អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានច្រានចោលការអំពាវនាវរបស់សម្ដេច ប៉ាប ហ្រ្វង់ស្វ័រ ឱ្យលើកទង់សដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដោយលើកឡើងថា ក្រុងកៀវនឹងមិនចុះចាញ់ឡើយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សម្ដេច ប៉ាប បានថ្លែងក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ពេលស្ថានការណ៍ក្លាយជាអាក្រក់សម្រាប់ភាគីមួយក្នុងជម្លោះ គេត្រូវតែបង្ហាញ «ភាពក្លាហានលើកទង់ស» ហើយចរចា ដោយមិនត្រូវខ្មាសអៀនក្នុងការអង្គុយតុចរចានោះទេ ព្រោះ «ការចរចាមិនមែនជាការចុះចាញ់ទេ»។
ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌ្មីត្រូ គូឡេបា (Dmytro Kuleba) បានសរសេរសារលើបណ្ដាញសង្គមកាលពីថ្ងៃអាទិត្យថា៖ «ទង់ជាតិរបស់យើងមានពណ៌លឿង និងពណ៌ខៀវ។ នេះគឺជាទង់ដែលយើងរស់ ស្លាប់ និងឈ្នះ។ យើងនឹងមិនលើកទង់ផ្សេងទៀតឡើយ»។
លោក គូឡេបា ក៏បានថ្លែងអំណរគុណដល់សម្ដេចប៉ាបផងដែរ សម្រាប់ «ការអធិដ្ឋានឥតឈប់ឈរដើម្បីសន្តិភាព» របស់ព្រះអង្គ។ លោកបាននិយាយថា លោកសង្ឃឹមថាសម្តេចប៉ាបនឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន «ដើម្បីគាំទ្រដល់អ្នកកាន់សាសនាកាតូលិកអ៊ុយក្រែនជាង ១ លាននាក់ ក្រិក-កាតូលិកជាង ៥ លាននាក់ គ្រប់គ្រិស្ទាន និងអ៊ុយក្រែនទាំងអស់»។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី វិញ បានថ្លែងដោយមិនសំដៅចំៗលើសំណើរបស់សម្ដេចប៉ាបទេថា៖ «ពួកគេគាំទ្រយើងតាមរយៈការអធិដ្ឋាន ដោយការពិភាក្សារបស់ពួកគេ និងដោយការប្រព្រឹត្ដ។
នេះគឺពិតជាអ្វីដែលក្រុមជំនុំមួយត្រូវធ្វើជាមួយប្រជាជន។ មិនមែននៅឆ្ងាយ ២ ៥០០ គីឡូម៉ែត្រ ដើម្បីចរចាគ្នាតាមវីដេអូ រវាងភាគីដែលចង់រស់ និងភាគីដែលចង់កម្ទេចភាគី ១ ទៀតនោះទេ»។
ក្រៅពីអ៊ុយក្រែនផ្ទាល់ មន្រ្តីប្រទេសមួយចំនួនទៀតនៅអឺរ៉ុបក៏បានឆ្លើយតបទៅនឹងការលើកឡើងរបស់សម្តេចប៉ាបផងដែរ។
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក RadosławSikorskiបាននិយាយកាលពីថ្ងៃអាទិត្យថា៖ «ដើម្បីតុល្យភាព ចុះបើយើងលើកទឹកចិត្តឱ្យ[ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ] ពូទីន មានភាពក្លាហានក្នុងការដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនវិញ? នោះសន្តិភាពនឹងកើតឡើងភ្លាមៗ ដោយមិនចាំបាច់មានការចរចា»។
ចំណែកឯ លោក Bernhard Kotsch ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំបុរីវ៉ាទីកង់ របស់សម្ដេចប៉ាប បានហៅរុស្ស៊ីថាជាអ្នកឈ្លានពានក្នុងសង្រ្គាមដែលកំពុងបន្ត ហើយបានអំពាវនាវឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនេះ។
សង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានឈានមកដល់ឆ្នាំទី៣ហើយ ហើយការចរចារកសន្ដិភាពក៏ស្ថិតនៅលើចំណុចជាប់គាំង ដោយភាគីទាំងសងខាងប្រកាន់ជំហរលើលក្ខខណ្ឌដាច់ខាតរៀងៗខ្លួន៕