មេដឹកនាំក្រុមហាម៉ាស់បានអំពាវនាវឱ្យពន្លឿនការចរចាបទឈប់បាញ់ ដើម្បីឱ្យប្រជាជនប៉ាឡេស្ទីនអាចធ្វើដំណើរដើរដង្ហែទៅកាន់វិហារអ៊ិស្លាម Al-Aqsa ដែលស្ថិតនៅក្នុងក្រុងយេរូសាឡឹមនៃប្រទេសអ៊ីស្រាអែល។ ការដើរដង្ហែនេះជាដំណើរនៃការប្រារព្ធពិធីបុណ្យសាសនារបស់អ៊ិស្លាមគឺពិធីបុណ្យ «រ៉ាម៉ាដាន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែមីនាខាងមុខ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ការអំពាវនាវរបស់មេដឹកនាំក្រុមហាម៉ាស់គឺលោក Ismail Haniyeh ធ្វើឡើងស្របទៅនឹងវត្ថុបំណងរបស់ទីក្រុងវ៉ាស៊ីនតោនដែលកំពុងប្រឹងប្រែងសម្របសម្រួលដើម្បីបានកិច្ចព្រមព្រៀងបទឈប់បាញ់មួយនៅត្រឹមដើមសប្ដាហ៍ក្រោយ ដែលត្រូវបានគេរំពឹងថា នឹងមានការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ពង្រាត់ និងអ្នកទោសប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល។
បទឈប់បាញ់លើកទី២ ថ្មីមួយ រយៈពេល ៤០ ថ្ងៃ ដែលកំពុងតែចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងប្រទេសអេហ្ស៊ីបនាពេលនេះជាធាតុដ៏សំខាន់ក្នុងការបន្តដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងការដឹកជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សាដើម្បីជួយជីវិតប្រជាជនរងគ្រោះជាច្រើននាក់ និងអាចផ្ដល់ពេលវេលាដល់បណ្ដាប្រទេសកាន់សាសនាអ៊ិស្លាមក្នុងការប្រារព្ធពិធីបុណ្យរបស់ខ្លួនផង។
ទោះបីមានកិច្ចខិតខំប្រឹងប្រែងពីប្រទេសសម្របសម្រួល ស្របតាមបំណងរបស់អន្តរជាតិ ចង់បានបទឈប់បាញ់ ភាគីជម្លោះទាំង ២ គឺហាម៉ាស់ និងអ៊ីស្រាអែលហាក់នៅមិនទាន់ចុះសម្រុងគ្នា រីឯការយល់ព្រមជាផ្លូវការណាមួយក៏មិនទាន់មានដែរ។
ខណៈដែលសង្គ្រាមកំពុងតែឆាបឆេះ អ៊ីស្រាអែលឯណោះបាននិយាយថា ខ្លួនទំនងជាត្រូវកំណត់ចំនួននៃអ្នកចូលរួមប្រារព្ធពិធីបុណ្យរ៉ាម៉ាដាននៅព្រះវិហារ Al-Aqsa។ ប៉ុន្តែប្រជាជនប៉ាឡេស្ទីនជាច្រើននាក់បានច្រានចោលការរឹតបន្តឹងនេះ និងបានអះអាងថា ខ្លួនមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលទៅកាន់តំបន់របស់ខ្លួនដោយមិនគួរមានការរារាំងណាមួយកើតឡើងពីសំណាក់សមត្ថកិច្ចអ៊ីស្រាអែល។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បានថ្លែងថា ពិធីបុណ្យ «រ៉ាម៉ាដាន» ខាងមុខនេះអាចជាសាំងដែលចាក់បន្ថែមទៅលើភ្លើងសង្គ្រាមដែលកំពុងតែឆេះសន្ធោសន្ធៅរួចទៅហើយប្រសិនបើភាគីទាំង ២ នៅតែមិនចុះសម្រុងនឹងគ្នានោះ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ មេដឹកនាំក្រុមហាម៉ាស់ក៏បាននិយាយដែរថា ពួកគេកំពុងបង្ហាញពីភាពបត់បែនរបស់ខ្លួនក្នុងការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែល ប៉ុន្តែទន្ទឹមនឹងនេះពួកគេក៏បានត្រៀមខ្លួនរួចរាល់ដូចគ្នាសម្រាប់ការប្រយុទ្ធបន្តទៀត ប្រសិនបើការចរចាមិនទទួលបានជោគជ័យ។
ព្រះវិហារ Al-Aqsa ស្ថិតនៅក្នុងទីក្រុងចាស់មួយរបស់ទីក្រុងយេរូសាឡឹម ជាកន្លែងសក្ការបូជា ដ៏ពិសិដ្ឋបំផុតមួយរបស់ប្រជាជនមូស្លីមនៅទូទាំងពិភពលោក ប៉ុន្តែក៏ជាទីសក្ការៈសម្រាប់ជនជាតិយូដាដែលជាគ្រិស្តសាសនិក ម្លោះហើយតំបន់នេះបានក្លាយជាចំណុចក្ដៅសម្រាប់ជម្លោះរវាងសាសនាទាំង ២ តាំងតែពីប្រទេសអ៊ីស្រាអែលទើបតែកកើតឡើងម្ល៉េះ។
ចាប់តាំងពីសង្គ្រាមផ្ទុះឡើងចាប់ពីថ្ងៃទី ៧ ខែតុលា ២០២៣ ភាគីជម្លោះទាំង ២ នេះ ធ្លាប់បានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ម្តង ដែលមានរយៈពេល ៦ ថ្ងៃ កាលពីចុងខែវិច្ឆិកាឆ្នាំ ២០២៣ ដែលកាលណោះចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ពង្រាត់ពីអ៊ីស្រាអែលក្នុងថ្ងៃដែលខ្លួនវាយឆ្មក់ចូលចំនួន ៥០ នាក់ក្នុងចំណោមចំណាប់ខ្មាំងប្រមាណ ២៤០ នាក់ ត្រូវបានដោះលែងជាថ្នូរនឹងការដោះលែង អ្នកទោសជនជាតិប៉ាឡេស្ទីនចំនួន ១៥០ នាក់។ កិច្ចព្រមព្រៀងនាពេលនោះក៏បានអនុញ្ញាតឱ្យរថយន្ដដឹកជំនួយប្រមាណ ២០០ គ្រឿងចូលហ្គាហ្សាក្នុង ១ ថ្ងៃ៕