យោងតាមការស៊ើបអង្កេតរបស់ភ្នាក់ងារសារព័ត៌មាន Nikkei បានបង្ហាញថា កូរ៉េខាងជើងទំនងជាកំពុងសហការជាមួយប្រទេសមួយចំនួនទៅលើការស្រាវជ្រាវរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល និងយោធារបស់ខ្លួន។
ដោយមានជំនួយពីអ្នកជំនាញបច្ចេកទេស ភ្នាក់ងារសារព័ត៌មាន Nikkei បានពិនិត្យមើលឯកសារដែលសហការនិពន្ធដោយអ្នកស្រាវជ្រាវកូរ៉េខាងជើង និងជនជាតិបរទេសជាច្រើន តាមរយៈការប្រើប្រាស់កម្មវិធី Scopus ជាមូលដ្ឋានស្រង់យកទិន្នន័យពហុវិស័យ។
ការវិភាគបានរកឃើញថា មានការរំលោភទៅលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងឯកសារស្រាវជ្រាវរហូតដល់ទៅជាង ១១០ឯកសារ ហើយជាង ៨០% នៃឯកសារទាំងអស់នោះ គឺជាការសរសេរដោយសហការគ្នារវាងអ្នកស្រាវជ្រាវជនជាតិកូរ៉េខាងជើង និងជនជាតិចិន។
កម្មវិធី Scopus គឺជាប្រភពទិន្នន័យដ៏ធំបំផុតនៅលើពិភពលោក ដែលក្នុងនោះមានដូចជាឯកសារស្រាវជ្រាវជាច្រើនប្រភេទដែលមានការត្រួតពិនិត្យ សហការសរសេរ និងកែសម្រួលដោយអ្នកជំនាញនៅទូទាំងពិភពលោក រួមមានដូចជាទស្សនាវដ្ដីសិក្សា សៀវភៅ និងដំណើរការសន្និសីទសរុបទាំងអស់ប្រមាណជាជាង ៩១ លានឯកសារ។
ការសិក្សារបស់ភ្នាក់ងារសារព័ត៌មាន Nikkei បានសិក្សាទៅលើឯកសារដែលបានបោះពុម្ពផ្សាយនៅចន្លោះខែធ្នូ ឆ្នាំ ២០១៦ នៅពេលដែលអង្គការសហប្រជាជាតិបានបង្កើនការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងកាន់តែខ្លាំង រហូតដល់ខែកញ្ញា ឆ្នាំ ២០២៣។
ការសិក្សានេះមានការចូលរួមពីអ្នកជំនាញផ្នែកបច្ចេកវិទ្យាចំនួន ៩ រូប មកពីវិស័យផ្សេងៗគ្នា ដែលក្នុងនោះក៏មានលោកតាកេស៊ី ស៊ូជីយ៉ា (Takeshi Tsuchiya) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យតូក្យូដែលលោកជាអ្នកស្រាវជ្រាវជំនាញទៅលើផ្នែកលម្ហអាកាស និងអវកាសយានិក។
ការវិភាគរបស់ Nikkei ក៏បានបញ្ជាក់អំពីស្ថាប័នដែលផ្តល់មូលនិធិទៅកាន់អ្នកស្រាវជ្រាវកូរ៉េខាងជើងផងដែរ។ សរុបជារួម មានឯកសារស្រាវជ្រាវចំនួន ៦៥៧ ឯកសារដែលអ្នកស្រាវជ្រាវមកពីស្ថាប័នផ្សេងៗនៅកូរ៉េខាងជើង សហការជាមួយអ្នកស្រាវជ្រាវមកពីបណ្ដាប្រទេសផ្សេង។
ឯកសារសំខាន់ៗចំនួន ៨៥% ឬស្មើនឹង ៩៤ ក្នុងចំណោម ១១០ ឯកសារជាការសហការនិពន្ធជាមួយអ្នកស្រាវជ្រាវមកពីស្ថាប័នស្រាវជ្រាវរបស់ចិន។ លើសពីនេះទៀត ៦៧ ឯកសារ (៦១%) ក្នុងចំណោមឯកសារនេះ គឺជាការសិក្សារួមគ្នាដោយមានការផ្តល់មូលនិធិគាំទ្រដោយផ្ទាល់ ឬដោយប្រយោលពីរដ្ឋាភិបាលចិន។
ចាប់តាំងពីឆ្នាំ ២០២២ មក ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់ផ្លោង និងប្រភេទមីស៊ីលប្រភេទផ្សេងៗជាង ៨០ គ្រាប់។ លើសពីនេះទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសនេះបានអះអាងថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដោយជោគជ័យទៀតផង។
ការណ៍នេះបានធ្វើឱ្យមានការព្រួយបារម្ភថា កូរ៉េខាងជើងទំនងជាបានទទួលជំនួយបច្ចេកវិទ្យាយោធាទំនើបៗពីប្រទេសចិន និងប្រទេសផ្សេងទៀត តាមរយៈការយកកម្មវិធីផ្លាស់ប្ដូរការសិក្សាមកបិទបាំង៕