អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្មាំ២០២៤ ​បាន​សម្តែង​ការមិន​ពេញចិត្ត និង​បង្ហាញ​ពី​គោលជំហរ​ប្រឆាំង​ចំពោះ​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់​ស​ហ​រដ្ឋ​អាមេរិក ​ដែល​បាន​ចូលរួម​គាំទ្រ​ក្រុម​សកម្មជន ​ដែល​បានធ្វើ​កុបកម្ម​នៅ​ទីក្រុង​ហុងកុង ​ដែល​ពួកគេ​បាន​ភៀសខ្លួន​ចេញទៅ​សហរដ្ឋអាមេរិក។

ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​វ៉ាង វឹ​ន​ពិន (Wang Wenbin) ជាការ​ឆ្លើយតប​ទៅកាន់​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក ដា​នី​ញែ​ល គ្រី​តេន​ប្រ៊ី​ង (Daniel J. Kritenbrink) ដែល​បានទទួល​ជួបប្រជុំ​ជាមួយ​សមាជិក​ក្រុម​អ្នកបះបោរ​ហុងកុង​ចំនួន ៤ នាក់ ដែល​បាន​ចាក​ចេញពី​ហុងកុង។

លោក វ៉ាង ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «បុគ្គល​ទាំងនេះ ត្រូវ​បានដាក់​ក្រោម​ការសង្ស័យថា ​បាន​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ»។ លោក​ក៏បាន​ជំរុញ​ប៉ូលិស​ហុងកុង ឱ្យចេញ​ដីកាចាប់ខ្លួន​ពួកគេ ដោយ​បញ្ជាក់ថា វិធានការ​ចាប់ខ្លួន​នេះ​គឺ​ស្របទៅនឹង​ច្បាប់​អន្តរជាតិ និង​ច្បាប់​ទំនៀមទម្លាប់។

លោក វ៉ាង បាន​បន្ថែមថា សហរដ្ឋអាមេរិក​ អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​របស់ខ្លួន​ហួស​ពី​ព្រំដែន​កំណត់ ពោលគឺ​អាមេរិក​បានចេញ​មុខ​គាំទ្រ​ក្រុម​កុបកម្ម​នៅ​ហុងកុង ហើយ​នេះ​មិន​ត្រឹមតែ​មិន​គោរព​នីតិរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​ស្តង់ដា ២ ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។

លោក វ៉ាង​បាន​សង្កត់ធ្ងន់ថា បញ្ហា​នៅ​ហុងកុង​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​តែ ១គត់ មិន​បើកចំហ​ឱ្យមាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ឡើយ។ លោក​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ពិចារណា​ចំពោះ​ទង្វើ​របស់ខ្លួន និង​គោរព​ឱ្យបាន​ពេញលេញ​នូវ​អធិបតេយ្យភាព និង​សិទ្ធិអំណាច​ផ្លូវច្បាប់​របស់​ចិន​នៅក្នុង​ទីក្រុង​ហុងកុង។

លោក វ៉ាង​បាន​ថ្លែងថា ៖ «សហរដ្ឋអាមេរិក​មិនគួរ​ក្លាយជា​ប្រទេស​ដែល​ទទួលយក​ឧក្រិដ្ឋជន​ទៅ​រស់​នៅឡើយ។ ប្រទេស​ចិន​ប្តេជ្ញា​ការពារ​អធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន៍​របស់ខ្លួន»។ លោក​បាន​ព្រមាន​ថា រាល់​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​ហុងកុង ឬ​ធ្វើឱ្យ​ខូច​ដល់​នីតិរដ្ឋ នោះ​ចិន​នឹងធ្វើ​ការឆ្លើយតប​យ៉ាង​ចាស់ដៃ​ត្រឡប់​ទៅវិញ៕