នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ទំនងជួបអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលទើបរួចពីការឃុំខ្លួននៅមន្ទីរពេទ្យប៉ូលិស ក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចរបស់លោកសេដ្ឋាទៅកាន់ខេត្តឈៀងម៉ៃនៅភាគខាងជើងប្រទេសថៃនៅសប្តាហ៍ក្រោយ។
ដំណើរទស្សនកិច្ចរបស់លោក សេដ្ឋា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ដល់ថ្ងៃទី១៧ខែមីនា ស្របពេលដែលលោក ថាក់ស៊ីន ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ខេត្តឈៀងម៉ៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ខែមីនាផងដែរ។
ការធ្វើដំណើររបស់លោកថាក់ស៊ីនបានធ្វើឱ្យអ្នករិះគន់មួយចំនួនមានការមិនពេញចិត្តនោះទេ។ ជាក់ស្ដែង អង្គការបណ្តាញនិស្សិត និងប្រជាជនកែទម្រង់ប្រទេសថៃ បានលើកឡើងថា ពួកគេនឹងស្នើឱ្យគណៈកម្មការទទួលបន្ទុកអ្នកទោសរបស់ក្រសួងយុត្តិធម៌ ស៊ើបអង្កេតមើលថាតើការធ្វើដំណើររបស់លោកថាក់ស៊ីន រំលោភទៅលើលក្ខខណ្ឌនៃការដោះលែងដែរឬក៏យ៉ាងណា។
អង្គការបណ្តាញនិស្សិតនេះក៏បានលើកឡើងផងដែរថា ដំណើរទស្សនកិច្ចរបស់លោកថាក់ស៊ីន អាចជាហេតុផលនយោបាយ ដែលមានបំណងទទួលបានការគាំទ្រពីអ្នកគាំទ្រអាវក្រហម ដែលជាក្រុមគាំទ្រគណបក្សភឿថៃដែលកំពុងកាន់អំណាច។
កាលពីថ្ងៃសៅរ៍ លោក សេដ្ឋា បាននិយាយថា លោកនឹងជួបលោក ថាក់ស៊ីន នៅឈៀងម៉ៃ ប្រសិនបើមានឱកាស។
លោកបានបន្ថែមថា កាលពីមុន លោកបានទៅសួរសុខទុក្ខលោកថាក់ស៊ីនភ្លាមៗបន្ទាប់ពីគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ហើយបានត្រឡប់ទៅផ្ទះវិញនៅបាងកក ដូច្នេះវាមិនមែនជាបញ្ហាអ្វីនោះទេក្នុងការដែលលោកនឹងទៅជួបលោក ថាក់ស៊ីន ជាលើកទីពីរនៅឈៀងម៉ៃ។
លោក សេដ្ឋា បាននិយាយថា៖«ខ្ញុំប្រហែលជាទៅលេងគាត់នៅឈៀងម៉ៃ ក្នុងនាមជាមនុស្សធ្លាប់ស្គាល់គ្នា»។យ៉ាងណាមិញ ពួកគេមិនបានកំណត់ពេលវេលាជាក់លាក់ក្នុងការជួបនោះទេ ព្រោះលោក ស្រេតថា មិនបានដឹងអំពីកាលវិភាគរបស់លោក ថាក់ស៊ីន ឡើយ។ លោកក៏បានច្រានចោលការព្រួយបារម្ភអំពីចេតនារបស់គណបក្សប្រឆាំង ដែលចង់ផ្ដួចផ្ដើមការជជែកដេញដោលប្រឆាំងនឹងរដ្ឋាភិបាល។
គណបក្សប្រជាធិបតេយ្យ (Democrat Party) បានលើកឡើងថា នាយកដ្ឋានពន្ធនាគារ និងនាយកដ្ឋានដោះលែងឱ្យនៅក្រៅឃុំ គឺជាភ្នាក់ងារដែលស័ក្ដិសមបំផុតក្នុងការតាមដានត្រួតពិនិត្យការធ្វើដំណើររបស់លោក ថាក់ស៊ីន។ ទន្ទឹមនឹងនេះ ក្រុមអ្នកគាំទ្រអាវក្រហមនៅឈៀងម៉ៃ ក៏គ្រោងប្រមូលផ្តុំគ្នានៅវត្តមួយ ដោយសង្ឃឹមថា ពួកគេនឹងបានជួបលោក ថាក់ស៊ីន នៅថ្ងៃទី ១៥ ខែមីនា។
នៅថ្ងៃទី១៣ ខែមីនា ខាងមុខនេះ គណបក្សប្រឆាំងគ្រោងនឹងដាក់ញត្តិឱ្យមានការបើកជជែកដេញដោលមួយចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមេសា។ ប្រធានបទមួយនៃការជជែកដេញដោលនោះ ទំនងជាពាក់ព័ន្ធនឹងការដោះលែងលោកថាក់ស៊ីន។
លោក សេដ្ឋា បានអះអាងថាការដោះលែងលោក ថាក់ស៊ីន ធ្វើឡើងទៅតាមច្បាប់ ហើយលោកមិនបានជាប់ពាក់ព័ន្ធ ឬចូលអន្តរាគមន៍ដើម្បីធានាឲ្យលោក ថាក់ស៊ីន អាចចេញពីពន្ធនាគារមុនពេលកំណត់នោះទេ។
គណបក្សប្រឆាំងកំពុងរិះគន់រដ្ឋាភិបាលចំពោះការយឺតយ៉ាវក្នុងការអនុវត្តគោលនយោបាយសំខាន់ៗរបស់ខ្លួនដែលបានប្រកាសនៅក្នុងសភានៅពេលឡើងកាន់អំណាចកាលពីកន្លះឆ្នាំមុន។ ដោយឡែក លោក សេដ្ឋា បានឆ្លើយតបថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការឡើងបកស្រាយបំភ្លឺចំពោះបញ្ហាផ្សេងៗនៅក្នុងសភា។
នៅពាក់កណ្តាលខែនេះ រដ្ឋាភិបាលនឹងចេញផ្សព្វផ្សាយពីសមិទ្ធិផលរបស់ខ្លួនដែលបានមកពីដំណើរទស្សនកិច្ចអន្តរជាតិនាពេលថ្មីៗនេះ និងជូនដំណឹងដល់សាធារណជនអំពីការវិនិយោគបរទេសនៅក្នុងប្រទេសថៃ។ លើសពីនេះ ពួកគេនឹងប្រកាសអំពីផែនការសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យបានលឿនផងដែរ។
ទន្ទឹមនឹងនេះ លោក សេដ្ឋា បានច្រានចោលការអះអាងរបស់បក្សប្រឆាំងដែលថាលោកនាយករដ្ឋមន្ត្រីថៃរូបនេះ ត្រឡប់មកពីបំពេញទស្សនកិច្ចនៅក្រៅប្រទេសដោយមិនមានស្នាដៃអ្វីទាំងអស់៕