ប្រទេសបង់ក្លាដែសកាលពីថ្ងៃពុធ បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីមីយ៉ាន់ម៉ាចូលប្រទេសទៀតឡើយ ខណៈចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលខ្លួនបានទទួលមានចំនួនច្រើនរួចទៅហើយ និងបានសម្តែងការព្រួយបារម្ភពីការគំរាមកំហែងដល់សន្តិសុខប្រទេស។
ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាមូស្លីម បានរងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសកាន់សាសនាព្រះពុទ្ធភាគច្រើនរាប់ទសវត្សរ៍មកហើយ។ ជនជាតិរ៉ូហ៊ីងយ៉ាជិតមួយលាននាក់បានរស់នៅក្នុងជំរំធ្វើពីឫស្សី និងប្លាស្ទិកនៅក្នុងទីក្រុង Cox's Bazar របស់ប្រទេសបង់ក្លាដែស ដោយភាគច្រើននៃពួកគេបានរត់គេចពីការបង្ក្រាបដោយរបបយោធាកាលពីឆ្នាំ ២០១៧ នោះ។
មេដឹកនាំយោធាមីយ៉ាន់ម៉ាបានចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាថា ជាជនបរទេសជ្រៀតជ្រែកនិងបានបដិសេធមិនទទួលស្គាល់នូវសញ្ជាតិរបស់ពួកគេដែលប្រការនេះហើយបានធ្វើឱ្យបង់ក្លាដែសមានក្តីសង្ឃឹមតិចតួចក្នុងការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកាន់រដ្ឋ Rakhine របស់មីយ៉ាន់ម៉ាដែលជាទីលំនៅដ៏ធំបំផុតរបស់ជនជាតិភាគតិចមួយនេះ។
លោក Obaidul Quader រដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោកនិងស្ពានបង់ក្លាដែសបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះថា៖ «យើងនឹងមិនអនុញ្ញាតឱ្យជនជាតិរ៉ូហ៊ីងយ៉ាចូលប្រទេសទៀតទេព្រោះពួកគេបានក្លាយជាបន្ទុកសម្រាប់យើងរួចទៅហើយ»។
មួយរយៈចុងក្រោយនេះមនុស្សរាប់រយនាក់ដែលភាគច្រើនមកពីក្រុមជនជាតិភាគតិច Chakma និងខ្លះទៀតជាជនជាតិ Rohingya បានប្រមូលផ្តុំគ្នានៅតាមព្រំដែនមីយ៉ាន់ម៉ាដើម្បីឆ្លងចូលប្រទេសបង់ក្លាដែសខណៈដែលការប្រយុទ្ធគ្នារវាងកងកម្លាំងឧទ្ទាមមីយ៉ាន់ម៉ានិងរបបយោធារបស់ខ្លួនកាន់តែខ្លាំងឡើង។ នេះបើតាមការលើកឡើងរបស់លោក Mohammad Mizanur Rahman ស្នងការផ្តល់ជំនួយសង្គ្រោះនិងធ្វើមាតុភូមិនិវត្តន៍របស់បង់ក្លាដែសដែលមានមូលដ្ឋាននៅទីក្រុង Cox's Bazar ។
លោក Rahman បាននិយាយទៀតថាបង់ក្លាដែសបានទទួលបន្ទុកលើសហើយសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាដោយរយៈពេល៧ឆ្នាំហើយបង់ក្លាដែសមិនអាចធ្វើមាតុភូមិនិវត្តន៍ពួកគេបាន។
លោកបញ្ជាក់ថា៖ «ការរក្សាជនមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែសបានក្លាយទៅជាការគំរាមកំហែងដល់សន្តិសុខច្បាប់និងសណ្តាប់ធ្នាប់របស់យើងវាកំពុងបង្កើតស្ថានភាពងាយរងគ្រោះសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន»។
ដោយឡែក លោក Shariful Islam ជាអ្នកនាំពាក្យរបស់ឆ្មាំព្រំដែនបង់ក្លាដែសបាននិយាយថាយ៉ាងហោចណាស់ទាហាននិងប៉ូលិសព្រំដែនចំនួន ៣២៧ នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ដែលខ្លះមានរបួសដោយគ្រាប់កាំភ្លើងបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះចំពេលមានការវាយប្រការកំពុងកើនឡើង។
ស្របពេលជាមួយគ្នានេះដែររដ្ឋមន្ត្រីបង់ក្លាដែសលោក Quader បាននិយាយថាក្រុង Dhaka កំពុងពិភាក្សាជាមួយឥណ្ឌា និងចិនដើម្បីធានាថា ជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាដែលនៅជិតខាងមិនប៉ះពាល់ដល់បង់ក្លាដែស។
លើសពីនេះទៅទៀតប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារក៏បានកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងនៃអំពើហិង្សានៅតាមព្រំដែនដែលបានសម្លាប់មនុស្ស ២ នាក់ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ាម្នាក់នៅលើទឹកដីបង់ក្លាដែសផងដែរ៕