ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍នាថ្ងៃចន្ទទី៤ខែមីនានេះ អូស្ត្រាលីបានបញ្ជាក់ថាបណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វីកនិងតំបន់អាស៊ីអាគ្នេយ៍កំពុងតែប្រឈមមុខនឹងការគំរាមកំហែងលើផ្នែកសន្តិសុខនៅតាមច្រកសមុទ្រចិនខាងត្បូង។
ដូចនេះដើម្បីចូលរួមដោះស្រាយបញ្ហានេះរដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមកញ្ចប់ថវិកាសម្រាប់ការពារសន្តិសុខដែនសមុទ្ររបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសរបស់អូស្ត្រាលី លោកស្រី Penny Wong បាននិយាយថាអូស្ត្រាលីនឹងផ្តល់មូលនិធិមានទឹកប្រាក់ ៦៤ លានដុល្លារអូស្ត្រាលី (៤១,៨ លានដុល្លារ) ក្នុងរយៈពេល៤ឆ្នាំបូករួមទាំងមូលនិធិថ្មីចំនួន ៤០ លានដុល្លារអូស្ត្រាលី ដែលនឹងរួមចំណែកដល់សន្តិសុខនិងវិបុលភាពក្នុងតំបន់ស្របតាមអាទិភាពនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកស្រីបានមានប្រសាសន៍ថា៖«ពួកយើងកំពុងប្រឈមមុខនឹងបញ្ហាអសន្តិសុខទាំងផ្លូវទឹកនិងផ្លូវអាកាសហើយដែលបញ្ហាទាំងនេះបានបង្កការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រចិនខាងត្បូង»។
លោកស្រី បន្ថែមថា៖«បញ្ហាដែលកើតឡើងនៅលើសមុទ្រចិនខាងត្បូងនៅច្រកសមុទ្រតៃវ៉ាន់និងអនុតំបន់មេគង្គឬនៅទូទាំងប៉ាស៊ីហ្វិកទាំងមូលនឹងប៉ះពាល់ដល់យើងទាំងអស់គ្នាតែម្ដង»។
ប្រទេសចិនបានទាមទារស្ទើរតែទាំងស្រុងនូវដែនសមុទ្រចិនខាងត្បូងដែលបច្ចុប្បន្នស្ថិតនៅជាប់ជាមួយប្រទេសហ្វីលីពីនវៀតណាមឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងប្រ៊ុយណេ។ច្រកសមុទ្រចិនខាងត្បូងផងដែរជាច្រកដឹកជញ្ជូនដ៏សំខាន់ដោយទំហំពាណិជ្ជកម្មប្រចាំឆ្នាំមានទៅដល់ជាង៣ពាន់ពាន់លានដុល្លារ។
ប៉ុន្តែយ៉ាងណាតុលាការកណ្ដាលអចិន្ត្រៃយ៍ធ្លាប់បាននិយាយកាលពីឆ្នាំ២០១៦ថាការទាមទាររបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ទេពោលគឺចិនសំអាងតែទៅលើផែនទីប្រវត្តិសាស្ត្ររបស់ខ្លួនតែប៉ុណ្ណោះ។
ជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Enrique Manalo បាននិយាយថាសមុទ្រចិនខាងត្បូងមានសារៈសំខាន់និងជាយុទ្ធសាស្ត្រដែលរក្សាអនាគតរួមគ្នាដ៏ត្រចះត្រចង់មួយ។
លោក Enrique Manalo បានថ្លែងនៅក្នុងសុន្ទរកថារបស់ខ្លួនទៀតថា៖«អនាគតបែបនេះអាចកើតមានឡើងលុះត្រាតែប្រទេសក្នុងតំបន់មានការសហការគ្នាបានល្អប្រឆាំងនឹងការគំរាមកំហែងផ្នែកការទូតឬការប្រើប្រាស់កម្លាំងជាដើម»។
ហ្វីលីពីនបច្ចុប្បន្នក៏កំពុងខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅលើច្រកសមុទ្រចិត្តខាងត្បូងហើយតំបន់នោះក៏បានក្លាយទៅជាចំណុចក្ដៅរវាងកងទ័ពជើងទឹកចិននិងកងទ័ពជើងទឹកអាមេរិកផងដែរ។
លោក Manalo បាននិយាយទៀតថាប្រជាជាតិនានានៅក្នុងតំបន់ត្រូវតែក្រោកឈរឡើងយ៉ាងរឹងមាំដើម្បីរួមគ្នាប្រឈមនឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍។
ប្រទេសអូស្ត្រាលីកាលពីឆ្នាំមុនបាននិយាយថាខ្លួននឹងធ្វើការល្បាតរួមគ្នាបន្ថែមទៀតជាមួយហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង។
ដោយឡែកអូស្ត្រាលីពេលនេះកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ដើម្បីប្រារព្ធខួប៥០ឆ្នាំដែលអូស្ត្រាលីក្លាយជាដៃគូក្រៅតំបន់ដំបូងរបស់អាស៊ាន៕