ស្ថាន​ទូត​ចិន ​ប្រចាំ​ប្រទេស​ហ្វីលីពីន​ បាន​​ទទូច​​ថា​ រដ្ឋាភិបាល​ចិន​​ប្រឆាំង​ និង​បង្រ្កាប​គ្រប់​​​ទម្រង់​ណា​មួយ​នៃ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​​ ​ក្រោយ​ហ្វីលីពីនបាន​​អះ​អាង​ពី​ការ​​ប៉ុន​ប៉ង​​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​លើ​គេហទំព័​​រ​​រដ្ឋាភិបាល​ហ្វីលីពីន​ ពី​ក្រុម​ហែក​ឃឺ​មក​ពី​ចិន​។​

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​​ បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​​អ្នក​នាំ​ពាក្យ​​ស្ថានទូត​ចិន​ ដែល​បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ យ៉ាង​ដូច្នេះ​ថា​៖ «​រដ្ឋាភិបាល​ចិន​ ប្រឆាំង​យ៉ាង​ម៉ឺង​ម៉ាត់​ និង​បង្ក្រាប​រាល់​ទម្រង់​នៃ​ការ​វា​យ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​​ ដោយ​ស្រប​តាម​ច្បាប់​ប្រទេស​»។

អ្នក​នាំ​ពាក្យ​ដដែល​បន្ត​ថា​៖«រដ្ឋាភិបាល​ចិន​ ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ ឬ​បុគ្គល​ណា​មួយ​ ចូល​រួម​ក្នុង​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​ និង​សកម្មភាព​ខុស​ច្បាប់​ផ្សេង​ៗ​ទៀត​នៅ​លើ​ដី​ចិន​ ឬ​ប្រើ​ប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ចិន​នោះ​ទេ​»។​

ការ​លើក​ឡើង​យ៉ាង​ដូច្នេះរបស់​ស្ថាន​ទូត​ចិន​ ធ្វើ​ឡើង​បន្ទាប់​ពី​​​ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​និយាយ​ថា ​ពួក​ចោរបច្ចេកវិទ្យា​អនាមិក​ (Hackers​)​ ​​មក​ពី​ប្រទេស​ចិន កាល​ពី​ខែ​មុន​​ បាន​​ប៉ុន​ប៉ង​​ហែក​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​រដ្ឋាភិបាល​​ ​​រួម​ទាំង​គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី​​ ហ្វឺរឌីណង់​ ម៉ាកូស​ ជូនៀ (Ferdinand Marcos Jr) ​ប៉ុន្តែ​មិន​បាន​សម្រេច​។

​ហ្វីលីពីន​មិន​បាន​​បង្ហើប​​ថា​​ ពួក​ហែកឃឺរ​ មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​បរទេស​ណា​មួយ​នោះ​ទេ​ ប៉ុន្តែ​អះ​អាង​ថា​ ​ពួក​គេ​​បាន​ប្រើ​ប្រាស់​សេវាកម្ម​​អ៊ិនធឺណិត​របស់ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ​ចិន​ Unicom។ ​ក្រុម​ហ៊ុន​ Unicom ​មិន​​បា​ន​ប្រតិកម្ម​ភ្លាម​ៗ​ចំពោះ​ការ​ណ៍​នេះ​ទេ​។

បច្ចុប្បន្ន​ ​​ហ្វីលីពីន​កំពុង​ធ្វើ​ការ​លើ​យុទ្ធសាស្ត្រ​សន្តិសុខ​តាម​អ៊ីនធឺណិត​រយៈ​ពេល​​៥​ឆ្នាំ​ ដើម្បី​ពង្រឹង​ការ​ការពារ​តាម​អ៊ិនធឺណិត​របស់​ខ្លួន​។ យោធា​របស់​ប្រទេស​នេះ​​​ កាល​ពី​ឆ្នាំ​មុន​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បង្កើត​អង្គភាព​​ប្រឆាំង​នឹង​​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​៕​