អ៊ីស្រាអែល ដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមកម្ចាត់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដែនដីប៉ាឡេស្ទីន បានជូនដំណឹងនៃការស្លាប់របស់ចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលមនុស្សជាច្រើននៅក្នុងប្រទេសស្លុតចិត្តកាលពីថ្ងៃទី៦ ខែកុម្ភៈ ខណៈពេលដែលវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនៅតំបន់មជ្ឈិមបូព៌ាដើម្បីសម្រេចបាននូវបទឈប់បាញ់ថ្មីមួយ។
ដំណឹងដែលប្រកាសដោយយោធាអ៊ីស្រាអែល ដែលថា៖«យ៉ាងហោចណាស់ ១ ភាគ ៥ នៃចំណាប់ខ្មាំង ដែលនៅសេសសល់បានបានស្លាប់ហើយ»ទំនងជាធ្វើឲ្យមានការខឹងសម្បាកាន់តែអាក្រក់ឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ដែលការជជែកដេញដោលជុំវិញសកម្មភាពរបស់រដ្ឋាភិបាលនៅតំបន់ហ្គាហ្សាទាក់ទងនឹងចំណាប់ខ្មាំងបានក្លាយជាការបែកបាក់។
មន្ត្រីចារកម្មអ៊ីស្រាអែល បានសន្និដ្ឋានថា យ៉ាងហោចណាស់ចំណាប់ខ្មាំង ៣០ នាក់ ក្នុងចំណោមចំណាប់ខ្មាំង១៣៦ នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ និងសម្ព័ន្ធមិត្តកាលពីថ្ងៃទី៧ ខែតុលា បានស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។ នេះបើយោងតាមការវាយតម្លៃសម្ងាត់ដែលត្រូវបានពិនិត្យដោយកាសែត The New York Times ។
សាកសពរបស់ជនជាតិអ៊ីស្រាអែល ២ នាក់ ផ្សេងទៀត ដែលត្រូវបានសម្លាប់នៅក្នុងឆ្នាំ២០២៤ ក្នុងអំឡុងពេលសង្គ្រាមពីមុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវបានឃុំខ្លួននៅក្នុងទឹកដីចាប់តាំងពីពេលនោះមក ដែលនាំឱ្យចំនួនចំណាប់ខ្មាំងដែលត្រូវបានសម្លាប់នៅក្នុងហ្គាហ្សា សរុបមានយ៉ាងហោចណាស់ ៣២ នាក់។
រដ្ឋាភិបាលអ៊ីស្រាអែល កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាមនុស្ស ៣១នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់។ ភាពខុសគ្នារវាងតួលេខទាំង២មិនអាចផ្សះផ្សាបានភ្លាមៗទេ។
ឧត្តមនាវីទោ Daniel Hagari អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែល បបាននិយាយនៅថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍អំពីការស្លាប់ចំណាប់ខ្មាំង ដែលមិនបង្ហាញពីមុនថា៖ «យើងបានជូនដំណឹងដល់គ្រួសារចំណាប់ខ្មាំងចំនួន ៣១ នាក់ ថា មនុស្សជាទីស្រឡាញ់របស់ពួកគេដែលត្រូវបានចាប់ខ្លួនគឺលែងស្ថិតក្នុងចំណោមអ្នកដែលនៅរស់ ហើយថាយើងបានប្រកាសថាពួកគេបានស្លាប់»។
មន្ត្រី ៤ នាក់ បាននិយាយថា មន្ត្រីចារកម្មអ៊ីស្រាអែល ក៏កំពុងវាយតម្លៃព័ត៌មានដែលមិនបានបញ្ជាក់ដែលបង្ហាញថាចំណាប់ខ្មាំងយ៉ាងហោចណាស់ ២០នាក់ផ្សេងទៀត ប្រហែលជាត្រូវបានសម្លាប់ផងដែរ។
ចំណាប់ខ្មាំងជាង ២៤០ នាក់ ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលជំរុញឱ្យអ៊ីស្រាអែលសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា ហើយបន្ទាប់មកមានការឈ្លានពានលើដី។
ប្រហែលពាក់កណ្តាលនៃចំណាប់ខ្មាំងត្រូវបានដោះលែង ស្ទើរតែទាំងអស់ក្នុងអំឡុងពេលបទឈប់បាញ់បណ្តោះអាសន្នកាលចុងខែវិច្ឆិកា២០២៣ នៅពេលដែលពួកគេត្រូវបានប្តូរសម្រាប់អ្នកទោសនិងអ្នកឃុំឃាំងប៉ាឡេស្ទីន ២៤០ នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។
ចាប់តាំងពីបទឈប់បាញ់នោះមក រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សានឹងត្រួសត្រាយផ្លូវដល់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។
ប៉ុន្តែអ្នកនៅរស់ និងក្រុមគ្រួសារនៃចំណាប់ខ្មាំងបាននិយាយថា យុទ្ធនាការយោធាកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាទីស្រឡាញ់របស់ពួកគេ៕