បណ្តាអង្គការមនុស្សធម៌អន្តរជាតិធំៗ បានរិះគន់យ៉ាងចាស់ដៃទៅលើសកម្មភាពផ្តល់ជំនួយមនុស្សធម៌ជាស្បៀងអាហារលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) ដោយហែកហួរដោយសារសង្គ្រាម ដោយប្រើយន្តហោះទម្លាក់ពីលើអាកាសយ៉ាងអនាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាយប់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ នេះ។
សារព័ត៌មានមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចផែនការរបស់ខ្លួនដោយជោគជ័យលើការផ្តល់ជំនួយជាស្បៀងអាហារលើកដំបូងរបស់ខ្លួនទៅតំបន់ហ្គាហ្សា។ បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះ C-130s ចំនួន ២២ គ្រឿងបានទម្លាក់អាហារចំនួន ៦៦ កញ្ចប់ នៅតាមបណ្តោយឆ្នេរសមុទ្រនៃតំបន់ហ្គាហ្សាបានដោយជោគជ័យ។
លោក Richard Gowan នាយកអង្គការ ICG នៃអង្គការសហប្រជាជាតិបាននិយាយនៅលើបណ្តាញសង្គម (X) ថា៖«ការផ្តល់ជំនួយជាលើកដំបូងបំផុតពីសំណាក់សហរដ្ឋអាមេរិកទៅតំបន់ហ្គាហ្សាដែលមានកញ្ចប់អាហារបានធ្លាក់ពីលើអាកាសនេះគឺយើងអាចថតរូបបានយ៉ាងស្អាតណាស់ពីសកម្មភាពមួយនេះ ក៏ប៉ុន្តែវាជាការផ្តល់ជំនួយមនុស្សធម៌មួយដ៏អាក្រក់មើលណាស់សម្រាប់ខ្ញុំ»។
លោក Scott Paul ដែលជាមន្ត្រីជាន់ខ្ពស់នៃអង្គការ Oxfam's ក៏បានបញ្ជាក់ផងដែរថា៖«ជំនួយមនុស្សធម៌ដែលសហរដ្ឋអាមេរិកទម្លាក់ចុះពីលើមេឃយ៉ាងអនាធិបតេយ្យនេះវាគ្រាន់តែជាការបន្ធូរបន្ថយមនសិការខុសឆ្គងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលត្រូវធ្វើនោះគឺការកាត់បន្ថយជំនួយយោធាដល់អ៊ីស្រាអែល និងជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់»។
ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សានេះត្រូវបានប្រទេសផ្សេងទៀត រួមមាន អង់គ្លេស បារាំង អេហ្ស៊ីប និងហ្ស៊កដានី ធ្លាប់បានធ្វើរួចហើយសម្រាប់ការទម្លាក់កញ្ចប់ជំនួយ ប៉ុន្តែនេះគឺជាលើកទី ១ ហើយសម្រាប់សហរដ្ឋអាមេរិក។ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ដែលកញ្ចប់អាហារបានធ្លាក់ពីលើមេឃយ៉ាងអនាធិបតេយ្យនេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃសៅរ៍ ទី ២ ខែមីនា ឆ្នាំ ២០២៤ ថា ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកទាំងនេះ គឺគ្រប់គ្រាន់ហើយសម្រាប់តំបន់ហ្គាហ្សា ហើយនេះជាការធ្វើទង្វើមនុស្សធម៌របស់សហរដ្ឋអាមេរិកទៅដល់ពលរដ្ឋប៉ាឡេស្ទីន។
ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានប្រកាសឱ្យដឹងនៅថ្ងៃសុក្រ ទី ១ ខែមីនា ឆ្នាំ ២០២៤ នេះថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០ ២២៨ នាក់ បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស ១៩៣ នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងក្នុងថ្ងៃនោះ។
បើទោះបីជាអន្តរជាតិ ក៏ដូចជាសហរដ្ឋអាមេរិក ដែលគេដឹងថាជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៊ីស្រាអែល ហើយជាភាគីដែលផ្តល់ជំនួយយោធាធំបំផុតសម្រាប់ប្រតិបត្តិការវាយប្រហារទៅលើពលរដ្ឋប៉ាឡេស្ទីន បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល គិតគូរពីបទឈប់បាញ់យ៉ាងណាក៏ដោយ ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ១ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នឹងបន្តរហូតដល់សម្រេចបានជ័យជម្នះពេញលេញ។
សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ប៉ាឡេស្ទីនបានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ជាពេលដែលកងកម្លាំងហាម៉ាស់បានវាយឆ្មក់មុនចូលទឹកដីអ៊ីស្រាអែល៕