សភាចិនក្នុងសម័យប្រជុំរបស់ខ្លួន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ បានធ្វើវិសោធនកម្មច្បាប់ស្ដីពីការរៀបចំក្រុមប្រឹក្សារដ្ឋ ដើម្បីបង្កើនសិទ្ធិអំណាចរបស់បក្សកុម្មុយនីស្តចិន ទៅលើក្រុមប្រឹក្សារដ្ឋ ដែលជាគណៈរដ្ឋមន្ត្រីកំពូលរបស់ប្រទេសចិន។
ការធ្វើវិសោធនកម្មច្បាប់នេះបានធ្វើឡើងបន្ទាប់ពីការលុបចោលសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីដែលនេះ គឺជារឿងដែលមិនធ្លាប់កើតមានឡើយ អស់រយៈពេល ៣ ទសវត្សរ៍មកនេះ។
អំឡុងពេលសមាជប្រជាជាតិនៅទីក្រុងប៉េកាំង ច្បាប់ស្ដីពីការរៀបចំក្រុមប្រឹក្សារដ្ឋនេះ ត្រូវបានអនុម័តដោយគណៈប្រតិភូចំនួន ២ ៨៨៣ សំឡេង ដោយមានសំឡេងប្រឆាំងចំនួន ៨ និងអនុបវាទចំនួន ៩ សំឡេង។
ជាការកត់សម្គាល់ វិសោធនកម្មច្បាប់នេះគឺជាផ្នែកមួយនៃការព្យាយាមកាត់បន្ថយអំណាចក្រុមប្រឹក្សារដ្ឋ ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang) ដែលគ្រប់គ្រងក្រសួងរដ្ឋាភិបាលចំនួន ២១ និងរដ្ឋបាលក្នុងតំបន់ជាច្រើន។
អ្នកជំនាញផ្នែកច្បាប់មួយចំនួនបានកត់សម្គាល់ថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការរៀបចំក្រុមប្រឹក្សារដ្ឋនេះ គឺជាលើកដំបូងហើយ បើគិតចាប់តាំងពីឆ្នាំ ១៩៨២ មក។ ការណ៍នេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអំណាចគ្រប់គ្រងប្រទេសពីរដ្ឋទៅស្ថិតនៅលើកណ្ដាប់ដៃបក្សកុម្មុយនីស្តចិន។
មាត្រាដែលបានដាក់បន្ថែមថ្មី បានសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចរបស់ក្រុមប្រឹក្សារដ្ឋ ក្នុងការគាំទ្រសិទ្ធិអំណាច និងការដឹកនាំដោយគណៈកម្មាធិការមជ្ឈិមបក្សដឹកនាំដោយលោក ស៊ី ជីនភីង។
លោក រ៉ាយ៉ាន់ មីតឆែល (Ryan Mitchell) សាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យចិនហុងកុង បាននិយាយថា៖«នេះជាការផ្លាស់ប្តូររបៀបដឹកនាំរបស់អំណាចប្រតិបត្តិដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងប្រទេសចិន»។
លោកបានបន្ថែមថា៖ «គ្រប់គ្នាយល់យ៉ាងច្បាស់ហើយថា មានតែមេដឹកនាំគណបក្សកាន់អំណាចប៉ុណ្ណោះដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងឋានានុក្រមតួនាទី ជាពិសេសគឺការដឹកនាំបង្កើតគោលនយោបាយ និងការត្រួតពិនិត្យការអនុវត្តគោលនយោបាយ»។
លោក លី ហុងចុង (Li Hongzhong) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិបានថ្លែងនៅក្នុងសុន្ទរកថានៅក្នុងសភាថា វិសោធនកម្មនេះមានគោលបំណងពង្រឹងកំណែទម្រង់ស្ថាប័នបក្ស និងស្ថាប័នរដ្ឋ ព្រមទាំងការអនុវត្តដោយអនុលោមតាមរដ្ឋធម្មនុញ្ញទាំងស្រុង។
លោក ថូម៉ាស ខេឡុក (Thomas Kellogg)សាស្ត្រាចារ្យច្បាប់អាស៊ីនៅសកលវិទ្យាល័យ Georgetown ក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា៖«វាគឺជាការចង្អុលបង្ហាញឱ្យឃើញថាគណបក្សកុម្មុយនីស្ដចិន កំពុងពង្រឹងឥទ្ធិពលផ្ទាល់របស់ខ្លួនទៅលើស្ថាប័នរដ្ឋ ក្នុងគោលបំណងពង្រីកសិទ្ធិអំណាចពេញលេញរបស់ខ្លួន»។
សន្និសីទសារព័ត៌មានក្រោយសភារបស់នាយករដ្ឋមន្ត្រី ដែលត្រូវបានលុបចោល ជាទូទៅគឺជាព្រឹត្តិការណ៍ដែលគ្រប់គ្នាគិតថានឹងអាចកើតឡើង សម្រាប់ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច និងគោលនយោបាយរបស់ប្រទេស។
ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ ២០១២ លោក ស៊ី ជីនភីង បានបង្កើតគណៈកម្មាធិការកណ្តាលថ្មីជាច្រើនដើម្បីត្រួតពិនិត្យក្រសួងមួយចំនួន ហើយត្រូវរាយការណ៍ដោយផ្ទាល់ទៅកាន់លោក។ គណៈកម្មាធិការមួយចំនួនថែមទាំងបានលូកដៃចូលក្នុងគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាធម្មតាគឺស្ថិតនៅក្រោមការគ្រប់គ្រងដោយនាយករដ្ឋមន្ត្រី។
កាលពីឆ្នាំមុន ចិនក៏ធ្លាប់បានរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលផងដែរ ដោយបានបង្កើតស្ថាប័នបក្សថ្មីដើម្បីគ្រប់គ្រងក្រសួងមួយចំនួន។ ក្រោយមក ក្រុមប្រឹក្សារដ្ឋក៏បានធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ដើម្បីបញ្ជាក់ថា គណបក្សកាន់អំណាចគឺជាស្ថាប័នដែលមានសិទ្ធិសម្រេច។ បន្ទាប់ពីការអនុម័តច្បាប់ថ្មីនោះមក ក្រុមប្រឹក្សារដ្ឋលែងមានប្រជុំប្រចាំសប្តាហ៍ទៀតហើយ ពោលគឺត្រលប់ទៅប្រជុំពីរឬបីដងក្នុងមួយខែវិញ។
លោក ខេឡុក បានបញ្ជាក់ថា ការលុបចោលសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីគឺជាឧទាហរណ៍មួយទៀតដែលបង្ហាញពីអភិបាលកិច្ចស្ថាប័នរបស់រដ្ឋ ត្រូវបានដកចេញដោយគណបក្ស។
លោកបានសង្កត់ធ្ងន់ថា៖ «យើងកំពុងស្ថិតនៅចំពេលវេលាអន្តរកាលនៃការផ្លាស់ប្ដូររចនាសម្ព័ន្ធរដ្ឋរបស់បក្ស ដូច្នេះហើយវាអាចនឹងមានការផ្លាស់ប្តូរជាច្រើនទៀតនៅពេលខាងមុខ»៕