ថ្ងៃទី១០ ខែមីនា គឺជា​ថ្ងៃ​ ដែល​ប្រជាជន​កាន់សាសនា​អ៊ិ​ស្លាម​ ទូទាំង​សកលលោក​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន ដែល​នេះ​ជា​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ​របស់​ពួកគេ។

ដោយឡែក​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ឯណោះ​វិញ​ក៏​នៅតែ​បន្ត​រៀបចំ​ប្រារព្ធ​បើទោះបីជា​ស្ថានការណ៍​សង្គ្រាម​នៅ​មិនទាន់​រក​ចំណុច​បញ្ចប់​ឃើញ​ក៏ដោយ។

ខុសពី​រាល់​ឆ្នាំ​ការ​ប្រារព្ធ​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន​ ឆ្នាំនេះ ​ធ្វើឡើង​ក្រោម​ការ​រឹតបន្តឹង​របស់​អាជ្ញាធ​រ​អ៊ីស្រាអែល​និង​ធ្វើឡើង​ដោយ​បង្គ្រប់កិច្ច​ដោយហេតុថា​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ភាគច្រើន​កំពុង​រស់នៅក្នុង​ភាពអត់ឃ្លាន។

ប៉ូលិស​រាប់ពាន់នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ផ្លូវតូចៗពាសពេញ​ទីក្រុង​យេ​រូ​សា​ឡឹម​ជាពិសេស​នៅត្រង់​បរិវេណ​វិហារ​អ៊ិ​ស្លាម Al Aqsa ជា​កន្លែង​ស័ក្តិសិទ្ធិ​សម្រាប់​ប្រជាជន​អ៊ិ​ស្លាម​រាប់ម៉ឺន​នាក់​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ជា​រៀងរាល់ឆ្នាំ។

សូម្បីតែ​ការតុបតែង​ធម្មតា​នៅ​ជុំវិញ​ទីក្រុង​ក៏​មិន​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ដែរ​ ផ្ទុយទៅវិញ​ពិធីបុណ្យ​នេះ​ពោរពេញ​ទៅដោយ​ភាព​សោកសៅ​ដោយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ ជាច្រើន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​សង្គ្រាម​អ៊ីស្រាអែល-ហា​ម៉ាស់។

សម្រាប់​អ៊ីស្រាអែល​ការការពារ​យ៉ាង​តឹងរ៉ឹង​នៅក្នុង​ទីក្រុង​យេ​រូ​សា​ឡឹម​និង​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន​នេះ​គឺ​ដើម្បី​ការពារ​ការបះបោរ​ណាមួយ​ដែល​អាច​កើតឡើង​ជាពិសេស​អំពើ​ភេរវកម្ម​ដែល​អាច​បង្កដោយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន។

តំបន់​នេះ​មិន​ត្រឹមតែ​ជាទី​កន្លែង​សក្ការៈ​សម្រាប់​ប្រជាជន​អ៊ិ​ស្លាម​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​កន្លែង​សក្ការៈ​សម្រាប់​អ្នក​កាន់សាសនា​គ្រិស្ត​ផងដែរ។តំបន់​នេះ​ក៏​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ភ្លើងសង្គ្រាម​រវាង​សាសនា​ទាំង២ ជារឿយៗផងដែរ ដោយ​សង្គ្រាម​ចុងក្រោយបង្អស់​គឺ​ឈានចូល​ដល់​ខែ​ទី៦ហើយ។

ទន្ទឹមនឹងនេះ​ក្ដីសង្ឃឹម​ចំពោះ​បទ​ឈប់​បាញ់​ក៏​ហាក់​ធ្លាក់ចុះ​វិញ​បន្តិច​ដោយ​ការចរចា​នៅជាប់​គាំង​មិនទាន់មាន​ការសម្រេច​ជា​ផ្លូវការ​ណាមួយ​នៅឡើយ។ដំបូង​ឡើយ​គេ​សង្ឃឹមថា​បទ​ឈប់​បាញ់​នឹង​អាច​ទទួលបាន​ជោគជ័យ​ហើយ​ចំណាប់ខ្មាំង​ដែល​នៅ​សេសសល់​ក៏​អាចមាន​សេរីភាព​ឡើងវិញ​ដែរ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រជាជន​រងគ្រោះ​ជាច្រើន​នាក់​ក៏​អាច​ទទួលបាន​ជំនួយ​និង​ជាពិសេស​គឺអាច​ប្រារព្ធ​ពិធីបុណ្យ​សាសនា​ដោយ​ស្ងប់​សុខ។

ពិធីបុណ្យ​រ៉ា​ម៉ា​ដាន​គឺជា​ពេលវេលា​ដែល​ប្រជាជន​អ៊ិ​ស្លាម​ត្រូវ​ប្រតិបត្តិការ​តម​អាហារ (បួស) តាំងពីព្រឹក​ព្រលឹម​រហូតដល់​ព្រលប់​រយៈពេល​ពេញ១ខែ។ នេះ​គឺជា​ពេលវេលា​ដែល​ពួកគេ​ត្រូវ​ចូល​វិហារ​អធិដ្ឋាន​សិក្សា​វិន័យ​និង​ធ្វើ​ការងារ​មនុស្សធម៌​ជាដើម។សម្រាប់​ប្រជាជន​មូស្លីម​ខែ​នេះ​ជា​ខែ​នៃ​ការភ្ជាប់​ឡើងវិញ​រវាង​ជំនឿ​របស់​ពួកគេ​ទៅនឹង​ព្រះ៕