ថ្លែងក្នុងអំឡុងពិធីប្រារព្ធខួបនៃការបង្កើតយោធារបស់ខ្លួន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់ខ្លួន នឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អំណាចយោធាទាំងអស់របស់ខ្លួន ដើម្បីកម្ចាត់សត្រូវនោះទេ ប្រសិនបើប្រទេសណាមួយក្នុងចំណោមពួកគេប្រើកម្លាំងប្រឆាំងនឹងខ្លួន។ 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានរាយការណ៍ថា ការអត្ថាធិប្បាយនេះធ្វើឡើងនៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រមូលផ្តុំទាហានដើម្បីលើកតម្កើងមនោគមវិជ្ជា និងការពារប្រទេសដោយជីវិតរបស់ពួកគេ។ 
 
KCNA បានដកស្រង់សម្តីមេដឹកនាំរូបនេះថា៖ «ប្រសិនបើសត្រូវព្យាយាមប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់យើង យើងនឹងធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អំណាចដ៏អស្ចារ្យរបស់យើងទាំងអស់ដើម្បីលុបបំបាត់ពួកគេទេ»។ 
 
KCNA បានបន្តថា លោកគីម បានប្តេជ្ញាម្តងទៀតថានឹងមិនមានការសន្ទនា ឬការចរចាជា មួយកូរ៉េខាងត្បូង ដែលលោកហៅថាជា «សត្រូវលេខ១» របស់ប្រទេសលោកនោះទេ និងថែមទាំងបាននិយាយថា គោលនយោបាយនៃការត្រៀមលក្ខណៈយោធាដ៏មានឥទ្ធិពល គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាសន្តិភាព និងសន្តិសុខសម្រាប់កូរ៉េខាងជើង។  
 
នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាចនៅចុងឆ្នាំ ២០២៣ លោក គីម ក៏បានប្រកាសថា ការបង្រួបបង្រួមដោយសន្តិវិធីគឺមិនអាចទៅរួចទេ ហើយប្រទេសរបស់លោកកំពុងធ្វើការផ្លាស់ប្តូរគោលនយោបាយអំពីរបៀបដែលខ្លួនដោះស្រាយជាមួយកូរ៉េខាងត្បូង ដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងសេអ៊ូល។ 
 
របាយការណ៍របស់ KCNA បាននិយាយដែរថា ការធ្វើទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិរបស់លោកគីម អមដំណើរដោយកូនស្រីរបស់ខ្លួនគឺ Ju Ae ដែលអ្នកវិភាគរំពឹងទុកថានឹងដើរតួនាសំខាន់នាពេលអនាគតនៅក្នុងការដឹកនាំរបស់ប្រទេស។
 
គួរជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែលនេះ មិនបាននិយាយអំពីលក្ខណៈនៃព្រឹត្តិការណ៍នេះថាមានទ្រង់ទ្រាយធំឬយ៉ាងណាទេ ប៉ុន្តែបានរៀបរាប់ថា មានក្បួនដង្ហែនៃឆ្មាំកិត្តិយសសម្រាប់លោក គីម នៅក្រសួងការពារជាតិ និងថាពិធីជប់លៀងមានការចូលរួមពីសំណាក់មេបញ្ជាការយោធាទាំងអស់ និងទាហានជាច្រើនដើម្បីអបអរសាទរខួបនេះ៕