គណៈកម្មការ​អឺរ៉ុប​ដែលជា​រឿយៗ​មិន​ចុះសម្រុង​ជាមួយ​នាយករដ្ឋមន្ត្រី​ហុង​គ្រី​នៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បាន​ចាប់​ផ្ដើម​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ច្បាប់​អធិបតេយ្យភាព​របស់​ប្រទេស​ហុង​គ្រី​ ដែល​ផ្តល់​សិទ្ធិអំណាច​ដល់​រដ្ឋ​ក្នុងការ​ស៊ើបអង្កេត​ទៅលើ​បុគ្គល និង​ក្រុម​ដែល​ហុង​គ្រី​ចាត់ទុកថា ​មានការ​គំរាមកំហែង​ដល់​អធិបតេយ្យភាព​រប​ស់​ប្រទេស​ដោយ​ជនជាប់ចោទ​អាច​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​រហូតដល់​ទៅ ៣ ​ឆ្នាំ​។​

​កន្លងមក​រដ្ឋាភិបាល​ហុង​គ្រី​តែងតែ​ប្រឆាំង​បំណង​របស់​សហភាព​អឺរ៉ុប​ក្នុងការ​ខ្នះខ្នែង​ជួយ​អ៊ុយ​ក្រែ​ន ដោយសារតែ​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក វិក​ទ័​រ អូ​បាន (Viktor Orban) ដែលជា​មិត្ត​ជិតស្និទ្ធ​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន តែង​ប្រើ​សិទ្ធិ​វេតូ​មិនឱ្យ​សេចក្តីសម្រេច​នានា​របស់​អឺរ៉ុប​ក្នុង​ការជួយ​អ៊ុយ​ក្រែ​ន​ចេញរួច​។ លើសពីនេះ​ទៀត រដ្ឋាភិបាល​ហុង​គ្រី​ក៏​ជា​អ្នក​រារាំង​ដ៏​សំខាន់​ខ្ទាស់​មិនឱ្យ​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​។​

​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក វិក​ទ័​រ អូ​បាន បាន​អះអាងថា ច្បាប់​អធិបតេយ្យភាព​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ការពារ​ប្រទេស​ហុង​គ្រី​ពី​ការជ្រៀតជ្រែក​របស់​បរ​ទេស​។ ច្បាប់​នេះ​នឹង​ពឹង​ផ្អែកលើ​ការិយាល័យ​ការពារ​អធិបតេយ្យភាព​ដែល​ទើបនឹង​បង្កើត​ថ្មី ដែលមាន​ភារកិច្ច​ប្រមូល​ព័ត៌មាន​ពី​អង្គភាព​ទទួល​មូលនិធិ​បរទេស ប្រសិនបើ​សង្ស័យថា​អង្គភាព​នោះ​មាន​ឥទ្ធិពល​លើ​នយោបាយ​និង​ការបោះឆ្នោត​របស់​ប្រទេស​ហុង​គ្រី​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ ភ្នាក់ងារ​សម្ងាត់​របស់​ប្រទេស​នេះ​ក៏មាន​កាតព្វកិច្ច​ជួយ​ដល់​ការិយាល័យ​នេះ​ផងដែរ​។​

​សិទ្ធិអំណាច​របស់​រដ្ឋ​ហុង​គ្រី​យ៉ាង​ទូលំ​ទូលាយ​ដែលមាន​ចែង​ក្នុង​ច្បាប់​នេះហើយ​តុលាការ​ក៏​គ្មាន​សិទ្ធិ​លូកដៃ​ចូលក្នុង​សំណុំ​រឿង​ផង​នោះបាន​បង្កឱ្យមាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​និង​បណ្ដា​អ្នកសារព័ត៌មាន​ឯករាជ្យ​។​

​ពួកគេ​ខ្លាច​ថា រដ្ឋាភិបាល​នឹង​ប្រើ​ច្បាប់​នេះ​ចោទប្រកាន់​ដោយ​អយុត្តិធម៌ ជាពិសេស​អ្នក​ដែល​ប្រឆាំងនឹង​របៀបវារៈ​នយោបាយ​របស់លោក អូ​បាន​។ លើសពីនេះ​ទៀត អ្នក​ដែល​រង​ការចោទប្រកាន់ គ្មាន​មធ្យោបាយ​ដើម្បី​ជំទាស់​នឹង​ការសម្រេច​ដែល​ធ្វើឡើង​ដោយ​ការិយាល័យ​អធិបតេយ្យភាព​នេះ​។​

​គណៈកម្មការ​អឺរ៉ុប​បានបង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ដោយបាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ច្បាប់​នេះ​បាន​រំលោភ​លើ​គុណ​តម្លៃ​ជា​មូលដ្ឋាន​យ៉ាងច្រើន​ក្នុងនោះ មានដូចជា​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​ឯកជន​ភាព ការ​ការពារ​ទិន្នន័យ​សេរីភាព​នៃ​ការបញ្ចេញមតិ​ព័ត៌មាន និង​សមាគម​ក៏ដូចជា​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ជាដើម​។​

​បន្ថែម​លើ​នេះ សហរដ្ឋអាមេរិក​ក៏បាន​រិះគន់​ច្បាប់​នេះ​ថា ជា​ច្បាប់​ដែល​អាច​យកទៅ​បំភិតបំភ័យ និង​ដាក់ទណ្ឌកម្ម​អ្នក​ដែលមាន​ទស្សនៈ​ផ្ទុយ​ពី​គណបក្សកាន់អំណាច​។​

ប្រទេស​ហុង​គ្រី​ មាន​រយៈពេល​ ២ ​ខែ​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការជំទាស់​របស់​គណៈកម្មកា​រ​អឺរ៉ុប​ដែល​បានដាក់​លិខិត​ជូនដំណឹង​ផ្លូវការ​រួចស្រេច​ហើយ​។ ការខកខាន​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ហុង​គ្រី​អាច​នឹង​ឈានទៅដល់​ដំណាក់កាល​ចំណាត់ការ​ផ្លូវច្បាប់​ពី​គណៈកម្មការ​អឺរ៉ុប និង​រង​ការផាកពិន័យ​ប្រចាំថ្ងៃ​ដែល​សម្រេច​ដោយ​តុលាការ​យុត្តិធម៌​អឺរ៉ុប​។​

​ជម្លោះ​រវាង​អឺរ៉ុប និង​ហុង​គ្រី​ បានកើត​ឡើង​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ដ៏​សំខាន់​មួយ​ដែល​លោក អូ​បាន បាន​យល់ព្រម​គាំទ្រ​មូលនិធិ​ ៥០​ ពាន់​លាន​អឺរ៉ូ​សម្រាប់​ជួយ​ដល់​អ៊ុយ​ក្រែ​ន​។ ជាការ​កត់សម្គាល់ ការសម្រេចចិត្ត​យល់ព្រម​របស់លោក ធ្វើឡើង​បន្ទាប់ពី​មាន​សម្ពាធ​យ៉ាងច្រើន​ពី​ថ្នាក់ដឹកនាំ​ជា​ច្រើន​ក្នុងប្រទេស​ហុង​គ្រី​ផ្ទាល់ និង​ពី​ប្រមុខ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​៕