ព័ត៌មានអន្តរជាតិជាធាតុដ៏សំខាន់មួយក្នុងចំណោមផ្នែកជាច្រើននិងសម្បូរបែបរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ ជាភាសាខ្មែរ ឬហៅថា «ប៉ុស្តិ៍ខ្មែរ» ដើម្បីឱ្យប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស អាចទទួលបានព័ត៌មានពីហេតុការណ៍កើតឡើងនានាជុំវិញពិភពលោក ដោយយោងតាមប្រភពព័ត៌មានច្បាស់លាស់ ជឿទុកចិត្តបាននិងការថ្លឹងថ្លែងមុនការចេញផ្សាយ ដើម្បីបញ្ចៀសភាពលម្អៀងទៅភាគីខាងណាមួយក្នុងជម្លោះ។
ភ្នំពេញ ប៉ុស្តិ៍ មិនត្រឹមតែប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពសម្រាប់ព័ត៌មានជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានអនុវត្តចំពោះព័ត៌មានអន្តរជាតិផងដែរ ដោយយើងមិនបានបកប្រែទាំងស្រុងនោះទេ គឺត្រូវរកប្រភពសម្រាប់ធ្វើឱ្យព័ត៌មាននោះគ្រប់ជ្រុយជ្រោយជាមុនសិនមុនការចេញផ្សាយទាំងនៅលើទំព័រកាសែតបោះពុម្ពនិងតាមមធ្យោបាយផ្សព្វផ្សាយអេឡិចត្រូនិកនិងបណ្តាញសង្គមនានាដែលខ្លួនមាន។
ឧទាហរណ៍ជាក់ស្តែង ក្នុងជម្លោះរវាងមហាអំណាចរុស្ស៊ីនិងបស្ចិមប្រទេស អ្នកអានខ្លះនិងប្រជាជនទូទៅតែងតែថា ព័ត៌មានក្នុងប្លុកសេរីតែងនៅខាងសេរី ចំណែកឯព័ត៌មានចេញរុស្ស៊ីច្បាស់ជាកាន់ជើងរុស្ស៊ី។ ដើម្បីបំបាត់ឬកាត់បន្ថយនូវការបែងចែកនាំទៅរកការប្រកាន់ម្ខាងៗ ផ្តើមចេញពីព័ត៌មានប្រកបដោយវិជ្ជាជីវៈ យើងបានរកប្រភពដើម្បីធ្វើឱ្យព័ត៌មានរបស់យើងមានតុល្យភាពជានិច្ច។
មកដល់ពេលនៃការបិទការបោះពុម្ពផ្សាយនៅលើទំព័រកាសែត ភ្នំពេញ ប៉ុស្តិ៍ នៅលេខចុងក្រោយនេះ អនុញ្ញាតឱ្យខ្ញុំបានសង្ខេបព្រឹត្តិការណ៍អន្តរជាតិដែលភ្នំពេញប៉ុស្តិ៍បានរួមចំណែកផ្សព្វផ្សាយដើម្បីមិត្តអ្នកអាននិងអ្នកទស្សនា តាមវីដេអូក្នុងពេលកន្លងមក។
ក្នុងការនាំយកព័ត៌មានពិតជាក់លាក់ ទាន់ហេតុការណ៍ ដើម្បីឱ្យអ្នកអានដែលមិនចេះភាសាបរទេស ឬអ្នកចេះភាសាបរទេសតែមិនមានពេលគ្រប់គ្រាន់ដើម្បីអាន និងគិតស៊ីជម្រៅ ឱ្យទទួលបាននូវការវិវត្តថ្មីៗរបស់ពិភពលោក ក្រុមការងារផ្នែកព័ត៌មានអន្តរជាតិរបស់ ភ្នំពេញ ប៉ុស្តិ៍ បានផ្តោតលើប្រធានបទជាច្រើនដែលជាប្រយោជន៍ដល់មិត្តអ្នកអាននិងអ្នកទស្សនាដ៏ស្មោះត្រង់។
មាតិកាព័ត៌មានអន្តរជាតិផ្តោតលើទំនាក់ទំនងការទូត ការប្រជែងឥទិ្ធពលយោធារវាងប្លុកសេរីនិងប្លុកកុម្មុយនីស្ត ស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ ការប្រជែងពាណិជ្ជកម្ម ការអភិវឌ្ឍបច្ចេកវិទ្យា ស្ថានភាពសុខាភិបាលសកល និងអសន្តិសុខតាមតំបន់ និងតាមប្រទេសផ្សេងៗ គឺជាអ្វីដែលក្រុមការងារយើងយកចិត្តទុកដាក់។
នៅមុនសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែនដែលជាសង្គ្រាមធំបំផុតក្រោយការបង្កើតអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៤៨ ប្រទេសមហាអំណាចធំៗនិងប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចជឿនលឿនបានប្រឹងប្រជែងគ្នាលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការចងក្រងគ្នាជាក្រុមសម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម ដោយរកវិធីកាត់បន្ថយការសាយភាយអាវុធ។
ប៉ុន្តែក្រោយការផ្ទុះអាវុធរវាងមហាអំណាចរុស្ស៊ីនិងអ៊ុយក្រែនដែលរុស្ស៊ីចោទថាជាកូនអុករបស់បស្ចិមប្រទេសនោះ គឺជាពេលវេលាដើរថយក្រោយរបស់ពិភពលោកទាំងមូលដែលរកឃើញសន្តិភាពសកល ៧៤ ឆ្នាំ ដោយមហាអំណាចងាកទៅរកការពង្រឹងការផលិតអាវុធឡើងវិញ ហើយតួនាទីរបស់អង្គការសហប្រជាជាតិបានចុះខ្សោយ។
ភ្នំពេញ ប៉ុស្តិ៍ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៃសង្គ្រាមនេះ ព្រោះវាជាការប្រែប្រួលភូមិសាស្ត្រនយោបាយដ៏ធំដែលចៀសមិនផុត កម្ពុជាមានរងឥទ្ធិពលពីសង្គ្រាមនេះ។
នៅមុនសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ព័ត៌មានអន្តរជាតិបានផ្តល់អាទិភាពលើការប្រកួតប្រជែងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងមហាអំណាចចិនដែលកាលនោះក្នុងអាណត្តិរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នយោបាយដំឡើងពន្ធរបស់លោក បានបង្កជម្លោះពាណិជ្ជកម្មនៅជុំវិញពិភពលោកសូម្បីជាមួយដៃគូរបស់ខ្លួនដូចជាសហភាពអឺរ៉ុបនិងប្រទេសជប៉ុន។
ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណា មិនត្រឹមតែបង្កជម្លោះផ្នែកការទូតនោះទេ ប៉ុន្តែថែមទាំងបង្កការវិនាសកម្មទៅដល់វិស័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះ។
អង្គការសុខភាពពិភពលោក (WHO) កាលពីខែកុម្ភៈថ្មីៗនេះបានឱ្យដឹងថា អ្នកស្លាប់ដោយសារកូវីដ១៩ដែលបានចុះក្នុងប្រព័ន្ធមាន ៧ លាននាក់ ប៉ុន្តែអង្គការនេះបានជឿជាក់ថា ចំនួនអ្នកស្លាប់អាចកើនលើសនេះ ៣ ដងរហូតដល់ ២១ លាននាក់នៅទូទាំងពិភពលោក។
ឥទ្ធិពលរបស់ជំងឺកូវីដ ១៩ ដែលនាំទៅដល់ការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបក្នុងន័យទប់សង្គមរបស់ខ្លួនឱ្យមានលំនឹង។
ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ហេតុការណ៍ជាច្រើនបានកើតឡើងដែលបង្ហាញពីវិបត្តិរបស់មនុស្សជាតិ។ ការដួលរលំនៃក្រុមហ៊ុននានា ដែលកើតឡើងនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនបម្រើសេវាទេសចរណ៍ ការដួលរលំនៃក្រុមហ៊ុនអចលនទ្រព្យ ការប្រែប្រួលប្រព័ន្ធហិរញ្ញវត្ថុ ការកាត់ផ្តាច់ប្រព័ន្ធដឹកជញ្ជូន និងបញ្ហាអតិផរណាកើតឡើងនៅទូទាំងសកលលោក។ ពិភពលោកបានភ្លេចទាំងស្រុងនូវជំងឺកូវីដ ១៩ ចាប់តាំងពីសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២។
ក្នុងសង្គ្រាមប្រវត្តិសាស្ត្រមួយនេះ បានបែងចែកពិភពលោកជាថ្មី ហើយរុស្ស៊ីដែលលើកទ័ពចូលលុកលុយអ៊ុយក្រែនបានមើលឃើញភាពឯកោយ៉ាងខ្លាំងក្នុងវិស័យការទូត។
អន្តរជាតិថ្កោលទោសរុស្ស៊ី ហើយប្រទេសស្ទើរទាំងអស់ជុំវិញសកលលោកតាមយន្តការរបស់អង្គការសហប្រជាជាតិបានថ្កោលទោសរុស្ស៊ី ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ប៉ុន្តែលើកលែងមហាអំណាចចិន និងប្រទេសតូចៗខ្លះទៀតបន្តគាំទ្ររុស្ស៊ីដោយឥតងាករ៉េ។
ខណៈអ៊ុយក្រែនមានកម្លាំងចិត្តយ៉ាងខ្លាំងប្រយុទ្ធជាមួយរុស្ស៊ី ក្រោមជំនួយឧបត្ថម្ភធំពីសហរដ្ឋអាមេរិក និងប្រទេសជឿនលឿននៅអឺរ៉ុបឬអាចហៅថាអឺរ៉ុបទាំងមូល ធ្វើឱ្យរុស្ស៊ីស្ទើរតែចាញ់សង្គ្រាម និងបន្ទន់ជំហរទៅរកការចរចាទៅហើយនោះ រឿងដែលនឹកស្មានមិនដល់គឺថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន ដែលជាសត្រូវប្រវត្តិសាស្ត្រជាមួយអ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា បានវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែល កាលថ្ងៃទី ៧ តុលា ២០២៣ ដោយសម្លាប់មនុស្សប្រមាណ ១ ២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៤០ នាក់ ធ្វើឱ្យអ៊ីស្រាអែលដែលប្រកាសសង្គ្រាមសងសឹក បោសសម្អាតក្រុមហាម៉ាស់ហើយសង្គ្រាមអូសបន្លាយរហូតដល់ពេលនេះបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់បង់ជម្រក ភាពអត់ឃ្លាន វិបត្តិមនុស្សធម៌ និងជម្លោះកើតកាន់តែធំឡើង។
ក្នុងដំណាក់កាលក្រោយនេះ ក្រោយសង្គ្រាមនេះផ្ទុះឡើងរុស្ស៊ីមានលំនឹងលើអន្តរជាតិជាថ្មីដោយសារប្រទេសតំបន់អារ៉ាប់ងាកទៅរករុស្ស៊ី ហើយអាមេរិកលែងផ្តល់អាទិភាពលើការជួយអ៊ុយក្រែន ខណៈប្រទេសចិន ពង្រីកវិស័យការទូតកាន់តែខ្លាំង និងគាបតៃវ៉ាន់យ៉ាងណែន៕