អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ប្រឈមការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រដែលលោកបានធ្វើអត្ថាធិប្បាយកាលពីជិត ១០ ឆ្នាំមុន ក្នុងបទសម្ភាសន៍មួយនៅឆ្នាំ ២០១៥ នៅប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមមន្ត្រីប៉ូលិសថៃដែលបានលើកឡើងកាលពីថ្ងៃអង្គារ។
ការចោទប្រកាន់នេះធ្វើឡើងនៅមុនថ្ងៃដោះលែងលោកឱ្យនៅក្រៅឃុំ បើទោះបីជាគេនៅមិនទាន់ច្បាស់នៅឡើយថា តើករណីនេះនឹងវិវឌ្ឍទៅជាយ៉ាងណាក៏ដោយ។ មហាសេដ្ឋីដែលកំពុងជាប់ពន្ធនាគាររូបនេះ គឺជាឥស្សរជននយោបាយចុងក្រោយបំផុតដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ។
ដើមចោទដែលបានដាក់ពាក្យបណ្ដឹងគឺក្រុមរដ្ឋាភិបាល យោធាដែលបានដណ្ដើមអំណាចបន្ទាប់ពីការផ្តួលរំលំរដ្ឋបាលរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ត្រូវជាប្អូនស្រីរបស់លោក ថាក់ស៊ីន កាលពីខែឧសភា ២០១៤។ យ៉ាងណាក៏ដោយ លោក ថាក់ស៊ីន តែងតែបានបង្ហាញភក្តីភាពចំពោះរបបរាជានិយមយ៉ាងខ្ជាប់ខ្ជួន។
លោក ប្រាយុធ ផេឆារ៉ាឃុន (Prayuth Pecharakun) អ្នកនាំពាក្យការិយាល័យអគ្គមេធាវីបានប្រាប់អ្នកសារព័ត៌មានថា ការយឺតយ៉ាវដោះស្រាយបណ្តឹងនេះគឺដោយសារតែលោក ថាក់ស៊ីនមិនមានវត្តមាននៅក្នុងប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។
មហាសេដ្ឋី ថាក់ស៊ីន ដែលធ្លាប់ជានាយករដ្ឋមន្ត្រីចំនួន ២ ដង មុនពេលត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារឆ្នាំ ២០០៦ បានត្រឡប់ចូលប្រទេសថៃវិញពីការនិរទេសខ្លួននៅបរទេសនៅក្នុងខែសីហាឆ្នាំ ២០២៣។ ពេលត្រឡប់ចូលប្រទេសវិញ លោកត្រូវបានចាប់ខ្លួនភ្លាមៗពីបទពុករលួយ និងបទរំលោភអំណាច។ ឥស្សរជនវ័យ ៧៤ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស ហើយបានធ្វើការវះកាត់យ៉ាងហោចណាស់ចំនួន ២ ដងមកហើយ។
លោក ប្រាយុធ បានបញ្ជាក់ថា ព្រះរាជអាជ្ញានឹងរង់ចាំប៉ូលិសបញ្ចប់ការស៊ើបអង្កេតសិន មុននឹងសម្រេចថាត្រូវបន្តសំណុំរឿងនេះឬអត់។ បន្ថែមពីលើនេះ លោកបានលើកឡើងថា លោក ថាក់ស៊ីន បានបដិសេធការចោទប្រកាន់នេះ ហើយបានផ្ញើលិខិតទៅអគ្គមេធាវី ដើម្បីស្នើឱ្យមានការត្រួតពិនិត្យ និងសម្រេចដោយយុត្តិធម៌។
នៅប្រទេសថៃ ការប្រមាថព្រះមហាក្សត្រគឺជាបទល្មើសធ្ងន់ធ្ងរ ដោយរដ្ឋធម្មនុញ្ញបានចែងថា ព្រះមហាក្សត្រគឺជាបុគ្គលដែលត្រូវធ្វើការគោរពសក្ការៈ។ ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រក្នុងប្រទេសថៃ គឺជាច្បាប់មួយក្នុងចំណោមច្បាប់ដ៏តឹងរ៉ឹងបំផុតនៅលើពិភពលោក ដោយមានការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ ១៥ ឆ្នាំ។ កន្លងមក អ្នករិះគន់បានអះអាងថា ច្បាប់នេះត្រូវបានគេប្រើប្រាស់ដើម្បីគាបសង្កត់ក្រុមប្រឆាំង។
ចាប់តាំងពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយយុវជននៅឆ្នាំ ២០២០ គេសង្កេតឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ជុំវិញការចោទប្រកាន់ក្រោមមាត្រា ១១២ នៃច្បាប់ប្រមាថព្រះមហាក្សត្រនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យ៉ាងហោចណាស់មនុស្សចំនួន ២៦០ នាក់ត្រូវបានកាត់ទោសនៅក្រោមច្បាប់នេះ។
ជាការកត់សម្គាល់ ការវិលត្រឡប់ចូលប្រទេសថៃវិញរបស់លោកថាក់ស៊ីនបានកើតឡើងស្របពេលដែលគណបក្សភឿថៃ (Pheu Thai Party) របស់លោក បានឡើងកាន់អំណាចដឹកនាំប្រទេស បន្ទាប់ពីយល់ព្រមក្នុងកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយជាមួយពួកយោធានិយម។ អំឡុងពេលនោះ ពាក្យចចាមអារ៉ាមជាច្រើនបានលេចឮថា គណបក្សភឿថៃបានចុះកិច្ចព្រមព្រៀងសម្ងាត់ដើម្បីជួយដល់លោកថាក់ស៊ីន ពាក់ព័ន្ធនឹងផ្លូវច្បាប់ដែលឃើញព្រះមហាក្សត្របានបន្ធូរបន្ថយទោសច្រើនឆ្នាំ៕