អាជ្ញាធរមូលដ្ឋាននៃប្រទេសតង់ហ្សានី បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្មេងៗចំនួន ៨ នាក់ និងមនុស្សចាស់ ១ នាក់ បានស្លាប់ និងមនុស្ស ៧៨ នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយបរិភោគសាច់អណ្តើកសមុទ្រ នៅលើកោះ Pemba ក្នុងប្រជុំកោះហ្សេនហ្ស៊ីបារ (Zanzibar)។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកវេជ្ជបណ្ឌិត Haji Bakariដែលជាមន្ត្រីពេទ្យស្រុក Mkoani នៃកោះ Pemba បាននិយាយថា ស្រ្តីម្នាក់ដែលបានស្លាប់កាលពីល្ងាចថ្ងៃសុក្រ គឺជាម្ដាយរបស់ក្មេង២នាក់ ដែលស្លាប់មុននោះ។ លោកបានឱ្យដឹងថា មនុស្សម្នានាំគ្នាបរិភោគសាច់អណ្តើក តាំងតែពីថ្ងៃអង្គារមកម៉្លេះ។
លោក Bakariបានប្រាប់ AP ថា លទ្ធផលធ្វើតេស្តពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់សុទ្ធតែបានបរិភោគសាច់អណ្តើកសមុទ្រជាមួយគ្នា។
សាច់អណ្តើកសមុទ្រត្រូវបានចាត់ទុកថាជាអាហារដ៏ឆ្ងាញ់សម្រាប់ប្រជាជនតាមតំបន់នៅប្រជុំកោះហ្សេនហ្ស៊ីបារ បើទោះបីជាវាបណ្តាលឱ្យមានអ្នកស្លាប់ជារឿយៗដោយសារតែវាជាប្រភេទនៃការពុលអាហារបណ្ដាលពីសាច់អណ្ដើកសមុទ្រក៏ដោយ។
កន្លងមក អាជ្ញាធរនៅប្រជុំកោះហ្សាហ្ស៊ីបារ ដែលជាតំបន់ពាក់កណ្តាលស្វយ័តនៃប្រទេសអាហ្វ្រិកខាងកើតតង់ហ្សានី បានបញ្ជូនក្រុមគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាជនចៀសវាងការទទួលទានសាច់អណ្តើកសមុទ្រផ្សេងៗ។
ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ មនុស្ស ៧ នាក់ រួមទាំងក្មេងអាយុ ៣ឆ្នាំម្នាក់ បានស្លាប់នៅលើកោះ Pemba ក្រោយបរិភោគសាច់អណ្តើកសមុទ្រដូចគ្នា ហើយកាលនោះមនុស្ស ៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕