​ក្រុមនិស្សិត​ឥណ្ឌូនេស៊ី​ រាប់រយ​នាក់ បានចេញ​ធ្វើបាតុកម្ម​ដ៏​កម្រ​ទាមទារ​ឱ្យ​មេដឹកនាំ​ប្រទេស​លោក ចូ​កូ វី​ដូ​ដូ រក្សា​អព្យាក្រឹតភាព​របស់ខ្លួន​មុន​ការបោះ​​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្ងៃទី​​ ១៤ ខែកុម្ភៈ​ខាងមុខ​។

​សេចក្តីរាយការណ៍​រប​ស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រ បានឱ្យដឹងថា សិស្ស​-​និស្សិត​ប្រមាណ​ជិត​ ២ ០០០​ នាក់ ដែល​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា ត្រូវគេ​ដឹងថា​ចូលរួម​ការប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​កណ្ដាល​រដ្ឋធានី​ហ្សា​ការ​តា ដោយ​ទាម​ទារ​លោក ចូ​កូ ដែល​ជិត​ផុត​អាណត្តិ​នោះ កុំឱ្យ​បង្ហាញ​និន្នាការ​គាំទ្រ​ទៅលើ​បក្ខពួក​ណាមួយ​។​

​សកម្មជន​និស្សិត និង​ជា​អ្នករៀបចំ​ការតវ៉ា លោក Tegar Afriansyah​ និយាយថា​៖«​យើង​ចង់​ធ្វើឱ្យ​សាធារណជន​ដឹងថា លោក ចូ​កូ វី​ដូ​ដូ គឺជា​តួអង្គ​សំខាន់​នៅ​ពីក្រោយ​ការបោះឆ្នោត​ដោយ​អយុត្តិធម៌​»​។ លោក​បន្ថែមថា ការតវ៉ា​ស្រដៀង​គ្នា​បែបនេះ​អាច​នឹងធ្វើ​ឡើង​នៅ​ទូទាំងប្រទេស​នៅពេល​ក្រោយ​។​

​លោក ចូ​កូ មិនបាន​បង្ហាញ​ការគាំទ្រ​បេក្ខភាព​ណាមួយ​ច្បាស់លាស់​នោះទេ​។ ប៉ុន្តែ​លោក​បាន​បង្ហាញខ្លួន​ជា​សាធារណៈ ជាមួយនឹង​បេក្ខជន​ប្រធានាធិបតី​ជួរមុខ គឺ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិលោក Prabowo Subianto ដែល​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​តំណែង​ជា​ប្រធានាធិបតី ជាមួយ​លោក Gibran Rakabuming Raka ដែលជា​កូនប្រុស​របស់លោក ចូ​កូ ក្នុង​តំណែង​ជា​អនុ​ប្រធានាធិបតី​។  

​ក្រោម​បញ្ហា​នេះ លោក ចូ​កូ បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​កាន់តែច្រើន​ឡើង អំពី​ការបំពាន​ក្រមសីលធម៌ និង​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​បោះឆ្នោត ជាពិសេស បន្ទាប់ពី​តុលាការ​កំពូល​ប្រទេស​នេះ​ បាន​កែប្រែ​ច្បាប់​ស្តីពី​សិទ្ធិ​ឈរឈ្មោះ​សម្រាប់​បេក្ខជន​កាលពី​ខែតុលា ដែល​អនុញ្ញាតឱ្យ លោក Gibran អាច​ឈរឈ្មោះ​ជាមួយ​លោក Prabowo​។​

​សកម្មជន​និស្សិត​ដដែល លោក Tegar បាន​លើកឡើងថា​៖«​យើង​ឆ្អែត​ហើយនឹង​ការជ្រៀតជ្រែក​របស់លោក​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​ ២០២៤ ជាពិសេស​ដើម្បី​ជួយ​ឧក្រិដ្ឋជន​សិទ្ធិ​មនុស្ស ឈ្នះ​ការបោះឆ្នោត​»​។ លោក​និយាយ​យ៉ាង​ដូច្នេះ​ថា ដោយ​សំដៅលើ​ Prabowo ដែល​រង​ការចោទប្រកាន់ថា​បាន​រំលោភសិទ្ធិ​មនុស្ស​នាពេល​កន្លងមក ជា​អ្វីដែល​លោក Prabowo បាន​ច្រានចោល​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក ចូ​កូ នៅតែ​ទទូច​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន ដោយ​រំពឹង​នឹង​ចេញ​ការ​ធានាថា លោក​នឹងមិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​បោះឆ្នោត​ណាមួយ​ឡើយ​។​​លោក ចូ​កូ វី​ដូ​ដូ បាន​កាន់តំណែង​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​​​ ២​ អាណត្តិ​៕