ប្រមុខអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានព្រមានថា ពិភពលោកកំពុងឈានចូលទៅក្នុង «យុគសម័យនៃភាពចលាចល» ជាមួយនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបែកបាក់យ៉ាងខ្លាំងដែលមិនអាចដោះស្រាយបញ្ហាសំខាន់ៗដូចជាសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន។
ជាមួយនឹងសង្គ្រាមនៅតំបន់ហ្គាហ្សាឈានចូលដល់ខែទី ៥ នៅថ្ងៃទី ៧ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្គុយតឺរ៉េស បានព្រមានថា ប្រសិនបើកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែលបន្តចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា និងជាច្រកចូលទៅកាន់ប្រទេសអេហ្ស៊ីប នោះ វានឹង«បង្កើននូវអ្វីដែលជាសុបិនអាក្រក់មនុស្សធម៌រួចទៅហើយ ជាមួយនឹងផលវិបាកក្នុងតំបន់ដែលមិនអាចនិយាយបាន»។
កងកម្លាំងអ៊ីស្រាអែល នៅក្នុងយុទ្ធនាការរបស់ពួកគេដើម្បីកម្ទេចក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី ៧ ខែតុលា បានទម្លាក់គ្រាប់បែកឥតឈប់ឈរទៅលើតំបន់ហ្គាហ្សា និងបានវាយលុកតាមផ្លូវគោកដោយបានជម្លៀសប្រជាជនជាង ១ លាននាក់ទៅភាគខាងត្បូង។
អគ្គលេខាធិការអង្គការសហប្រជាជាតិដែលមានទំនាស់រយៈពេលខ្លីជាមួយប្រទេសអ៊ីស្រាអែលរូបនេះ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតដែលបង្ហាញពីអាទិភាពឆ្នាំ ២០២៤ ថា៖ «វាដល់ពេលហើយសម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ»។
នៅក្នុងសុន្ទរកថា លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ក្នុងចំណោមកំណែទម្រង់ផ្សេងទៀត ដោយលើកឡើងពីកិច្ចប្រជុំកំពូលក្នុងខែកញ្ញាថា ជាកិច្ចប្រជុំដ៏សំខាន់មួយដើម្បីដោះស្រាយភាពមិនដំណើរការ «កាន់តែជ្រៅ និងគ្រោះថ្នាក់» ជាងពេលណាទាំងអស់មិនធ្លាប់កើតមាន។
លោក ហ្គុយតឺរ៉េស ដែលធ្លាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីព័រទុយហ្គាល់បាននិយាយថា៖«ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាវេទិកាចម្បងសម្រាប់សំណួរនៃសន្តិភាពពិភពលោក ត្រូវបានជាប់គាំងដោយការប្រេះស្រាំភូមិសាស្ត្រនយោបាយ»។
ការលើកឡើងនេះធ្វើឡើងចំពេលមានជម្លោះបំផ្លិចបំផ្លាញនៅអ៊ុយក្រែន ស៊ូដង់ មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត៕