ក្រោយការបែកធ្លាយសំឡេងចរចានិយាយរឿងយុទ្ធសាស្ត្រសង្គ្រាមរវាងមេទ័ពអាល្លឺម៉ង់ និងអ៊ុយក្រែនលើការវាយប្រហារនៅតំបន់គ្រីមា ដែលរុស្ស៊ី កាន់កាប់ ១ ទសវត្សរ៍មកហើយនោះ មេដឹកនាំអាល្លឺម៉ង់ បានចាត់ទុកការបែកធ្លាយសំឡេងសន្ទនានេះ ជារឿង «ធ្ងន់ធ្ងរ» និងសន្យាស៊ើបអង្កេតឱ្យបានពេញលេញ។
១ ថ្ងៃបន្ទាប់ពីការបង្ហោះសារសំឡេងសន្ទនារបស់មន្ត្រីកងទ័ពអាល្លឺម៉ង់ ដែលនិយាយពីផែនការវាយផ្តាច់ស្ពានតភ្ជាប់តំបន់ដីគោករុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីតាលី អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃទី ២ ខែមីនាបាននិយាយថា៖ «អ្វីដែលត្រូវបានគេរាយការណ៍គឺជាបញ្ហាធ្ងន់ធ្ងរ ហើយនោះហើយជាមូលហេតុដែលឥឡូវនេះវាត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត និងលឿនបំផុត»។ នេះបើយោងតាមការដកស្រង់សម្តីរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សាយថា និពន្ធនាយិកានៃប៉ុស្តិ៍ទូរទស្សន៍ RT លោកស្រី Margarita Simonyan កាលពីថ្ងៃទី ១ មីនា បានបង្ហោះសារសំឡេង ដែលមន្ត្រីយោធាជាន់ខ្ពស់អាល្លឺម៉ង់ បានពិភាក្សាស្នើអង់គ្លេសជួយរៀបចំផែនការវាយប្រហារស្ពានគ្រីមា ដោយប្រើប្រាស់ម៉ីស៊ីល Taurus របស់អាល្លឺម៉ង់។
សារសំឡេងដែលលោកស្រី Margarita Simonyan បង្ហោះកាលពីថ្ងៃទី ១ ខែមីនា បានបង្ហោះការថតសំឡេងរយៈពេល ៣៨ នាទីជាអ្វីដែលលោកស្រីបានអះអាងថា មន្ត្រីកងទ័ពអាល្លឺម៉ង់នៅថ្ងៃទី ១៩ ខែកុម្ភៈ ពិភាក្សាអំពីការវាយប្រហារនៅ គ្រីមា។ យោង AFP។
ក្រោយការបែកធ្លាយនោះ AFP បានស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ដែលបានសារភាពត្រង់ៗថា ក្រសួងការពារជាតិជឿថាការសន្ទនានៅក្នុងកងពលទ័ពអាកាសត្រូវបាន «ស្ទាក់ចាប់»។
អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «បច្ចុប្បន្នយើងមិនអាចនិយាយបានច្បាស់ថាតើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះកំណែដែលបានកត់ត្រាឬថតចម្លងដែលកំពុងចរាចរលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ AFP ថា ខ្លួនកំពុងស៊ើបអង្កេត «ថាតើការទំនាក់ទំនងនៅក្នុងវិស័យកងទ័ពអាកាសត្រូវបានស្ទាក់ចាប់ឬអត់»។
តាម TASS សារសំឡេងដែលលោកស្រី Simonyan បានបង្ហោះ នៅលើបណ្តាញសង្គម VK គឺសារសំឡេងនោះបាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius បានបញ្ជាឱ្យសិក្សាពីបញ្ហានៃការផ្គត់ផ្គង់មីស៊ីល Taurus រយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។
មន្ត្រីនៅក្នុងសារសំឡេងពិភាក្សានោះរួមមានប្រធាននាយកដ្ឋានប្រតិបត្តិការ និងលំហាត់នៅបញ្ជាការកងទ័ពអាកាស លោក Frank Graefe អធិការកងទ័ពអាកាស លោក Ingo Gerhartz និងបុគ្គលិក ២ នាក់នៅមជ្ឈមណ្ឌលប្រតិបត្តិការអាកាសនៃទីបញ្ជាការអវកាស ដោយនិយាយពីការផ្តល់គ្រាប់ដល់អ៊ុយក្រែន៕