ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលធ្លាប់បានបង្ហាញពីក្តីសង្ឃឹមយ៉ាងជាក់លាក់ដោយការនាំយកបទឈប់បាញ់ថ្មីមួយជូនដល់ប្រជាជននៅតំបន់ហ្គាហ្សា បានផ្ញើសារជូនពរប្រជាជនមូស្លីម ដោយរៀបរាប់ពីទុក្ខសោកវេទនាដែលកើតឡើងនៅឆ្នាំនេះ។
បទឈប់បាញ់លើកទី ២ រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដែលលោក ចូ បៃដិន បាននិយាយជាសាធារណៈដំបូងរយៈពេល ១ សប្តាហ៍មុនកាលបរិច្ឆេទដែលភាគីជម្លោះទាំង ២ សន្យាជួបចរចាគ្នានៅទីក្រុងគែរប្រទេសអេហ្ស៊ីបនៅថ្ងៃទី ៣ មីនា ប៉ុន្តែអ្វីៗដែលលោក ចូ បៃដិន បាននិយាយនោះ មិនបានកើតឡើង ដោយសារភាគីអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ាមិនបានបញ្ជូនប្រតិភូចរចាទៅកាន់ទីក្រុងគែរទេ ដោយចោទប្រកាន់ភាគីក្រុមហាម៉ាស់ថា មិនបានឆ្លើយតបជាក់លាក់ចំពោះលក្ខខណ្ឌរបស់ខ្លួន។
សេចក្តីព្រាងអត្ថបទចរចា ដែលបានចុះផ្សាយដោយរ៉យទ័រនាពេលនោះ បានឱ្យដឹងថា បទឈប់បាញ់លើកនេះនឹងមានរយៈពេល ៤០ ថ្ងៃ ការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ការបង្កើនចំនួនជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សា និងការបើកផ្លូវឱ្យអ្នករត់ភៀសសង្គ្រាមវិលត្រឡប់ទៅកាន់ផ្ទះវិញជាបណ្តើរៗ។
សេចក្តីប្រកាសមួយរបស់សេតវិមានដែលបង្ហោះលើបណ្តាញសង្គមរបស់លោក ចូ បៃដិន បានរៀបរាប់ពីការឈឺចាប់របស់ជនជាតិមូស្លីមនៅក្នុងឆ្នាំនេះ។
សេចក្តីប្រកាសសរសេរថា៖«ឆ្នាំនេះ វាមកដល់ ចំពេលមានការឈឺចាប់ខ្លាំង។ សង្គ្រាមនៅហ្គាហ្សាបានបង្កទុក្ខវេទនាយ៉ាងខ្លាំងដល់ប្រជាជនប៉ាឡេស្ទីន។ ជនជាតិប៉ាឡេស្ទីនជាង ៣ម៉ឺននាក់ត្រូវបានសម្លាប់ ដែល ភាគច្រើនជាជនស៊ីវិល រួមទាំងកុមារ រាប់ពាន់នាក់ផងដែរ»។សហរដ្ឋអាមេរិកក៏សន្យាផ្តល់ជំនួយមនុស្សធម៌ច្រើនទៀត៕