គណៈប្រតិភូរបស់ក្រុមហាម៉ាស់បានទៅដល់ទីក្រុងគែរ នៃប្រទេសអេហ្ស៊ីប នៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាដែលខ្លួនចង់បាននៅមុនថ្ងៃបុណ្យរ៉ាម៉ាដានមកដល់។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ។
យោងតាមការផ្សាយនោះ គណៈប្រតិភូក្រុមហាម៉ាស់ដឹកនាំដោយអនុប្រធានក្រុមហាម៉ាស់ លោក Khalil Al-Hayya។
រ៉យទ័របានរាយការណ៍ថា មន្ត្រីប៉ាឡេស្ទីនដែលដឹងរឿងកិច្ចចរចាបទឈប់បាញ់បាននិយាយថា ពួកគេមិនទាន់បានបញ្ចប់កិច្ចព្រមព្រៀងនៅឡើយទេ នៅពេលសួរពីរឿងនេះ។
គណៈប្រតិភូពីភាគីអ៊ីស្រាអែលក៏ត្រូវរំពឹងថា នឹងទៅដល់ទីក្រុងគែរដើម្បីចូលរួមការពិភាក្សានេះដែរ។
ខណៈពេលដែលពិធីបុណ្យបួសក្នុងសាសនាអ៊ិស្លាមកាន់តែកៀកមកដល់ ក្រុមហាម៉ាស់ដែលដើរតាមសាសនាអ៊ិស្លាមចង់បានបទឈប់បាញ់ឱ្យបានឆាប់ ដើម្បីចូលរួមគោរពបូជាដល់ព្រះរបស់ពួកគេ នៅថ្ងៃទី៨ ខែមីនា ខាងមុខនេះ។
កិច្ចចរចាបទឈប់បាញ់ដែលបានព្រាងឡើង និងផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រកន្លងមក នឹងមានរយៈពេល ៤០ថ្ងៃ ដើម្បីបើកផ្លូវឱ្យមានការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ព្រមទាំងបង្កើនសកម្មភាពផ្តល់ជំនួយមនុស្សធម៌៕