រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនគ្រោងនឹងចាត់វិធានការរហ័ស ដើម្បីកែលម្អប្រាក់ខែ និងលក្ខខណ្ឌការងារសម្រាប់វេជ្ជបណ្ឌិតវ័យក្មេង ដើម្បីដោះស្រាយតម្រូវការសំខាន់របស់សិក្ខាកាមផ្នែកវេជ្ជសាស្ដ្រហើយក្នុងនោះរដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែបដិសេធថា មិនមានវិបត្តិសុខាភិបាលក្នុងប្រទេសទេ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck-soo បាននិយាយថាការអនុវត្តដោយបង្ខំចិត្តឱ្យគ្រូពេទ្យវ័យក្មេងធ្វើការ៣៦ម៉ោងបច្ចុប្បន្ននេះគឺជាការទទួលខុសត្រូវមួយផ្នែកទៅលើការចេញតវ៉ារបស់គ្រូពេទ្យមួយចំនួន ហើយវានឹងត្រូវផ្លាស់ប្តូរ។
នាយករដ្ឋមន្ត្រីរូបនេះបានឱ្យដឹងទៀតថា៖ «យើងនឹងចាប់ផ្តើមការសាកល្បងថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយរដ្ឋាភិបាលនឹងពិចារណាកំណត់រយៈពេល ២៤ម៉ោងសម្រាប់គ្រូពេទ្យប្រចាំការហើយអ្នកហាត់ការត្រូវធ្វើការបន្ត»។
អ្នកហាត់ការផ្នែកវេជ្ជសាស្ត្រ និងវេជ្ជបណ្ឌិតជាង ១០ ០០០ នាក់កំពុងតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលដើម្បីបង្កើននិស្សិតចូលរៀននៅសាលាវេជ្ជសាស្ត្រឱ្យបានចំនួន២ពាន់នាក់ក្នុង ១ ឆ្នាំ ដើម្បីដោះស្រាយបញ្ហាកង្វះវេជ្ជបណ្ឌិត ខណៈដែលប្រទេសមួយនេះមានប្រជាជនដែលមានភាពចាស់លឿនបំផុតលឿនបំផុតមួយរបស់ពិភពលោក។
វេជ្ជបណ្ឌិតដែលកំពុងធ្វើកូដកម្មបានប្រកាសថា គ្រាន់តែបន្ថែមនិស្សិតពេទ្យនឹងមិនអាចដោះស្រាយលក្ខខណ្ឌការងារនិងប្រាក់ឈ្នួលរបស់ពេទ្យបានទេ តែវាអាចធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។
មកទល់ពេលនេះក្រុមបាតុករនៅតែមិនទទួលយកផែនការរបស់រដ្ឋាភិបាលសម្រាប់ការបង្កើនចំនួននិស្សិតពេទ្យបន្ថែមទៀតនិងមិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈភ្លាមៗលើសំណើថ្មីនេះរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ក្នុងគោលបំណងស្វែងរកចំណុចរួមជាមួយក្រុមបាតុករនៅឡើយ។
បើតាមនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck-soo បាននិយាយថា សំណើថ្មី ដែលនឹងចាប់ផ្ដើមពីខែនេះតទៅ គ្រូពេទ្យគរុកោសល្យផ្នែកជំងឺកុមារនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១ លានវ៉ុន (៧៥៧ ដុល្លារ) ហើយរដ្ឋាភិបាលគ្រោងនឹងចំណាយស្រដៀងគ្នានេះសម្រាប់សិក្ខាកាមគ្រូពេទ្យដទៃទៀត។
លោកមានប្រសាសន៍ថាសំណើថ្មីនេះនឹងចាប់ផ្តើមជាមួយនឹងគ្រូពេទ្យដែលមានឯកទេសសំខាន់ៗដូចជាឱសថសង្គ្រោះបន្ទាន់និងការវះកាត់ទូទៅហើយនឹងមានការបែងចែកមូលនិធិបន្ថែមរបស់រដ្ឋាភិបាល។
យ៉ាងណាសម្រាប់ប្រធានាធិបតី Yoon Suk Yeolបានប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងក្រុមបាតុករបាននិយាយថាសកម្មភាពរបស់ពួកគេបានបង្កើត «ភាពច្របូកច្របល់» នៅក្នុងមន្ទីរពេទ្យធំៗដែលជួលគ្រូពេទ្យសំខាន់ៗទាំងនេះជាបុគ្គលិករបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថាស្ថានភាពមានស្ថិរភាពមួយផ្នែកដោយសារតែគ្រូពេទ្យនិងគិលានុបដ្ឋាយិកាផ្សេងទៀតបានធ្វើការបន្ថែមម៉ោង។
ជាមួយគ្នានេះដែរអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Park Min-soo បានបញ្ជាក់ដែរថា ការដែលនិយាយថា កូរ៉េខាងត្បូងមានវិបត្តិសុខាភិបាលគឺជាការបំផ្លើស៕