ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំការយល់ព្រមក្នុងការពង្រឹងការផលិតគ្រឿងបង្គុំក្នុងវិស័យការពារជាតិរួមគ្នា និងធ្វើរឿងនេះឱ្យជាក់ច្បាស់នៅក្នុងឯកសារលទ្ធផលសម្រាប់កិច្ចប្រជុំកំពូលដែលគ្រោងធ្វើនៅខែមេសា។
សមត្ថភាពផលិតរបស់សហរដ្ឋអាមេរិកមានភាពទ្រឹងដោយសារការគាំទ្ររបស់ខ្លួនចំពោះសង្គ្រាមនៅអ៊ុយក្រែន ដែលត្រូវរងការឈ្លានពានរបស់រុស្ស៊ី។ ជប៉ុនមានបំណងបង្ហាញការរួបរួមនៃសម្ព័ន្ធភាពជប៉ុនអាមេរិក ដោយគាំទ្រជំនួយអាមេរិកសម្រាប់អ៊ុយក្រែន និងដើម្បីរក្សាការមិនជាប់ពាក់ព័ន្ធផ្ទាល់។
យោងសារព័ត៌មានជប៉ុន The Yomiuri Shimbun របៀបវារៈសំខាន់នៃកិច្ចប្រជុំនៅថ្ងៃទី ១០ ខែមេសា ខាងមុខ រវាងនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) នៅទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។
តាមប្រភពដែលសារព័ត៌មាននេះដកស្រង់ មានការព្រួយបារម្ភនៅខាងអាមេរិកដែលអូសបន្លាយការគាំទ្រដល់អ៊ុយក្រែន និងកត្តាផ្សេងទៀតអាចនាំឱ្យមានការស្តុកទុកមិនគ្រប់គ្រាន់នៃគ្រាប់កាំភ្លើងធំ និងមីស៊ីល។
កាលពីខែធ្នូឆ្នាំមុន ប្រទេសជប៉ុនបានកែសម្រួលគោលការណ៍ចំនួន ៣ ស្តីពីការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ និងគោលការណ៍ណែនាំសម្រាប់ការអនុវត្តរបស់ខ្លួន។
ទន្ទឹមនឹងនោះ ជប៉ុនបានសម្រេចចិត្តនាំចេញមីស៊ីលនាំផ្លូវពីដីទៅអាកាស Patriot ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួយបំពេញបន្ថែមការខ្វះខាតមីស៊ីលរបស់សហរដ្ឋអាមេរិក។
ចាប់តាំងពីដើមឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបានពន្យារផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដែលហាក់ធ្លាក់ដៃ៕