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន ចំនួន ៣០ ភាគរយក្នុងឆ្នាំ ២០២២ ពីកម្រិតបំភាយក្នុងឆ្នាំ ១៩៩០៕