ខណៈដែល​អឺរ៉ុប​បាន​ធានា​មូលនិធិ​ជំនួយឥតសំណង​រហូត​ដល់ ​៥០​ ពាន់​លាន​អឺរ៉ូ​សម្រាប់​ការចំណាយ​ដល់​រដ្ឋាភិបាល​​អ៊ុយ​ក្រែ​ន​លើ​កិច្ចការរដ្ឋបាល ប្រាក់ខែ​មន្ត្រី ប្រាក់​សោធន៍​និវត្តន៍ និង​សេវា​មូលដ្ឋាន​ដទៃទៀត រហូតដល់​ ២០២៧ សហរដ្ឋ​អាមេរិក​ដែលជា​អ្នកគាំទ្រ​ធំ​បំផុត​អ៊ុយ​ក្រែ​ន​ក្នុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី​នៅតែ​ជាប់គាំង​ក្នុងការ​ទម្លាក់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​ផ្ទុះឡើង​។​

​ហេតុការណ៍​កើតឡើង​ចុងក្រោយ​នៅ​សហរដ្ឋអាមេរិក​បង្ហាញ​ថា រដ្ឋបាល​ប្រធានាធិបតី​របស់លោក ចូ បៃ​ដិ​ន បានចេញ​ជំទាស់​ច្បាប់​ថ្មី​មួយ​ដែល​បង្កើត​ដោយ​រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណ​​រដ្ឋ​ដែល​ទទួលរង​ឥទ្ធិពល​ពី​អតីត​ប្រ​ធានា​ធិបតី ដូ​ណា​ល់ ត្រាំ ចង្អុល​ឱ្យ​រដ្ឋបាល​លោក បៃ​ដិ​ន​គិតតែ​បញ្ហា​នៅ​អ៊ីស្រា​អែល ដោយ​មើលរំលង​អ៊ុយ​ក្រែ​ន និង​បញ្ហា​សន្តិសុខ​។​

​ភាពមិន​ចុះសម្រុង​គ្នា​រវាង​ស្ថាប័ន​កំពូល​ទាំង​ ​២ គឺ​ស្ថាប័ន​ប្រធានាធិបតី​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​សភាតំណាងរាស្ត្រ ឬ​ហៅថា សភា​ជាន់​​ទាប ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​បានកើត​ឡើងជា​ថ្មី​ក្រោយ​សេត​វិមាន​បាន​អះអាង​ពី​លទ្ធភាព​ច្រានចោល​ច្បាប់​ផ្តល់ជំនួយ​ដល់​អ៊ី​ស្រា​អែល​ដែល​តាក់តែងឡើង​ដោយ​សភា​ដែល​ដឹកនាំ​គណបក្ស​សាធារណ​​រដ្ឋ​កាលពី​ចុង​សប្តាហ៍​កន្លង ហើយ​ត្រូវ​សេត​វិមាន​ចោទថា​ «​ជា​ឧបករណ៍​ន​យោ​បាយ​ដ៏​សែន​អាក្រក់​»​។​

​វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានចេញ​សេចក្តីប្រកាស​មួយ​កាលពី​ថ្ងៃ​ន្ទ ដោយ​អះអាងថា ប្រធានាធិបតី​ចូ​បៃ​ដិ​ន (Joe Biden)​ នឹង​វេតូ​លើ​ច្បាប់​ផ្តល់ជំនួយ​តែមួយ ដែល​បាន​ស្នើឡើង​សម្រាប់តែ​អ៊ី​ស្រា​អែល​ដោយ​មិនបាន​ខ្វល់ខ្វាយ​រឿង​កញ្ចប់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន​។​

​ចាប់តាំងពី​ចុងឆ្នាំ​ ២០២៣ រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ធ្លាប់បាន​ស្នើច្បាប់​ចំណាយ​ដែល​នឹងត្រូវ​ផ្តល់ជំនួយ​យោធា​យ៉ាងច្រើន​ដល់​អ៊ុយ​ក្រែ​ន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ដែល​រហូតដល់​ពេលនេះ​អូសបន្លាយ​ជិត​ ២ ​ឆ្នាំ ប៉ុន្តែ​សេចក្តីស្នើច្បាប់​នោះ​ត្រូវ​រារាំង​ដោយ​រដ្ឋសភា​ដែលជា​អ្នកចង្អុល​ទិស​ឱ្យ​រដ្ឋាភិបាល​ចាយ​។​

​ច្បាប់​ចំណាយ​សម្រាប់​ផ្តល់ជំនួយ​ឱ្យ​អ៊ី​ស្រា​អែល​នេះ​រៀបចំឡើង​ដោយ​ប្រធាន​សភា​លោក Mike Johnson កាលពី​សប្តាហ៍​មុន កើតមានឡើង​ដោយ​មិន​អើពើ​ច្បាប់​ដែលមាន​ទឹកប្រាក់​ចំនួន​ ១១៨,២​ ពាន់​លាន​ដុល្លារ​របស់​ព្រឹទ្ធសភា​ ដែល​នឹង​ផ្តល់​អំណាច​ដល់​ប្រធានាធិបតី​ក្នុងការ​​រឹតបន្តឹង​លើ​ការឆ្លង​ដែន​របស់​ជន​ចំណាក​ស្រុក​ខុសច្បាប់​នៅ​ព្រំដែន​ភាគខាងត្បូង​ព្រមទាំង​ផ្តល់ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដល់អ៊ី​ស្រា​អែល និង​អ៊ុយ​ក្រែ​ន​។​

​សេចក្តីថ្លែងការណ៍​នោះ​សរសេរថា​៖ «​រដ្ឋបាល​បាន​ចំណាយពេល​ជាច្រើន​ខែ​ធ្វើការ​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ទ្វេ​បក្ស (bipartisan)​ ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិសុខ​ជាតិ​ដែល​ធានា​ព្រំដែន និង​ផ្តល់​ការគាំទ្រ​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន និងអ៊ី​ស្រា​អែល ខណៈពេលដែល​ការផ្តល់​ជំនួយ​មនុស្សធម៌​ដែល​ត្រូវ​ការ​ច្រើន​ដល់​ជន​ស៊ីវិល​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជម្លោះ​ជុំវិញ​ពិភពលោក​»​។​

​សេត​វិមាន​បាន​សរសេរ​នៅក្នុង​សេចក្តី​​ថ្លែងការណ៍​ចោទប្រកាន់​ការរៀបចំ​តាក់​តែង​ច្បាប់​ថ្មី ថា​ជា​ឧបករណ៍​នយោបាយ​ដ៏​សែន​អាក្រក់​បំផុត​។​

​ប្រធានរដ្ឋសភា​លោក ​Johnson គ្រោង​នឹង​ជំរុញ​ច្បាប់​គាំទ្រ​ដល់​អ៊ីស្រា​អែល ដែលមាន​ទឹកប្រាក់​ ១៧,៦​ ពាន់​លាន​ដុល្លារ​ដោយ​គ្មាន​ខ្វល់​រឿង​ផ្សេង ហើយ​បង្កើន​សម្ពាធ​លើ​លោក​បៃ​ដិ​ន​ដែល​ធ្លាក់​ប្រជាប្រិយភាព​៕