ខណៈពេលប្រទេសប៉ាគីស្ថាន នឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ៨ ខែកុម្ភៈនេះ និងដែលមានប្រជាជន ១២៨ លាននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានគណបក្សចុះឈ្មោះរហូតដល់ ១៦៧ អំពើហិង្សាបានផ្ទុះឡើងជាញឹកញាប់ ដែលតម្រូវឱ្យសមត្ថកិច្ចស៊ើបអង្កេត។
ការបោះឆ្នោតនៅប្រទេសប៉ាគីស្ថាន ដែលគ្មានវត្តមានអតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយដែលប្រយុទ្ធប្រឆាំងអំពើពុករលួយ និងត្រូវបានបណ្តេញចេញពីអំណាចក្នុងឆ្នាំ ២០២២ និងទើបត្រូវតុលាការកាត់ទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។
អាជ្ញាធរប៉ាគីស្ថាន បាននិយាយថា ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយគ្រាប់រ៉ុក្កែត កាំភ្លើង និងគ្រាប់បែកដៃបានវាយប្រហារប៉ុស្តិ៍ប៉ូលិសមួយកន្លែងនៅក្នុងអតីតបន្ទាយដ៏រឹងមាំរបស់ពួកតាលីបង់ប៉ាគីស្ថាន នៅភាគពាយព្យនៃប្រទេស មុនព្រឹកព្រលឹមថ្ងៃទី ៥ ខែកុម្ភៈ ដោយបានសម្លាប់មន្ត្រីចំនួន ១០ នាក់ ហើយរត់គេចខ្លួន។
មន្ត្រីប៉ូលិសនៅក្នុងតំបន់ Draban របស់ប្រទេសប៉ាគីស្ថាន ក្នុងខេត្ត Khyber-Pakhtunkhwa បាននិយាយថា នៅម៉ោងប្រហែល ៣ ទៀបភ្លឺ ម៉ោងក្នុងស្រុក ក្រុមសកម្មប្រយុទ្ធបានចាប់ផ្តើមវាយប្រហារប៉ុស្តិ៍ប៉ូលិសជាមួយនឹងការបាញ់រះ ហើយបន្ទាប់មកចូលទៅក្នុងអគារ។
ភ្លាមៗនេះគេមិនទាន់ដឹងច្បាស់នៅឡើយទេថាក្រុមមួយណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយថាតើវាទាក់ទងនឹងការបោះឆ្នោតឬអត់ ខណៈមន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Anees-ul-Hassan បាននិយាយថា កងកម្លាំងកំពុងធ្វើការស្វែងរក និងចាប់ខ្លួនអ្នកវាយប្រហារ។
ការវាយប្រហារនេះបានកើតឡើងមុនការបោះឆ្នោតសភានៅសប្តាហ៍នេះ និងកើតឡើង ២ ខែបន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានបំផ្ទុះរថយន្តផ្ទុកសារធាតុផ្ទុះនៅខាងក្រៅប៉ុស្តិ៍ប៉ូលិសក្នុងសង្កាត់ដូចគ្នា ដោយបានសម្លាប់ទាហានយ៉ាងហោចណាស់ ២៣ នាក់ និង ៣២ នាក់របួស។
វាក៏បានកើតឡើងប្រហែល ១ សប្តាហ៍បន្ទាប់ពីក្រុមបះបោរបានវាយប្រហារទៅលើកងកម្លាំងសន្តិសុខនៅក្នុងខេត្ត Baluchistan ភាគនិរតី ដោយបានសម្លាប់មនុស្ស ៦ នាក់រួមទាំងបុគ្គលិកសន្តិសុខ ៤ នាក់ផងដែរ។ យោធាក៏បានសម្លាប់ពួកបះបោរ ២៤ នាក់ផងដែរកាលពីសប្តាហ៍មុន។
ប្រទេសប៉ាគីស្ថាន កំពុងប្រឈមមុខខ្លាំងនឹងការកើនឡើងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ភាគច្រើននៃការវាយប្រហារបែបនេះ បានកើតឡើងនៅក្នុងខេត្ត Khyber Pakhtunkhwa ជាកន្លែងដែលពួកសកម្មប្រយុទ្ធ បានសម្លាប់មនុស្សយ៉ាងតិច ១០១ នាក់ ដែលភាគច្រើនជាមន្ត្រីប៉ូលិស។
មន្ត្រីរដ្ឋាភិបាល និងគណបក្សនយោបាយដែលកំពុងចូលរួមក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែកុម្ភៈ បានត្រឹមតែថ្កោលទោសការវាយប្រហារនេះ ខណៈអាជ្ញាធរបាននិយាយថា ការបោះឆ្នោតនឹងមិនត្រូវបានពន្យារពេលដោយសារតែការកើនឡើងនៃការវាយប្រហារទាំងនេះទេ៕