ចិនបានបន្តប្រើវោហារសាស្ត្រគំរាមកំហែងប្រឆាំងនឹងកោះតៃវ៉ាន់នៅថ្ងៃពុធ ថែមទាំងព្រមានអ្នកនយោបាយបរទេសណាដែលមានទំនាក់ទំនងជាមួយក្រុងតៃប៉ិ ថា «កំពុងលេងជាមួយភ្លើង» ជាវោហារសាស្ត្រដែលចិនធ្លាប់ប្រើប្រាស់ចំពោះសហរដ្ឋអាមេរិក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោក Ma Xiaoguang បាននិយាយថា ចិនបានប្តេជ្ញាចិត្តក្នុងឆ្នាំថ្មីដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងបំផ្លាញផែនការរកឯករាជភាពរបស់តៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ។
លោក Ma បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖ «ការគាំទ្រឯករាជភាពតៃវ៉ាន់ដ៏អាក្រក់ក្នុងចំណោមកិច្ចការប្រឆាំងនឹងចិនផ្សេងទៀតពីរដ្ឋបរទេសមួយចំនួនជាការបង្កហេតុដោយចេតនា»។
ចិនចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃដែនអធិបតេយ្យភាពរបស់ខ្លួន ហើយនឹងប្រើកម្លាំងវាយយកប្រសិនបើចាំបាច់។ ដំណើរទស្សនកិច្ចជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពីសំណាក់អ្នកនយោបាយបរទេសទៅកាន់កោះតៃវ៉ាន់ រួមទាំងដោយប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាលខែសីហា ឆ្នាំមុន និងអ្នកនយោបាយជាច្រើនទៀតមកពីសហភាពអឺរ៉ុបបានជំរុញឱ្យភាពតានតឹងក្នុងតំបន់កើនឡើង ហើយទាំងចិន និងកោះតៃវ៉ាន់បានបង្កើនការធ្វើសមយុទ្ធយោធារៀងៗខ្លួនដើម្បីសម្ញែងគ្នា។
នៅសប្តាហ៍នេះ យោធាតៃវ៉ាន់កំពុងធ្វើសមយុទ្ធដែលមានគោលបំណងធានាដល់សាធារណជនអំពីសមត្ថភាពរបស់ខ្លួន ក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់ចិននៅមុនថ្ងៃបុណ្យចូលឆ្នាំចិនក្នុងខែនេះ។ កងកម្លាំងទ័ពអាកាសតៃវ៉ាន់ លោក Wu Bongyeng បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាស Hsinchu នាភាគខាងត្បូងនៃរដ្ឋធានីតៃប៉ិថា៖«អ្វីដែលសំខាន់បំផុតគឺរក្សាសុវត្ថិភាពនៃដែនអាកាស និងសន្តិសុខជាតិរបស់យើង»។
សមយុទ្ធរបស់តៃវ៉ាន់នេះធ្វើឡើងស្របពេលគ្នាជាមួយនឹងដំណើរទស្សនកិច្ចរបស់សមាជិកសភាអាល្លឺម៉ង់ និងលីទុយអានី ដែលជារដ្ឋបាល់ទិករឹងទទឹងជាងគេផ្នែកការទូតប្រឆាំងនឹងមហាយក្សចិន ហើយព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយកោះតៃវ៉ាន់៕