​អាជ្ញាធរ​វៀតណាម​ប្រចាំ​កោះ​ហ្វូ​ក្វុ​ក (​ប្រជាជន​កម្ពុជា​ហៅ​កោះត្រល់​)​ បានស្នើ​ដល់​ភ្ញៀវ​​ទេសចរ​កុំឱ្យ​លុយ​អ្នកសុំទាន ដែល​ភាគច្រើន​ជា​ក្មេងៗ ដែល​ការស្នើ​នេះ អាជ្ញាធរ​អះអាងថា ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹង​ប្រែង​លុបបំបាត់​អ្នក​ស្ទាក់​ភ្ញៀវ​សុំ​លុយ​លើ​កោះ និង​លើកកម្ពស់​មុខមាត់​កោះ​។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​កាសែត VnExpress កាលពី​ថ្ងៃ​ពុធ​។​

​ការស្នើសុំ​នេះ​ធ្វើតាម​យុទ្ធ​​សាស្ត្រ​ដែល​ប្រកាសឡើង​ដោយ​ស្ថាប័ន​គ្រប់គ្រង​ទេសចរណ៍​របស់​វៀតណាម​។ ស្ថាប័ន​នេះ ក៏​តម្រូវឱ្យ​មនុស្សម្នា​តម្រង់​ជួរ​គ្នា ធ្វើយ៉ាងណា​ឱ្យមាន​របៀប​រៀបរយ និង​សណ្តាប់ធ្នាប់ ពេល​ពួកគេ​ឈរ​ចាំ​ចូល​ទស្សនា​កន្លែង​ទេសចរណ៍​ណាមួយ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​កោះ​។ លើសពីនេះ ភ្ញៀវទេសចរ​ត្រូវបាន​ស្នើឱ្យ​ស្លៀកពាក់​ឱ្យបាន​សមរម្យ នៅពេល​ទៅ​ទស្សនា​ទី​សក្ការបូជា និង​ទីវ​ត្ថុ​បុរាណ​ផ្សេងៗ ខណៈ​អាជ្ញាធរ​ក៏បាន​ស្នើឱ្យ​អ្នកទេសចរ​ទទួលទាន​គ្រឿង​​ស្រវឹង​ដោយមាន​កំណត់​ដែរ​។

​អាជ្ញាធរ​កោះ​បាន​ព្យាយាម​ស្តារ​កេរ្តិ៍ឈ្មោះ​ទេសចរណ៍​ដ៏​សំខាន់​នេះ​ឡើងវិញ បន្ទាប់ពី​មាន​វិបត្តិ​កាលពី​ឆ្នាំមុន ដែល​ទំនិញ​ឡើងថ្លៃ និង​ការបោក​ប្រាស់​ភ្ញៀវទេសចរ បាន​ក្លាយជា​បញ្ហា​ចម្បង​។​​វិបត្តិ​នេះ បាន​ជំរុញឱ្យមាន​ការធ្លាក់ចុះ​នៃ​ចំនួន​អ្នក​មក​ទស្សនា​នៅ​កោះ​ដ៏​ស្រស់​នេះ​។​

​ជាធម្មតា ការ​ស្ទាក់​ភ្ញៀវ​សុំ​លុយ​ពី​សំណាក់​អ្នកសុំទាន​គឺជា​សកម្មភាព​ខុសច្បាប់​ក្រោម​ច្បាប់​វៀតណាម​។ ប៉ុន្តែ​ការ​ប្រមូលផ្តុំ​គ្នា​របស់​អ្នកសុំទាន​នៅមុខ​តំបន់​ទេសចរណ៍ និង​កន្លែង​សក្ការបូជា ដើម្បី​ទារប្រាក់​ពី​ភ្ញៀវទេសចរ​មិនមែនជា​រឿង​ចម្លែក​ទេ​។​

​អាជ្ញាធរ​តាម​តំបន់​ទេសចរណ៍​ផ្សេងទៀត រួមទាំង​នៅ​ទីក្រុង​ Da Nang និង Nha Trang ក៏បាន​សន្យាថា នឹង​ចាត់វិធានការ​ទប់ស្កាត់​ការ​ស្ទាក់​ភ្ញៀវ​សុំ​លុយ​របស់​អ្នកសុំទាន ដើម្បី​ការពារ​រូបភាព​ទេសចរណ៍​៕​