យោធារបស់សហរដ្ឋអាមេរិក បានឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី ៩ ខែមីនាថា កងកម្លាំងរបស់ខ្លួនរួមជាមួយអង់គ្លេស និងបារាំង បានសហការគ្នាបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់ក្រុមហ៊ូធី (Houthi) មានមូលដ្ឋាននៅប្រទេសយេម៉ែនដែលរារាំង និងបង្កការរំខានដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកច្រកសមុទ្រក្រហម។
ការវាយប្រហារនេះធ្វើឡើងនៅក្នុងទីតាំងភូមិសាស្ត្រសមុទ្រក្រហម ដែលជាច្រកដឹកទំនិញដ៏សំខាន់មួយរបស់ពិភពលោក ហើយក៏ជាការវាយប្រហារតបតនឹងក្រុមហ៊ូធី ដែលបានដាក់គោលដៅវាយឆ្មក់កប៉ាល់ដឹកទំនិញដ៏ធំមួយ។
នៅមុនពេលនៃការវាយប្រហារ អ្នកនាំពាក្យយោធារបស់ក្រុមឧទ្ទាមហ៊ូធី គឺលោក Yahya Sarea កាលពីថ្ងៃទី ៩ ខែមីនា បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា ពួកគេបានកំណត់គោលដៅលើនាវាដឹកទំនិញមួយចំនួននៅលើសមុទ្រក្រហម ក្នុងនោះក៏មាននាវារបស់អាមេរិកផងដែរ ដោយរៀបចំយន្ដហោះគ្មានមនុស្សបើកចំនួន ៣៧ គ្រឿងសម្រាប់ស្វាគមន៍។
ក្រោយមក ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា កងកម្លាំងយោធា និងកងកម្លាំងចម្រុះរបស់សហរដ្ឋអាមេរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ ២៨ គ្រឿង (UAVs) នៅលើសមុទ្រក្រហម។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា៖«កងទ័ពជើងទឹករបស់យើង និងសម្ព័ន្ធមិត្ត គឺមិនមានរងរបួសនោះទេ រីឯកប៉ាល់ដឹកទំនិញក៏មិនមានរងការខូចខាតណាមួយដែរ»។
សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ក្រុមយោធាអាមេរិក អង់គ្លេស និងបារាំង បានឆ្លើយតបទៅនឹងក្រុមឧទ្ទាម ដែលបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើនាវារបស់ខ្លួន នៅចន្លោះម៉ោង ៤ ទៀបភ្លឺ ដល់ម៉ោង ៦ កន្លះព្រឹក នៅក្នុងទីតាំងភូមិសាស្ត្រសមុទ្រក្រហម និងឈូងសមុទ្រ Aden។
យ៉ាងណាក៏ដោយ ក្រោយការវាយប្រហារតបតពីបណ្ដាប្រទេសលោកសេរីទាំង ៣ រួច ក្រុមឧទ្ទាមហ៊ូធី បានបង្ហោះសម្រង់សម្ដីមួយចំនួនតាមរយៈបណ្ដាញសង្គម X ថា ពួកគេមានបំណងក្នុងការប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកទាំងនោះ ដើម្បីជាការគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងកងទ័ពចម្រុះក្នុងតំបន់នោះ។
ការវាយប្រហារពីក្រុមឧទ្ទាមហ៊ូធីនៃប្រទេសយេម៉ែននេះ ធ្វើឡើងតាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ក្រោមមូលហេតុចូលរួមជាមួយប្រជាជនប៉ាឡេស្ទីន ដើម្បីប្រឆាំងតបតនឹងអ៊ីស្រាអែល ក៏ដូចជាប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។
ជាការឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុមហ៊ូធី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លះនៅតំបន់អឺរ៉ុប និងប្រទេសមានសេដ្ឋកិច្ចលូតលាស់បានរួមគ្នាបង្កើតកម្លាំងចម្រុះដើម្បីការពារទំនិញឆ្លងកាត់សមុទ្រក្រហម៕