ការស្ទង់មតិថ្មីមួយក្រោយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចាកចេញពីពន្ធនាគារបែបថែសុខភាព បង្ហាញថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលរងការធ្វើរដ្ឋប្រហារកាលឆ្នាំ ២០០៦ ត្រូវបានគេមើលឃើញថា ជាឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសថៃ ខណៈដែលលោក ភិថា លីមចារើនរ៉ាត់ ដែលបរាជ័យក្នុងការឡើងកាន់អំណាច ទទួលបានការអាណិតអាសូរខ្លាំងក្នុងចំណោមឥស្សរជនមកពីគណបក្សប្រឆាំងសំខាន់ៗ។
ការស្ទង់មតិរបស់វិទ្យាស្ថានជាតិអភិវឌ្ឍន៍ និងរដ្ឋបាល (NIDA Poll) បានចេញផ្សាយរបាយការណ៍ស្ទង់មតិ សាធារណៈមួយ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ២៧ និងទី ២៩ ខែកុម្ភៈ ដោយមានអ្នកចូលរួមស្ទង់មតិចំនួន ១ ៣១០ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមកពីតំបន់ផ្សេងៗគ្នាហើយមានប្រវត្តិអប់រំ មុខរបរ និងកម្រិតប្រាក់ចំណូលខុសៗគ្នានៅទូទាំងប្រទេស ក្នុងគោលបំណងប្រមូលផ្តុំការយល់ឃើញចម្រុះ។
នៅពេលមានការសាកសួរថាតើឥស្សរជននយោបាយរូបណាដែលមានឥទ្ធិពលបំផុត អ្នកឆ្លើយតបចំនួន ៤២,៩០% បានជ្រើសរើសយកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) និង ២១,៩១% បានជ្រើស រើសយកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) និង ១៧,៤០% បានជ្រើសរើសយកអតីតមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភិថា។
នៅពេលសាកសួរថា តើក្នុងចំណោមឥស្សរជននយោបាយទាំង ៣ រូបណា ដែលគួរឱ្យអាណិតអាសូរខ្លាំងជាងគេ អ្នកឆ្លើយតបចំនួន ៤៦,៧៩% បានលើកឡើងថា គឺជាលោក ភិថា និង ១៧,៨៦% បាននិយាយថាពួកគេមិនអាណិតអ្នកនយោបាយណាម្នាក់ឡើយ ហើយ ១១,៤៥% បានជ្រើសរើសយករូបលោក ថាណាថន ជួងរូងរួងគិត (Thanathorn Juangroongruangkit) ដែលជាអតីតមេដឹកនាំគណបក្សអនាគតថ្មី (Future Forward Party) ដែលត្រូវបានរំលាយកាលពីដើមឆ្នាំ ២០២០។
លោក ថាក់ស៊ីន ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែកុម្ភៈ បន្ទាប់ពីតុលាការបានផ្តល់ការលើកលែងទោសពិសេសដល់លោក ដោយសារតែលោកមានអាយុច្រើន និងមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលឱ្យបានដិតដល់។ លោក ថាក់ស៊ីនត្រូវតុលាការកាត់ទោស ៨ ឆ្នាំ តែក្រោយមកសម្រួលនៅសល់តែចំនួន ១៨០ ថ្ងៃប៉ុណ្ណោះ៕