ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ ​ស៊ីនហួ​​ ​បាន​រាយការណ៍​ថា​ ប្រទេស​ចិន​ នៅ​ថ្ងៃ​ពុធ​ បាន​បើក​សម្ពោធ​ស្ថានីយ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​​នៅ​សមុទ្រ​​រ៉ូស​​នៃ​​ទ្វីប​​​ទឹក​កក​អង់តាក់ទិក​​ នា​ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​អូស្ត្រាលី​ និង​នូវែលសេឡង់​ ជា​លើក​ដំបូង​។​

បើ​តាម​ស៊ីនហួ​ ស្ថានីយស្រាវ​ជ្រាវ ដែល​​​មាន​ឈ្មោះ​ថា​​ Qinling នឹង​ដាក់​​បុគ្គលិក​ប្រចាំ​ការ​ពេញ​​ ១​ ឆ្នាំ​ ជាមួយ​នឹង​​គ្រឿង​​ផ្គត់​ផ្គង់​សម្រាប់​មនុស្ស​រហូត​ដល់​ ៨០ នាក់​ នា​រដូវ​ក្ដៅ​។ ​ស្ថានីយនេះ​មាន​ទី​តាំង​​​នៅ​លើ​​​ឆ្នេរ​ថ្ម​នៃ​កោះ ​Inexpressible ​ក្នុង​សមុទ្រ​​រ៉ូស​ ​(Ross Sea) និង​​ស្ថិត​នៅ​ជិត​ស្ថានីយ៍​ស្រាវ​ជ្រាវ​របស់​អាមេរិក ​​McMurdo ​ដែល​មាន​មនុស្ស​ប្រចាំ​ការ​ជា​អចិន្ត្រៃយ៍​​​។

​​ក្នុងរបាយការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា​​ ​​មជ្ឈ​មណ្ឌល​សិក្សា​យុទ្ធ​សាស្ត្រ​ និង​អន្តរជាតិ​ (CSIS) បាន​​និយាយ​ថា​​ ស្ថានីយ ​​Qinling​​ រំពឹង​ថា​នឹង​មាន​កន្លែង​​សង្កេតដោយ​​​ប្រើ​​​ផ្កាយ​រណបនៅ​​​លើ​ដីមួយ​​​ ហើយ​វា​នៅ​ចំ​ទី​កន្លែង​​យ៉ាង​ល្អ​ដើម្បី​ប្រមូល​សញ្ញា​ស៊ើបការណ៍រំលង​​លើ​ប្រទេស​អូស្ត្រាលី ​និង​នូវែលសេឡង់​។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​កាល​ពី​ខែ​មេសា​ ឆ្នាំ​មុន​ បាន​និយាយ​ថា​ ការ​ព្រួយ​បារម្ភ​ពី​បណ្តា​ប្រ​ទេស​រួម​ទាំង​អូស្ត្រាលី​ ដែល​ថា​ចិន​​​អាច​ប្រើ​ប្រាស់​ស្ថានីយ៍​​ស្រាវ​ជ្រាវ​របស់​ខ្លួន​ សម្រាប់​​ការ​ឃ្លាំ​មើល​​ប្រ​ទេស​ដទៃ​ គឺ​ជា​ការ​មិន​ចាំ​បាច់​ ហើយ​ថា​ ស្ថានីយ៍​នេះ​កសាង​ឡើង​សម្រាប់​​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព​នៃ​ប៉ូល​ខាង​ត្បូង​។​

​ស៊ីនហួ​​បាន​រាយការណ៍​ថា​​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីនភីង​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​​បើក​ស្ថានីយស្រាវ​ជ្រា​វ​នេះ​ និង​បាន​ជំរុញ​ឱ្យ​បុគ្គលិក​ស្ថានីយ៍​ត្រូវ​តែ​​ដឹង​​ ការពារ​​ហើយ​​ប្រើ​ប្រាស់​តំបន់​ប៉ូល​ខាង​ត្បូង​ រួម​ជា​មួយ​នឹង​សហគមន៍​អន្តរជាតិ​។

ការ​សាង​សង់​ស្ថានីយ Qinling ​បាន​ចាប់​ផ្តើម​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៨​ ប៉ុន្តែ​ត្រូវ​បា​ន​ពន្យារពេល​ដាក់​ឱ្យ​ដំណើរ​ការ​ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាត​ត្បាត​កូវីដ​១៩​។  ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​មុ​ន​ ប្រទេស​ចិន​បាន​បញ្ជូន​កង​នាវា​ចម្បាំង​ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅ​ទ្វីប​អង់តាក់ទិក​ ដែល​មាន​យោធា​​ជាង​ ៤៦០ នាក់​ ​​ទៅ​កាន់​ទីតាំង​​ផ្ទាល់​​ ដើម្បី​ជួយបញ្ចប់​ការ​សាង​សង់​ស្ថានីយនេះ​។​

ស្ថានីយ​ Qinling គឺ​ជា​ស្ថានីយ​ស្រាវ​ជ្រាវ​ទី​៥​ របស់​ចិន​ នៅ​អង់តាកទិក​ ដោយ​ប្រទេស​នេះ​​មាន​ស្ថានីយ៍​ស្រាវ​ជ្រាវ​ចំនួន​ ៤​ ផ្សេង​ទៀត​​ នៅ​​តាម​ផ្នែក​ផ្សេង​ៗ​នៃ​ទ្វីប​ទឹក​កក​ដដែល​ ​​​ដោយ​បាន​សាង​សង់​​ចន្លោះ​ពី​ឆ្នាំ​ ១៩៨៥-២០១៤ ដែល​ក្នុង​នោះ​​រួម​មាន​ស្ថានីយ ​Zhongshan ស្ថានីយ​Taishan ស្ថានីយ​ Kunlun ​និង​ស្ថានីយ​ Great Wall​ ជា​ដើម​៕