ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង ​​KCNA ​​បាន​រាយការណ៍​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សភា​ប្រជាជន​​​កូរ៉េ​ខាង​ជើង (SPA)​ បាន​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​លុប​ចោល​កិច្ច​ព្រម​ព្រៀង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ទាំង​​អស់​​​​​ជាមួយ​កូរ៉េ​ខាង​ត្បូង​ ស្រប​ពេល​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​ បាន​ធ្លាក់​ចុះ​ដុន​ដាប​ខ្លាំង​។ 

ក្នុង​អំឡុង​​កិច្ច​ប្រជុំ​បក្ស​កុម្មុយនីស្ត​​ចុ​ង​ឆ្នាំ​ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក​ គីម ​ជុងអ៊ុន​ បាន​កំណត់​ទំនាក់​ទំនង​អន្តរ​កូរ៉េ​ ថា​ជា​ទំនាក់​ទំនង​រវាង​«​រដ្ឋ​​​ ២​ ដែល​មាន​អរិភាព ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​»​ និង​បាន​ប្តេជ្ញា​ថា​នឹង​​បង្ក្រាប​​​លើ​ទឹក​ដី​ទាំង​មូល​របស់​កូរ៉េ​ខាង​ត្បូង​ បើ​ជម្លោះ​ផ្ទុះ​ឡើង​។ ​ 

ក្រៅ​ពី​​លុប​ចោល​ច្បាប់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​ និង​​បទ​ប្បញ្ញត្តិ​សម្រាប់​ការ​អនុវត្ត​​ និង​ការ​​ព្រម​​ព្រៀង​​​របស់​ខ្លួន​​ក្នុង​​​កិច្ច​​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​ SPA​ ក៏​បាន​​​បោះ​ឆ្នោត​លុប​ចោល​ច្បាប់​គ្រប់​គ្រង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​​ជាមួយ​កូរ៉េខាង​ត្បូង​ ​ដោយ​​រួម​ទាំង​ច្បាប់​ពិសេស​ស្តី​ពី​ប្រតិបត្តិការ​នៃ​គម្រោង​ទេសចរណ៍​ភ្នំ​​​ Kumgang ​ផង​ដែរ​​។ ​

ដំណើរ​​កម្សាន្ត​​​ទៅ​​កាន់​​ភ្នំ​ Kumgang ដែល​ស្ថិត​​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កូរ៉េខាង​ជើង​ ក្បែរ​ព្រំដែន​កូរ៉េខាង​ត្បូង​​​ ​​គឺ​ជា​និមិត្ត​រូប​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ដែល​​​ចាប់​ផ្តើម​​ឡើង​ក្នុង​អំឡុង​​ទំនាក់​ទំនង​រវាង​កូរ៉េ​ទាំង​​២​នា​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ដោយ​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កូរ៉េ​ខាង​ត្បូង​ជិត​២​លាន​នាក់​។​ ​គម្រោង​ទេសចរណ៍​នេះ​ត្រូវ​បាន​ផ្អាក​នៅ​ឆ្នាំ​២០០៨​បន្ទាប់​ពី​អ្នក​ទេសចរ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ ​​វង្វេង​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់​ ហើយ​​ត្រូវ​បានឆ្មាំ​កូរ៉េ​ខាង​ជើង​​បាញ់​សម្លាប់​។ ​

ការ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​អន្តរកូរ៉េ​របស់​កូរ៉េខាង​ជើង​នា​ពេល​នេះ​ ធ្វើ​ឡើង​ចំ​ពេល​ដែល​ភាព​តាន​តឹង​ក្នុង​តំបន់​កើន​ឡើង​ ហើយ​ទំនាក់​ទំនង​រវាង​កូរ៉េទាំង​២​ កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​។ កន្លង​មក​ ​​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា​ បច្ចុប្បន្ន​ខ្លួន​ចាត់​ទុក​កូរ៉េខាង​ត្បូង​ថា​ជា​​សត្រូវ​ក្នុង​សង្គ្រាម។

ប្រទេស​នេះ​កាល​ពី​ឆ្នាំ​មុន ​បាន​លុប​ចោល​កិច្ច​ព្រម​ព្រៀង​យោធា​ជាមួយ​កូរ៉េខាង​ត្បូង​​ឆ្នាំ​២០១៨​ ដែលជា​កិច្ច​ព្រម​ព្រៀង​​មាន​​គោល​បំណង​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ជិត​ព្រំដែន​យោធា​ ដែល​បង្កើត​ឡើង​ក្រោម​បទ​ឈប់​បាញ់​បញ្ចប់​សង្គ្រាម​កូរ៉េ​ឆ្នាំ​ ១៩៥០-៥៣។ ​

ក្នុង​បទ​សម្ភាសន៍​ដែល​បាន​ថត​ទុក​មុន​ជាមួយ​ទូរទស្សន៍​រដ្ឋ​កូរ៉េខាង​ត្បូង​KBS ​ដែល​ចាក់​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​ យូន​ ស៊ុក​យុល​ បាន​ហៅ​​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​គោល​នយោបាយ​អន្តរ​កូរ៉េ​របស់​កូរ៉េ​ខាង​ជើង​ ថា​ជា​«​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​»។ លោក​បន្ត​ថា​ វា​ពិបាក​​ក្នុង​ការ​យល់​ពី​គំនិត​នៅ​ពី​ក្រោយ​ការ​ផ្លាស់​ប្ដូរ​នេះ​។ ​

ប្រធានាធិបតី​ដដែល​​បាន​និយាយ​ថា​​៖ «​អ្វី​ដែល​មិន​ផ្លាស់​ប្តូរ​នោះ​គឺ​ថា​ កូរ៉េ​ខាង​ជើង​បាន​ព្យាយាម​អស់រយៈ​ពេល​ជាង​៧០​ឆ្នាំ​ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​យើង​​ឱ្យ​ក្លាយ​​ទៅ​ជា​កុម្មុយនីស្ត​ ហើយ​​ពេល​ដឹង​ថា​ អាវុធ​​​ធម្មតា​របស់​ខ្លួន​មិន​គ្រប់​គ្រាន់​​​ពួក​គេ​(កូរ៉េ​ខាង​ជើង)​បាន​បន្ត​អភិវឌ្ឍ​នុយក្លេអ៊ែរ​ ដើម្បី​គំរាម​កំហែង​ពួក​យើង​»​។

លោក​ យូន​ដែល​​ប្រកាន់​ជំហរ​រឹង​ប៉ឹង​ប្រឆាំង​នឹង​​ទីក្រុង​ព្យុងយ៉ាង​ បាន​​បន្ថែម​ថា​លោក​នៅ​តែ​បើក​ចំហ​ក្នុង​ការ​ចូល​រួម​ជាមួយ​កូរ៉េ​ខាង​ជើង​​៕