ភាព​អាចទៅរួច​នៃ​ការវិលត្រឡប់​របស់លោក ​ដូណាល់ ត្រាំ (Donald Trump) ទៅកាន់​ការិយាល័យ​ប្រធានាធិបតី​វិញ​បាន​បង្កឱ្យមាន​ភាពមិន​ច្បាស់លាស់ ​និង​ ក្តី​ព្រួយបារម្ភ​ជាច្រើន​រាប់​ចាប់តាំងពី​នៅ​រដ្ឋធានី ​ប្រ៊ុ​ច​សែ​ល​ នៃ​ប្រទេស ​បែលហ្ស៊ិក ដល់​រាជធាណី​ អូ​តា​វ៉ា ​នៃ​ប្រទេស ​កាណាដា​ និង​ ទីក្រុង ​តូ​ក្យូ​ផងដែរ។ ខណៈ​ទីក្រុង ​ប៉េកាំង ហាក់ដូចជា​មិនបាន​បង្ហាញ​ប្រតិកម្ម​ណាមួយ​នោះទេ។

ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹងមិន​ផ្លាស់ប្តូរ​ខ្លាំង​នូវ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​អាមេរិក​ចំពោះ​ប្រទេស​ចិន​នោះដែរ។

យ៉ាងណា​អតីត​ប្រធានាធិបតី ត្រាំ ក្នុង​អាណត្តិ​មុន​របស់លោក​ហាក់ដូចជា​តឹងតែង​ចំពោះ​ប្រទេស​ចិន​ជាង​លោក ចូ បៃដិន (Joe Biden) ដែល​កំពុង​កាន់តំណែង។លោក ត្រាំ បាន​ផ្តល់យោបល់​ថា​សហរដ្ឋអាមេរិក​គួរតែ​ដក​ប្រទេស​ចិន​ចេញពី​ឋានៈ​ជា «ប្រទេស​ដែល​ទី​ពេញចិត្ត​បំផុត» របស់ខ្លួន​ជុំវិញ​ការផ្តោះប្តូរ​ពាណិជ្ជកម្ម។

លោក ត្រាំ បាន​គំរាម​យកពន្ធ​រហូតដល់៦០ភាគរយ​លើ​ការនាំ​ចូល​របស់​ចិន​ទាំងអស់ ចាប់ផ្តើម​ពី​ពេលនេះ​ប្រហែល២០ភាគរយ​និង​បាន​ប្តេជ្ញា​ថា​នឹង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រទេស​ចិន​តាមបែប​សេដ្ឋកិច្ច។

ផ្ទុយទៅវិញ​រដ្ឋបាល បៃដិន ស្វែងរក​អ្វីដែល​ល្អ​បំផុត​សម្រាប់​មហាអំណាច​ពិភពលោក​ទាំង២តាមរយៈ​ការបង្កើន​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​អាមេរិក​ពី​ការចូលរួម​ផ្នែក​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយ​ប្រទេស​ចិន​ស្រប​ពេលដែល​ព្យាយាម​ខ្ទប់​ការអភិវឌ្ឍ​របស់​ចិន​ដូចគ្នា។

គោលនយោបាយ​របស់លោក បៃដិន បាន​ជំរុញ​ឱ្យ​ខ្លួន​ទទួលបាន​ទីផ្សារ​កាន់តែ​ប្រសើរឡើង​សម្រាប់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អាមេរិក​ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​និង​ព្យាយាម​នាំចូល​ផលិតផល មិនមែន​យុទ្ធសាស្ត្រ​របស់ខ្លួន ដូចជា​ផលិតផល​កសិកម្ម​និង​យន្តហោះ Boeing ចូលទៅ​កាន់​ប្រទេស​ចិន​ថែមទៀត។ ម្យ៉ាង​វា​ក៏​ជួយ​រក្សា​អតិផរណា​របស់​សហរ​ដ្ឋ​អាមេរិក​ឱ្យនៅ​ស្ថិតស្ថេរ​តាមរយៈ​ការអនុញ្ញាតឱ្យ​ទំនិញប្រើប្រាស់​របស់​ចិន​ចូលទៅក្នុង​សហរដ្ឋអាមេរិក​ដោយមាន​របាំង​មួយចំនួន​លើកលែងតែ​ពន្ធគយ។

យ៉ាងណា​ស្របពេល​ជាមួយគ្នានេះ​ការបិទផ្លូវ​បច្ចេកវិទ្យា​របស់​រដ្ឋបាល Biden លើ​ប្រទេស​ចិន​គឺជា​ការដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​បំផុត​ផងដែរ​ដែល​ខ្លួន​អាមេរិក​បានដាក់​លើ​ប្រទេសមួយ​នេះ​ចាប់តាំងពី​ការបញ្ចប់​នៃ​សង្គ្រាមលោកលើកទី២នៅពេលដែល​អាមេរិក​ប្រយុទ្ធ​ប្រឆាំងនឹង​ប្រទេស​ជប៉ុន​និង​អាល្លឺម៉ង់។

ក្នុងករណី បៃដិន ក្រសោប​បាន​អាណត្តិ​ទី២របស់ខ្លួន គោលនយោបាយ​របស់លោក​ក៏​ប្រហែលជា​ការចាត់វិធានការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ជាង​ប្រឆាំងនឹង​ចិន​មិន​ចាញ់​លោក ត្រាំ នោះដែរ។

ហេតុនេះ​ការ​រឹតបន្តឹង​លើ​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក​ទៅក្នុង​ប្រទេស​ចិន​កាន់តែ​ធំ​ជាង​មុន​ហើយ​សង្គ្រាម​បច្ចេកវិទ្យា​ក៏​ទំនងជា​រីក​រាលដាល​យ៉ាងខ្លាំង​ដល់​វិស័យ​ផ្សេងទៀត។រនាំង​ខ្ពស់​នឹង​កាន់តែ​ខ្ពស់ជាង​មុន​ហើយ​ទីធ្លា​តូច​អាច​ក្លាយជា​វាល​ធំ​ទូលាយ។

បៃដិន និង​ ត្រាំ មាន​មហិច្ឆតា​មួយ​ដូចគ្នា​គឺ​ការយក​ឈ្នះ​ចិន។ មេដឹកនាំ​របស់​អាមេរិក​ទាំង២មើលឃើញថា​ប្រទេស​ចិន​ជាការ​គំរាមកំហែង​ដ៏​ធំ​បំផុត​តែ១គត់​ចំពោះ​អនុត្តរភាព​របស់​សហ​រដ្ឋ​អាមេរិក​ហើយ​ប្តេជ្ញាចិត្ត​ក្នុងការ​រារាំង​ការអភិវឌ្ឍ​របស់​ចិន​ជាដាច់ខាត។

អ្វី​ដែលមាន​ភាពខុសគ្នា​រវាង​មេដឹកនាំ​ទាំង២នេះ​គឺជា​វិធីសាស្ត្រ​ប៉ុណ្ណោះ​ដោយ​វិធី​របស់ ត្រាំ គឺ​វាយប្រហារចំៗនិង​សាហាវ​ជាង។ ចំណែក​លោក បៃដិន ប្រសិនបើ​ចិន​ជា​កង្កែប​លោក​ស្រុស​វា​បន្តិចម្តងៗ ខណៈដែល​លោក ត្រាំ ចង់​បោះ​កង្កែប​ចូលទៅក្នុង​ទឹក​ពុះ​តែម្តង។

ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​និយាយថា​លោក បៃដិន មាន​គ្រោះថ្នាក់​ជាង​លោក ត្រាំ​ ដោយសារតែ​លោក​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​ប្រទេស​ចិន​ហើយ​បច្ចុប្បន្ននេះ​ទីក្រុង​ប៉េកាំង​ពិបាក​ក្នុងការ​កំណត់ថា​មេដឹកនាំ​អាមេរិក​រូប​ណា​នឹង​ផ្តល់​ផលវិបាក​ដល់​ខ្លួន​ខ្លាំង​ជាង​ដោយសារ​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ។

ដូច្នេះ​គោលនយោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​ចិន​គឺ​ផ្តោតលើ​អាជីវកម្ម​ផ្ទៃក្នុង​ជាជាង​ការបារម្ភ​ចំពោះ​ការវិលត្រឡប់​របស់ ​ត្រាំ​  ដែលជា​អ្វីដែល​លើសពី​ដែន​អំណាច​របស់ខ្លួន។

សំខាន់​ជាងនេះទៅទៀត​ប្រទេស​ចិន​មាន​ភាពល្អប្រសើរ​និង​មាន​ទំនុកចិត្ត​ជាង​ក្នុងការ​ទប់ទល់​ជាមួយ ត្រាំ​ ក្នុងអំឡុងពេល​អាណត្តិ​ដំបូង​របស់លោក។ អាណត្តិ​ទី១ របស់ត្រាំ ប្រទេស​ចិន​កាន់តែ​រឹងមាំ  សេដ្ឋកិច្ច​របស់គេ​បាន​កើនឡើង​ពាក់កណ្តាល​ចាប់តាំងពី​ឆ្នាំ ២០១៧។

ការនាំចេញ​របស់​ចិន​ចូល​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ដល់ ១៣.៧ ភាគរយ ​ក្នុង​រយៈពេល ១១ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣ ដែលជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ ២០០៤។ ស្របពេល​ជាមួយគ្នានេះ​ប្រទេស​ចិន​ ក៏​កំពុង​ផ្តោតលើ​ការធ្វើ​ពាណិជ្ជកម្ម​ ជាមួយនឹង​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត​ជាជាង​ជាមួយ​សហរដ្ឋអាមេរិក​សហភាព​អឺរ៉ុប​និង​ជប៉ុន​រួមបញ្ចូល​គ្នា៕