អនុរដ្ឋមន្ត្រី​ការបរទេស​ថៃលោក  ស៊ី​ហា​សាក់ ភួង​កេ​ត​កែវ (SihasakPhuangketkeow) បាន​ថ្លែងថា គំនិត​ផ្តួចផ្តើម​មនុស្ស​​ធម៌​ថ្មី​ ដែល​ដឹកនាំ​ដោយ​ប្រទេស​ថៃ មាន​គោលបំណង​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​កិច្ចពិភាក្សា​ស្ដីពី​ជម្លោះផ្ទៃក្នុង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​កំពុង​គ្រប់គ្រង​ដោយ​របប​យោធា​។ នេះ​បើតាម​ការ​​រាយការណ៍​ទីភ្នាក់ងារ​សារព័ត៌មាន ​រ៉​យ​ទ័​រ​។​

​លោក ស៊ី​ហា​សាក់ លើកឡើងថា តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ផ្ដល់ជំនួយ ប្រទេស​ថៃ​គ្រោង​នឹង​បង្កើត​តំបន់​សុវត្ថិភាព​មនុស្សធម៌​នៅ​ចុងខែ​នេះ នៅឯ​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា ក្បែរ​ច្រក​ឆ្លងកាត់​ព្រំដែន Mae Sot​​ Myawaddy ដើម្បី​ចែកចាយ​ស្បៀងអាហារ និង​ការផ្គត់ផ្គង់​ថ្នាំពេទ្យ​ដល់​សហ​​គម​ន៍​មូលដ្ឋាន និង​មនុស្ស ២០ ០០០​ នាក់ ដែល​ត្រូវ​រត់​ភៀសខ្លួន​ដោយសារ​ការប្រយុទ្ធ​គ្នា​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។  

​មន្ត្រីការទូត​ជាន់ខ្ពស់​ថៃ​ដដែល បាន​និយាយថា ផែនការ​នេះ​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​សមាជិក​ទាំង​១០​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេ​យ៍ ហៅ​កាត់​«​អាស៊ាន​»  ដែល​ព្យាយាម​តែ​មិន​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម​ដំណើរការ​សន្តិភាពរ​វា​ង​យោធា និង​កងកម្លាំង​តស៊ូ​ប្រដាប់អាវុធ​ផ្សេងៗ​។

​លោក ស៊ី​ហា​សាក់ បាន​បញ្ជាក់ថា គោលដៅ​សំខាន់​នៃ​គំនិត​​ផ្ដួចផ្ដើម គឺ​ធ្វើយ៉ាងណា​ឱ្យគេ​អាច​គ្រប់គ្រង​ជម្លោះ និង​បើក​បណ្តាញ​សន្ទនា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ លោក​បន្តថា​៖«​យើង​មិន​ចង់ឃើញ​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​អស្ថិរភាព​បន្ថែមទៀត​ទេ​» ហើយ​បន្ថែមថា ដំណើរ​កា​រលើ​បញ្ហា​នេះ ត្រូវតែមាន​«​ប្រសិទ្ធភាព ភាព​គួរឱ្យ​ទុកចិត្ត និង​តម្លាភាព​»​។​

​គំនិត​ផ្តួចផ្តើម​ផ្ដល់ជំនួយ ដែល​ត្រូវ​បានអនុម័ត​កាលពី​សប្តាហ៍​មុន​ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អ្នកតំណាង​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា នឹង​បើកផ្លូវ​ឱ្យ​កាកបាទក្រហម​ប្រទេស​ថៃ​និង​មី​យ៉ាន់​ម៉ា​ដើម្បី​ផ្តល់​ការ​ផ្គត់​ផ្គង់​ជំនួយ​ដោយផ្ទាល់ ក្រោម​ការសង្កេត​របស់​ស្ថាប័ន​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​។​

​មី​យ៉ាន់​ម៉ា​បាន​ជាប់គាំង​នៅក្នុង​ជម្លោះ ចាប់តាំងពី​ក្រុម​យោធា​បានធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ក្នុង​ខែកុម្ភៈ ឆ្នាំ ​២០២១ ដែល​បង្ក​ជា​ចលនា​តស៊ូ​ប្រឆាំងនឹង​របប​យោធា ហើយ​បង្កើត​ការ​​ប៉ះទង្គិច​គ្នា​ដោយ​បង្ហូរឈាម​សម្លាប់​ជន​ស៊ីវិល​រាប់ពាន់នាក់​។ អង្គការសហប្រជាជាតិ​បាន​និយាយថា មនុស្ស​យ៉ាងហោច​ណាស់ ២,៦ ​លាន​នាក់ បាន​ផ្លាស់​ទីលំនៅ​រស់នៅ​ដោយសារតែ​ការប្រយុទ្ធ​គ្នា ហើយ​ប្រជាជន​មី​យ៉ាន់​ម៉ា ១៨​ លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​៕