នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារបានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការបង្ខំកុមារ ដោយការបញ្ជូនពួកគេចាកចេញពីតំបន់ទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី ដែលជាទង្វើប្រឆាំងនឹងច្បាប់អន្តរជាតិ និងជំរុញឱ្យរុស្ស៊ីត្រូវនាំយកកុមារទាំងអស់នោះ ទៅជួបជុំគ្រួសាររបស់ពួកគេវិញ។
ទីក្រុងគៀវបានរាយការណ៍ថា កុមារចំនួន ២០០០០ នាក់ត្រូវបាននាំយកពីទឹកដីអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី ដោយគ្មានការយល់ព្រមពីក្រុមគ្រួសារ ឬអាណាព្យាបាលរបស់ពួកគេឡើយ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងបន្តតាមចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ជុំវិញការចោទប្រកាន់អំពីបទនិរទេសកុមារដោយខុសច្បាប់ ប៉ុន្តែវិមានក្រឹមឡាំងបានប្រកាសបដិសេធចំពោះការចោទប្រកាន់នេះ។
នៅក្នុងរបាយការណ៍មួយទាក់ទងនឹងប្រទេសរុស្ស៊ី គណៈកម្មាធិការសិទ្ធិមនុស្សបានបញ្ជាក់ថា ទីក្រុងម៉ូស្គូត្រូវតែផ្តល់ព័ត៌មានលម្អិតអំពីចំនួនពិតប្រាកដ និងទីតាំងរបស់កុមារដែលយកពីអ៊ុយក្រែន ដើម្បីអាចធ្វើការកំណត់អត្តសញ្ញាណ និងបញ្ជូនពួកគេត្រឡប់មកវិញប្រកបដោយសុវត្ថិភាព។
គណៈកម្មាធិការនេះបានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែធានាថា គ្មានកុមារណាម្នាក់បាត់បង់សញ្ជាតិអ៊ុយក្រែនឡើយ ហើយអត្តសញ្ញាណ ឈ្មោះ និងទំនាក់ទំនងគ្រួសាររបស់ពួកគេ ត្រូវតែរក្សាដូចដើមដដែល។ ដោយឡែក ទីក្រុងម៉ូស្គូដែលបានចាប់ផ្តើមឈ្លានពានទឹកដីអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានអះអាងថា ខ្លួនបាននិងកំពុងការពារកុមារដែលងាយរងគ្រោះពីតំបន់ជម្លោះ។
ប្រធានគណៈកម្មាធិការ លោកស្រី អាន់ ស្កេលថុន (Ann Skelton) បានលើកឡើងថា ក្នុងអំឡុងពេលពិភាក្សាអំពីបញ្ហាកុមាររវាងគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារ និងគណៈប្រតិភូរុស្ស៊ីនៅទីក្រុងហ្សឺណែវកាលពីខែមុន បានប្រព្រឹត្តទៅដោយភាពចម្រូងចម្រាស ពោលគឺពិភាក្សាមិនចុះសម្រុងគ្នាសោះ។ លោកស្រីបានពន្យល់ថា «យើងបានកត់សម្គាល់ឃើញពីភាពខុសគ្នាក្នុងពាក្យពេចន៍ដែលយើងបានប្រើប្រាស់ក្នុងការពិភាក្សាគ្នា ដោយពួកគេប្រើប្រាស់ពាក្យពេចន៍មិនដូចយើងនោះទេ»។
លោកស្រី ស្កេលថុន បានបញ្ជាក់បន្ថែមថា ៖«យើងបានប្រើប្រាស់ពាក្យគន្លឹះថា ការសុំកូនចិញ្ចឹម ប៉ុន្តែពួកគេបានបដិសេធពាក្យនេះ ដោយប្រើប្រាស់ពាក្យថា ការចិញ្ចឹមកូន»។ លោកស្រីបានបន្ថែមថា គណៈប្រតិភូរុស្ស៊ីបានទទួលស្គាល់ថា ពួកគេបានផ្តល់សញ្ជាតិរុស្ស៊ីដល់កុមារជាច្រើន ដែលមានន័យថា កុមារទាំងនោះបានបាត់បង់អត្តសញ្ញាណដើម និងត្រូវបានផ្តល់សញ្ជាតិរុស្ស៊ីជំនួសវិញ។
កាលពីខែមីនាកន្លងទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួនលោក ពូទីន និងលោកស្រី ម៉ារៀ ល្វវ៉ាបេឡូវ៉ា (Maria Lvova-Belova) ស្នងការសិទ្ធិមនុស្សរបស់ប្រទេសរុស្ស៊ី ដោយចោទប្រកាន់ពួកគេពីបទនិរទេសកុមារដោយខុសច្បាប់ពីអ៊ុយក្រែន។
ប្រធានរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បាននិយាយថា ប្រទេសរុស្ស៊ីបានផ្លាស់ប្តូរទីតាំងរស់នៅរបស់កុមារយ៉ាងតិចបំផុតក៏រាប់រយនាក់ ពីមណ្ឌលកុមារកំព្រា និងផ្ទះថែទាំកុមារនៅក្នុងតំបន់កាន់កាប់របស់ខ្លួន ដោយកុមារជាច្រើនត្រូវបានគេយកទៅធ្វើជាកូនចិញ្ចឹម។ យ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានច្រានចោលការអះអាងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិថា ការចោទប្រកាន់នេះគឺធ្វើឡើងពីកំហឹង និងមិនអាចទទួលយកបាន៕