ខណៈពេលដែលក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាផ្សព្វផ្សាយជាបន្តបន្ទាប់ និងជាប្រចាំថ្ងៃអំពីតួលេខការបាត់បង់ជីវិតនិងរបួសរបស់ប្រជាជននៅតំបន់ហ្គាហ្សា ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអះអាងថា ក្នុងចំណោមអ្នកបាត់បង់ជីវិតជាង ៣០០០០ នាក់ យ៉ាងហោចណាស់មានសកម្មប្រយុទ្ធក្រុមហាម៉ាស់ ១៣០០០នាក់។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថានឹងបន្តការវាយលុកចូលតំបន់រ៉ាហ្វាហ៍ (Rafah) នៅភាគខាងត្បូងហ្គាហ្សាដែលគេជឿថា មានជនភៀសខ្លួន ១ លាននាក់ នៅទីនោះ ហើយ ខណៈដែលសហរដ្ឋអាមេរិកហាមឃាត់អ៊ីស្រាអែល ម្តងហើយម្តងទៀត និងចាត់ទុកការវាយចូលតំបន់ចុងក្រោយនេះ ជា«បន្ទាត់ក្រហម»។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងនៅហ្គាហ្សា បានអះអាងថា ប្រជាជនប៉ាឡេស្ទីនជិត ៣១០០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា អំឡុងសង្គ្រាមរយៈពេល ៥ ខែ ដែលបានចាប់ផ្តើមបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់ បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។
ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់រយៈពេលដ៏ខ្លី ក្រុមសកម្មប្រយុទ្ធហាម៉ាស់សម្លាប់មនុស្ស ១២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥៣ នាក់។ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។
ក្នុងចំណោមអ្នកស្លាប់ជាង៣ម៉ឺននាក់នោះ ក្រសួងសុខាភិបាលហ្គាហ្សាមិនបានបំបែកចំនួនអ្នកស្លាប់រវាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធហាម៉ាសទេ ប៉ុន្តែបាននិយាយថា ៧២ ភាគរយនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ។
តាមរ៉យទ័រ ក្រុមហាម៉ាស់ច្រានចោលចំនួនអ្នកស្លាប់ដែលអះអាងដោយអ៊ីស្រាអែលចំពោះក្រុមសកម្មប្រយុទ្ធថាជាការប៉ុនប៉ងបង្ហាញពី«ជ័យជម្នះក្លែងក្លាយ»។
លោក Netanyahu បានប្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Axel Springer ដែលជាម្ចាស់កាសែត Politico និងកាសែត Bild និងទូរទស្សន៍ Welt TV របស់អាល្លឺម៉ង់ថា ការពង្រីកការវាយលុករបស់អ៊ីស្រាអែលទៅលើរ៉ាហ្វាហ៍នៅភាគខាងត្បូងហ្គាហ្សាគឺជាគន្លឹះក្នុងការកម្ចាត់ក្រុមហាម៉ាស់។
កាសែត Bild បានដកស្រង់សម្តីរបស់លោក Netanyahu ថា៖«យើងខិតជិតដល់ជ័យជម្នះហើយ... នៅពេលដែលយើងចាប់ផ្តើមសកម្មភាពយោធាប្រឆាំងនឹងក្រុមភេរវកម្មដែលនៅសល់ក្នុងទីក្រុងរ៉ាហ្វាហ៍ វាគ្រាន់តែជាសំណួរអំពីប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ» រហូតដល់ដំណាក់កាលដ៏ខ្លាំងក្លានៃការប្រយុទ្ធត្រូវបានបញ្ចប់»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន និងជំនួយការរបស់លោក បានជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងលក្ខខណ្ឌដ៏ខ្លាំងមួយ ដោយមិនឱ្យចាប់ផ្តើមការវាយលុកដ៏ធំមួយនៅរ៉ាហ្វាហ៍រហូតដល់អ៊ីស្រាអែលបង្កើតផែនការសម្រាប់ការជម្លៀសជនស៊ីវិលឱ្យបានច្រើន។
ជាងពាក់កណ្តាលនៃប្រជាជន ២,៣ លាននាក់ នៅតំបន់ហ្គាហ្សា ទាំងមូលកំពុងជ្រកកោននៅក្នុងតំបន់រ៉ាហ្វាហ៍នោះ៕