ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​ហូឡង់​ បាន​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែលអះ​អាង​​ថា​ រដ្ឋាភិបាល​ចិន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​លើ​បណ្ដាញ​យោធា​ហូឡង់​ កាល​​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

ស្ថានទូត​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​​នា​ថ្ងៃ​ពុធ​នេះ​ថា​ ប្រទេស​ចិន ​នឹង​មិន​អនុញ្ញាត​ឱ្យ​​អង្គភាព​ ឬ​បុគ្គល​ណា​មួយ​របស់​ចិន​ ធ្វើ​សកម្មភាព​ខុស​ច្បាប់​ ដូច​ជា​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត ​ឬ​ប្រើ​ប្រាស់​មធ្យោបាយអ្វី​មួយ​​​របស់​ចិន​ សម្រាប់​ការ​វាយ​ប្រហារ​បែប​នេះ​ឡើយ​។​

​​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិន​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​​ចិន​ប្រឆាំង​នឹង​ការ​​លើក​ឡើង​បែប​ព្យាបាទ ​និង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ ហើយ​ធ្វើ​ការ​តស៊ូ​មតិ​​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ ដើម្បី​ការពា​រ​សន្តិសុខ​តាម​អ៊ិនធឺណិត​តាម​រយៈ​ការ​សន្ទនា ​និង​កិច្ច​សហប្រតិបត្តិការ​»​។ 

អ្នក​នាំ​ពាក្យ​ដដែល​បន្ត​ថា​៖ «​រដ្ឋាភិបាល​ចិន​តែង​តែ​ប្រឆាំង​ដាច់​ខាត​ និង​បង្ក្រាប​រាល់​ទម្រង់​នៃ​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​ ស្រប​តាម​ច្បាប់​របស់​ខ្លួន​»​។

​កាល​ពី​ថ្ងៃ​អង្គារ​ ​​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​ហូឡង់​បាន​​និយាយ​ថា​ ​ចារកម្ម​តាម​អ៊ិនធឺណិ​ត​ដែល​គាំទ្រ​ដោយ​រដ្ឋ​ចិន​ ​​បាន​ហ៊ែក​ចូល​ប្រើ​ប្រាស់​បណ្តាញ​យោធា​ហូឡង់​កាល​ពី​ឆ្នាំ​មុន​​ ដោយ​ចាត់​ទុក​ថា​ សកម្ម​ភាព​​បែប​នេះ​គឺ​ជា​​ផ្នែក​មួយ​នៃ​និន្នាការ​​ចារកម្ម​នយោបាយ​របស់​ចិន​ ប្រឆាំង​នឹង​ហូឡង់​ និង​សម្ព័ន្ធ​មិត្ត​​។

នេះ​ជា​លើក​ទី​​១​ហើយ​ ដែល​ប្រទេស​ហូឡង់​បាន​ចោទ​ប្រកាន់​ជា​សាធារណៈ​ថា​ចិន​ជាប់​ពាក់​ព័ន្ធ​នឹង​​ចារកម្ម​តាម​អ៊ិនធឺណិត​ ​ខណៈ​​ភាព​តាន​តឹង​ផ្នែក​សន្តិសុខ​ជាតិ​កើន​ឡើង​រវាង​ប្រទេស​ទាំង ​​២​។

បើ​តាម​​ទីភ្នា​ក់ងារ​ស៊ើប​ការណ៍​​សម្ងាត់​ហូឡង់​ដដែល​ ពួក​​ជន​អនាមិក​ (ហ៊ែកឃើរ​) ​បាន​ដាក់​មេរោគ​សូហ្វវែរ​ចូល​ទៅ​ក្នុង​បណ្ដាញ​​អ៊ិនធឺណិត​​​​កង​កម្លាំង​ប្រដាប់​អាវុធ​ហូឡង់​ ដែល​ប្រើសម្រាប់​ការ​ស្រាវ​ជ្រាវ​​​សម្ងាត់​​ដោយ​មនុស្ស​ ៥០ ​នាក់​។ 

ការ​ច្រាន​ចោលរបស់​ចិន​លើ​ការ​ចោទ​ប្រកាន់​របស់​ហូឡង់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ចិន​កាល​ពី​ថ្ងៃ​អង្គារ​ បាន​​ច្រាន​​ចោល​អំពីទំនាក់​ទំនង​ជាមួយ​ក្រុម​​ហ៊ែកឃើរចិន​​ ​ដែល​រដ្ឋាភិបាល​ហ្វីលីពីន​អះអាង​​ថា​ ប៉ុង​ប៉ង​ហ៊ែក​ចូល​គេហទំព័រ​រដ្ឋាភិបាល​ហ្វីលីពីន​៕​