នៅថ្ងៃនេះ ប្រទេសប៉ាគីស្ថាន ដែលមានប្រជាជនច្រើនបំផុតទី៥ ក្នុងពិភពលោក រៀបចំការបោះឆ្នោតថ្នាក់ជាតិដែលមានប្រជាជន ១២៨ លាននាក់ បានចុះឈ្មោះបោះឆ្នោត។
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Al Jazeera គណបក្សដែលបានចុះបញ្ជីគឺមានរហូតដល់១៦៧ ខណៈដែលអំពើហិង្សាបានផ្ទុះឡើងយ៉ាងខ្លាំងនៅមុនថ្ងៃបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសេចក្តីរាយការណ៍រ៉យទ័រ អ្នកបោះឆ្នោតនៅប៉ាគីស្ថាន បានធ្វើដំណើរទាំងប្រថុយប្រថានទៅការិយាល័យបោះឆ្នោត បើទោះបីដឹងថា អសុវត្ថិភាពក៏ដោយ។
រ៉យទ័រ បានសម្ភាសអ្នកបោះឆ្នោត គឺលោក RehmatUllahMehsud អាយុ ៥៩ ឆ្នាំ ដោយបានរៀបរាប់ថា លោក និងសាច់ញាតិ ៣ នាក់ កំពុងធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់ទៅកាន់កន្លែង ដែលគ្រោះថ្នាក់បំផុតនៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីបោះឆ្នោត។
លោក Mehsud បាននិយាយថាគាត់និងសាច់ញាតិបានធ្វើដំណើរជាង ១៥០ គីឡូម៉ែត្រ (៩៥ ម៉ាយ) ទៅកាន់ស្រុកកំណើតរបស់គាត់នៅក្នុងតំបន់ South Waziristan ពីទីក្រុង Dera Ismail Khan ជាកន្លែង ដែលគ្រួសាររបស់គាត់បានផ្លាស់ប្តូរកាលពី ២០ ឆ្នាំមុន ដើម្បីគេចចេញពីតំបន់ ដែលបានក្លាយជាកន្លែងក្តៅនៃពួកសកម្មប្រយុទ្ធអ៊ិស្លាម។
អ្នកស្រុករាប់ម៉ឺននាក់ផ្សេងទៀត ក៏បានភៀសខ្លួនចេញពីតំបន់នេះផងដែរ ដោយសារតែក្រុមសកម្មប្រយុទ្ធ និងការបង្ក្រាបដោយយោធាដ៏ឃោរឃៅ។
«មានការភ័យខ្លាចពេញផ្ទៃប្រទេស តើកន្លែងណាមួយមានសុវត្ថិភាព»? លោក Mehsud បានប្រាប់រ៉យទ័រ នៅពេលគាត់ជិះរថយន្តកាលពីថ្ងៃពុធសម្រាប់ការធ្វើដំណើររយៈពេល៣ម៉ោងទៅកាន់តំបន់ដែលគ្រួសារនេះត្រូវបានចុះឈ្មោះជាអ្នកបោះឆ្នោត។
លោកបាននិយាយថា គ្រួសារនឹងស្នាក់នៅ ១ យប់ បោះឆ្នោតនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយត្រឡប់មកវិញភ្លាម។
លោកបានមានប្រសាសន៍ថា៖«ខ្ញុំនឹងបោះឆ្នោត ពីព្រោះលក្ខខណ្ឌ និងគោលនយោបាយដែលបានបន្តអស់រយៈពេល ២០ ឆ្នាំ អាចផ្លាស់ប្តូរប្រសិនបើបេក្ខជនល្អត្រូវបានបោះឆ្នោតឱ្យ»។
ការបោះឆ្នោតនៅប្រទេសប៉ាគីស្ថាន ដែលគ្មានវត្តមានអតីតនាយករដ្ឋមន្ត្រី Imran Khan ដែលត្រូវបានបណ្តេញចេញពីអំណាចកាលឆ្នាំ២០២២ តាមរយៈការបោះឆ្នោតដកទំនុកចិត្តរបស់សភា ក្រោយមានការចោទប្រកាន់ថា លោកបានឃុបឃិតជាមួយរដ្ឋបរទេស ហើយតុលាការប៉ាគីស្ថានកាលពីចុងខែមករាបានកាត់ទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។
ការបោះឆ្នោតទូទៅរបស់ប្រទេសប៉ាគីស្ថាន កំពុងត្រូវបានរៀបចំឡើង ចំពេលមានការកើនឡើងនៃអំពើហិង្សាដោយពួកសកម្មប្រយុទ្ធអ៊ិស្លាម ជាពិសេសក្រុម Tehreek-e-Taliban Pakistan (TTP) និងការកើនឡើងនៃក្តីបារម្ភលើសន្តិសុខសម្រាប់ដំណើរការនេះ។
ក្រុមសកម្មប្រយុទ្ធជនជាតិភាគតិចនៅក្នុងខេត្ត Balochistan នៅភាគនិរតីក៏បានបង្កើនការវាយប្រហារផងដែរ ហើយយ៉ាងហោចណាស់មនុស្ស ២៦ នាក់ ត្រូវបានសម្លាប់នៅទីនោះកាលពីថ្ងៃពុធ នៅក្នុងការបំផ្ទុះគ្រាប់បែកចំនួន ២ ដែលផ្តោតលើការិយាល័យគណបក្សនយោបាយ៕