
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាសកូស (Ferdinand Marcos Jr)។ AFP
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាសកូស (Ferdinand Marcos Jr) បាននិយាយថា ការអំពាវនាវឱ្យមានឯករាជ្យភាពសម្រាប់កោះមីនដាណាវ (Mindanao) ដែលជាកោះស្ថិតនៅភាគខាងត្បូងប្រទេសនេះ គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ហើយនឹងមិនអាចទទួលបានជោគជ័យនោះទេ។
នេះគឺជាលើកទី១ ហើយ ដែលលោកបាននិយាយអំពីបញ្ហានេះ បើគិតចាប់តាំងពីអតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) បានស្នើឱ្យកោះស្រុកកំណើតរបស់គាត់មួយនេះ បំបែកខ្លួនចេញពីហ្វ៊ីលីពីន។ សម្ព័ន្ធភាពរបស់ពួកគេទាំងពីរ បានប្រេះស្រាំជាបន្តបន្ទាប់ ដោយសារតែការមិនចុះសម្រុងគ្នាជុំវិញការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ។

អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) បានស្នើឱ្យកោះស្រុកកំណើតរបស់គាត់មួយនេះ បំបែកខ្លួនចេញពីហ្វ៊ីលីពីន។AFP
ក្នុងសុន្ទរកថានៅថ្ងៃទិវាបង្កើតរដ្ឋធម្មនុញ្ញ លោក ម៉ាកូស បាននិយាយថា "សំណើកាលពីពេលថ្មីៗនេះ អំពីការចង់បានឯករាជ្យភាពរបស់កោះមីនដាណាវ នឹងត្រូវបរាជ័យ ព្រោះជាសំណើផ្អែកទៅលើហេតុផលមិនជាក់ស្ដែង និងបំពានរដ្ឋធម្មនុញ្ញ"។ យ៉ាងណាមិញ ការលើកឡើងរបស់លោក ធ្វើឡើងដោយមិនបាននិយាយចំៗឈ្មោះអតីតប្រធានាធិបតី ឌូទែរតេ នោះទេ។
លោកបានបន្ថែមថា«ខ្ញុំសូមទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់បញ្ឈប់ការជំរុញឱ្យមានការបំបែកខ្លួនរបស់កោះមីនដាណាវ។ ទង្វើនេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកសាងប្រទេសហ្វ៊ីលីពីនឱ្យកាន់តែប្រសើរឡើង។ វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិរបស់យើង»។
ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ម៉ាកូស បាននិយាយថា រដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ងបំបែកខ្លួនចេញពីប្រទេសហ្វ៊ីលីពីន។ ទន្ទឹមនឹងនេះ បន្ទាប់ពីការលើកឡើងរបស់ក្រុមផ្តាច់ខ្លួនរបស់លោក ឌូទែរតេ ប្រមុខការពារជាតិរបស់លោក ម៉ាកូស បានឆ្លើយតបថា លោកសន្យានឹងខិតខំរក្សាអធិបតេយ្យភាពរបស់ប្រទេសហ្វីលីពីនឱ្យបាន។
លោក ឌូទែរតេ គឺជាប្រធានាធិបតីហ្វ៊ីលីពីនដំបូងគេដែលមានដើមកំណើតនៅកោះមីនដាណាវ ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ។ កោះមីនដាណាវ តែងតែកើតមានចលនាតស៊ូបំបែកខ្លួនជាយូរមកហើយ។
ជាក់ស្ដែង ការធ្វើបាតុកម្ម ការប្រើប្រាស់អំពើហិង្សា និងជម្លោះដោយសារតែការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាលជាមួយក្រុមបះបោរ និងក្រុមជ្រុលនិយម តែងតែកើតឡើងជាញឹកញាប់។ ភាពចលាចលនេះបានរារាំងការវិនិយោគ ដែលនាំឱ្យប្រជាពលរដ្ឋនៅតាមភូមិមូលដ្ឋានជាច្រើន ជួបប្រទះនឹងភាពក្រីក្រ៕