ទីក្រុងហុងកុងកាលពីថ្ងៃសុក្រ បានចេញផ្សាយនូវសេចក្តីព្រាងច្បាប់សន្តិសុខជាតិថ្មីមួយ ដែលកាន់តែតឹងរ៉ឹងជាងមុន លើទោសជាប់គុកចំពោះអ្នកដែលរងការផ្ដន្ទាទោសពីបទឧក្រិដ្ឋផ្សេងៗ រួមទាំងការបះបោរ និងការទម្លាយរឿងសម្ងាត់រដ្ឋជាដើម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សេចក្តីព្រាងច្បាប់ ដែលរួមបញ្ចូលទាំងច្បាប់ថ្មីលើការក្បត់ជាតិ ចារកម្ម និងការជ្រៀតជ្រែកពីបរទេស កំពុងមានការឃ្លាំមើលយ៉ាងដិតដល់ពីអ្នកការទូត និងធុរកិច្ចបរទេស ដែលបារម្ភថា ច្បាប់នេះអាចធ្វើឱ្យសិទ្ធិសេរីភាពនៅហុងកុងកាន់តែធ្លាក់ចុះដុនដាបបន្ថែមទៀត។
ក្រុមប្រឹក្សានីតិប្បញ្ញត្តិ បានចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃសុក្រ ចំពេលសន្តិសុខតឹងតែង ហើយសមាជិកខ្លះនៃស្ថាប័នដែលមានអ្នកគាំទ្រចិនភាគច្រើនមួយនេះ បាននិយាយថា ពួកគេរំពឹងថា វានឹងត្រូវបានអនុម័តជាច្បាប់មុនពាក់កណ្តាលខែមេសាខាងមុខ។
មេដឹកនាំក្រុងហុងកុង លោក John Lee កន្លងមក បានជំរុញឱ្យសមាជិកសភាអនុម័តច្បាប់នេះឱ្យបានលឿន។
ពាក់ព័ន្ធនឹងការដាក់បង្ហាញសេចក្ដីព្រាងច្បាប់ថ្មីនេះ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលហុងកុង បាននិយាយថា៖ «ភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ហើយហានិភ័យសន្តិសុខជាតិនៅតែកើតមានឡើង»។
មេធាវីមួយចំនួនដែលវិភាគលើសេចក្តីព្រាងច្បាប់នេះ បាននិយាយថា បើក្រឡេកមើលមួយភ្លែតលើពាក្យពេជន៍ដែលបានកែប្រែលើទោសមួយចំនួន វាស្រដៀងនឹងបទប្បញ្ញត្តិរបស់លោកខាងលិចដែរ ប៉ុន្តែបទប្បញ្ញត្តិមួយចំនួន ដូចជាបទបះបោរ និងការសម្ងាត់រដ្ឋ វាមានលក្ខណៈទូលំទូលាយ និងតឹងតែងជាងមុន។
បើតាមរ៉យទ័រ ច្បាប់ថ្មីរួមបញ្ចូលទាំងការកាត់ទោសដាក់ពន្ធនាគារអស់ ១ជីវិតពីបទក្បត់ជាតិ ការបះបោរ និងការបំផ្លិចបំផ្លាញផ្សេងៗ ទោស ២០ឆ្នាំក្នុងគុកពីបទចារកម្ម និង១០ឆ្នាំសម្រាប់ឧក្រិដ្ឋកម្មទាក់ទងនឹងការទម្លាយរឿងសម្ងាត់រដ្ឋ និងការបះបោរ។
កន្លងមក អាជ្ញាធរក្រុងហុងកុងដែលដឹកនាំដោយចិនដីគោក បានរងការរិះគន់ថាបានប្រើច្បាប់សន្ដិសុខជាតិ ដើម្បីបង្រ្កាបទៅលើសំឡេងប្រឆាំង ដែលធ្វើឱ្យអ្នកនយោបាយ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ ត្រូវជាប់គុក ឬនិរទេសខ្លួនទៅបរទេស៕