រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលបឺរតូ ធីអូដូរ៉ូ (Gilberto Teodoro) បានបញ្ជាឱ្យយោធាបង្កើនចំនួនទាហានដែលឈរជើងនៅបណ្ដាកោះ Batanes ដែលស្ថិតនៅភាគខាងជើងរបស់ប្រទេស ក្បែរកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារទឹកដីរបស់ហ្វីលីពីន។
បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កងទ័ពជើងទឹកហ្វីលីពីន បានឱ្យដឹងកាលពីថ្ងៃពុធថាលោក ធីអូដូរ៉ូ ក៏បានអំពាវនាវផងដែរ ឱ្យមានការអភិវឌ្ឍរចនាសម្ព័ន្ធបន្ថែមទៀតនៅលើកោះ Batanes ដែលជាបណ្ដុំកោះដាច់ស្រយាលស្ថិតនៅចម្ងាយតិចជាង ២០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់។
ការអំពាវនាវនេះធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានទ័ពជើងទឹកហ្វីលីពីននៅលើកោះ Batanes ក្នុងច្រកសមុទ្រ Bashi Channel កាលពីថ្ងៃអង្គារ។
លោក ធីអូដូរ៉ូ បាននិយាយថា៖ «ចាប់ពីឆ្នាំ ២០២៤ ទៅកម្លាំងប្រតិបត្តិការសម្រាប់ AFP (កងកម្លាំងប្រដាប់អាវុធហ្វីលីពីន)នឹងមានខ្ពស់ជាងនេះ»។
ច្រក Bashi Channel ដែលជាផ្លូវទឹកចន្លោះភាគខាងជើងហ្វីលីពីន និងតៃវ៉ាន់ ត្រូវបានគេចាត់ទុកថាជាចំណុចកកកុញសំខាន់សម្រាប់នាវាដែលផ្លាស់ទីរវាងប៉ាស៊ីហ្វិកខាងលិច និងសមុទ្រជម្លោះចិនខាងត្បូង។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យោធាចិនតែងតែបញ្ជូនកប៉ាល់ និងយន្តហោះចម្បាំងឆ្លងកាត់ច្រកទឹកមួយនេះ ដែលមានការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់។
បើតាមលោក ធីអូដូរ៉ូ ច្រកទឹកភាគខាងជើងហ្វីលីពីន ស្ថិតនៅក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ ខណៈកងទ័ពជើងទឹកហ្វីលីពីននិយាយថា ការធ្វើដំណើរទស្សនកិច្ចរបស់លោក ធីអូដូរ៉ូ ទៅលើតំបន់នេះ បង្ហាញពីពេលវេលាដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ហ្វីលីពីន«ចំពោះការការពារទឹកដី និងសន្តិសុខជាតិ»។
កាលពីខែសីហា ឆ្នាំមុន រ៉យទ័របានរាយការណ៍ថា យោធាអាមេរិកកំពុងពិភាក្សាគ្នាដើម្បីបង្កើតកំពង់ផែស៊ីវិលនៅកោះ Batanes ដែលជាវិធានការមួយនឹងជំរុញការចូលទៅកាន់កោះ ដែលស្ថិតនៅទីតាំងយុទ្ធសាស្ត្រទល់នឹងកោះតៃវ៉ាន់។
ការអំពាវនាវជំរុញវត្តមានទ័ពនៅកោះភាគខាងជើងរបស់ហ្វីលីពីន នាពេលនេះធ្វើឡើងបន្ទាប់ពីហ្វីលីពីនក្នុងឆ្នាំ ២០២៣ បានបង្កើនចំនួនមូលដ្ឋានយោធា ដែលអាមេរិកអាចចូលប្រើបានស្ទើរតែទ្វេដង រួមទាំងមូលដ្ឋានទ័ពចំនួន ៣ ដែលនៅក្បែរកោះតៃវ៉ាន់។ ប្រទេសចិនដែលទាមទារដែនសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង និងចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួននោះ បានលើកឡើងថាទំនាក់ទំនងយោធារបស់ហ្វីលីពីនជាមួយអាមេរិកបែបនេះកំពុងធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែក្ដៅខ្លាំងឡើងៗ។
ដោយសារតែបារម្ភពីការកើនឡើងឥទ្ធិពលក្នុងតំបន់របស់មហាយក្សចិន ប្រទេសហ្វីលីពីន ក៏បានអនុញ្ញាតឱ្យជប៉ុនដែលជាគូប្រជែងធំរបស់ចិនប្រឡូករឹតចំណងក្នុងវិស័យយោធានៃប្រទេសទាំង ២ ផងដែរ៕