ប្រទេសអាល្លឺម៉ង់ ស្ថិតនៅតំបន់អឺរ៉ុប និងម៉ុងហ្គោលី នៅចន្លោះមហាអំណាចរុស្ស៊ី និងចិន កំពុងបង្កើនទំនាក់ទំនងទ្វេភាគីចូលទៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ខណៈដែលប្រទេសទាំង ២ ចង់ធ្វើការកាន់តែជិតស្និទ្ធលើផ្នែកគោលនយោបាយមួយចំនួន រួមទាំងក្នុងឧស្សាហកម្មរ៉ែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រ៉យទ័រដែលបានឃើញកិច្ចសន្យាជាមួយប្រទេសសម្បូរធនធានម៉ុងហ្គោលី នឹងត្រូវចុះហត្ថលេខានៅថ្ងៃពុធ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier ទៅកាន់ម៉ុងហ្គោលី។
ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មរ៉ែ ម៉ុងហ្គោលីចង់គាំទ្រមហិច្ឆតារបស់អាល្លឺម៉ង់សម្រាប់កៅអីអចិន្រៃ្តយ៍នៅលើក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។អាល្លឺម៉ង់ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ចង់គាំទ្រម៉ុងហ្គោលីនៅតំបន់អាស៊ីបូព៌ានេះជាមួយនឹងកំណែទម្រង់ប្រព័ន្ធតុលាការ និងផ្លូវច្បាប់។
លើសពីនេះ សក្តានុពលដ៏ធំសម្បើមរបស់ប្រទេសម៉ុងហ្គោលី សម្រាប់ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យគឺត្រូវបានពង្រីកដើម្បីជួយប្រទេសនេះប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
អាល្លឺម៉ង់ក៏ចង់ជួយប្រទេសនៅចន្លោះមហាអំណាចចិន និងរុស្ស៊ី ជាមួយនឹងការអប់រំកាន់តែប្រសើរឡើង និងការលើកកម្ពស់ក្រុមហ៊ុនខ្នាតតូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចផងដែរ។ កិច្ចព្រមព្រៀងវត្ថុធាតុដើមត្រូវបានសម្រេចរួចហើយជាមួយម៉ុងហ្គោលីក្នុងឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់អធិការបតីដ៏មានឥទ្ធិពល Angela Merkel។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ុងហ្គោលី ទៅកាន់ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២២ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានរំឭកឡើងវិញនូវបំណងប្រាថ្នាសម្រាប់កិច្ចសហប្រតិបត្តិការទាំងនេះ៕