តុលាការកំពូងរបស់ព្រះរាជាណាចក្រថៃ នៅថ្ងៃចន្ទនេះ បានទម្លាក់ចោលការចោទប្រកាន់ប្រឆាំងអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលអស់អំណាចដោយរដ្ឋប្រហារ ហើយបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួន ក្រោមការចោទប្រកាន់ពីបទគ្រប់គ្រងការចំណាយមិនត្រឹមត្រូវសម្រាប់គម្រោងរដ្ឋាភិបាលក្នុងឆ្នាំ ២០១៣ ដែលត្រូវគេមើលឃើញដំឡើងតម្លៃស្រូវ។
ការសម្រេចរបស់តុលាការកំពូលនេះកើតឡើងក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីបងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឱ្យមានសេរីភាពក្រោយជាប់ពន្ធនាគារថែសុខភាពអស់រយៈពេល ១៨០ ថ្ងៃ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែជាប់ឈ្មោះជាអ្នកនយោបាយមានឥទ្ធិពលបំផុតក្នុងប្រទេសថៃ បន្ទាប់ពីនីរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ ហើយ វិលចូលប្រទេសវិញចំថ្ងៃដែលសភាទាំងពីរថ្នាក់បោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សដែលលោកនិងក្រុមគ្រួសារលោកបង្កើត។
យោងតាមការផ្សាយរបស់ AP សេចក្តីសម្រេចរបស់តុលាការនាពេលនេះជាសាលក្រមអនុគ្រោះចុងក្រោយបំផុតសម្រាប់លោកស្រីយីងឡាក់ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០១១ រហូតដល់លោកស្រីត្រូវបានបង្ខំឱ្យចេញពីតំណែងនៅក្នុងឆ្នាំ ២០១៤។ ក្នុងខែធ្នូឆ្នាំមុន តុលាការដដែលបានជម្រះលោកស្រីយីងឡាក់ពីការរំលោភបំពានអំណាចពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិកដែលលោកស្រីបានត្រួតពិនិត្យ។
ចៅក្រមបានលើកលែងទោសជាឯកច្ឆ័ន្ទលោកស្រី យីងឡាក់ និងជនជាប់ចោទប្រាំនាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវនូវទឹកប្រាក់ចំនួន ២៤០ ពាន់លានបាត (៦,៧ ពាន់លានដុល្លារ) ដែលត្រូវបានរៀបចំសម្រាប់ការបង្ហាញផ្លូវដើម្បីទាក់ទាញវិនិយោគិនលើផែនការហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆិតា។
លោកស្រី យីងឡាក់ បច្ចុប្បន្នមានអាយុ ៥៦ ឆ្នាំ ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសថៃ ដែលលោក ប្រាយុធ ចាន់អូចា ជាអគ្គមេបញ្ជាការយោធាធ្វើរដ្ឋប្រហារទម្លាក់ក្នុងឆ្នាំ ២០១៤៕