ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់(NNA) នៅថ្ងៃសៅរិ៍ ទី ៩ ខែមីនា ឆ្នាំ ២០២៤ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៥ នាក់ ត្រូវបានសម្លាប់ និង ៩ នាក់រងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅភាគខាងត្បូងប្រទេសលីបង់។
NNA បានរាយការណ៍ថា ការវាយប្រហារទៅលើផ្ទះមួយនៅក្នុងតំបន់ Khirbet Selm បានសម្លាប់គ្រួសារមួយមានគ្នា ៤ នាក់ រួមមាន ប្តី និងប្រពន្ធដែលមានផ្ទៃពោះ និងកូន ២ នាក់របស់ពួកគេ និងមនុស្សម្នាក់ទៀតផងដែរ។ ការវាយប្រហារនេះបានកម្ទេចផ្ទះមួយខ្នងនោះ ហើយក៏បណ្តាលឱ្យមនុស្សយ៉ាងតិច ៩នាក់ទៀតដែលរស់នៅក្បែរនោះរងរបួស។
ចលនា Hezbollah ដែលគាំទ្រដោយប្រទេសលីបង់ និងអ៊ីស្រាអែល មានការបាញ់ប្រហារឆ្លងព្រំដែនយ៉ាងសាហាវ ជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងខែតុលា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ Hezbollah។
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងខែតុលា យ៉ាងហោចណាស់មនុស្ស ៣១២ នាក់ហើយ ដែលភាគច្រើនជាក្រុមយុទ្ធជនហេសបូឡា និងជនស៊ីវិល ៥៦ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់។ នេះបើយោងតាមរបាយការណ៍ចំនួនសរុបរបស់ AFP។
ការប្រយុទ្ធគ្នារវាងចលនា Hezbollah និងអ៊ីស្រាអែលកើតឡើងតែនៅតាមតំបន់ព្រំដែនប៉ុណ្ណោះ ប៉ុន្តែវាក៏បានបង្កឱ្យមានការភ័យខ្លាចនៃការរាលដាលជម្លោះកាន់តែធំនៅក្នុងប្រទេសលីបង់។
ដោយឡែក កាលពីថ្ងៃទី ៥ ខែមីនា ប្តីប្រពន្ធជនជាតិលីបង់ និងកូនប្រុសរបស់ពួកគេត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងភូមិ Hula ព្រំដែនភាគខាងត្បូង។
ខណៈនៅអ៊ីស្រាអែល ទាហានយ៉ាងហោចណាស់ ១០ នាក់ និងជនស៊ីវិល ៧ នាក់ ក៏ត្រូវបានសម្លាប់ដូចគ្នា។ការវាយប្រហាររបស់ពួកហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល បានបង្កឱ្យមានសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា និងបណ្តាលឱ្យមនុស្សប្រហែល ១ ១៦០ នាក់ភាគច្រើនជាជនស៊ីវិលបានស្លាប់។ នេះបើយោងតាមតួលេខរបស់ AFP របស់អ៊ីស្រាអែល។
យុទ្ធនាការសងសឹករបស់អ៊ីស្រាអែលក្នុងការបំផ្លាញក្រុមហាម៉ាស់បានសម្លាប់មនុស្ស ៣០ ៩៦០ នាក់ ហើយនៅហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលនៃដែនដីហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕