នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (SretthaThavisin) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា កាលពីសប្តាហ៍មុន ប្រទេសថៃបានជួយសម្រួលដល់ការបញ្ជូនជនជាតិចិនចំនួន៩០០នាក់ឱ្យត្រឡប់ទៅប្រទេសចិនវិញ ដោយពួកគេជាជនរងគ្រោះដែលបានជាប់ឃុំនៅក្នុងអគារប្រើសម្រាប់ការឆបោក ស្ថិតនៅទីក្រុងតូចមួយក្បែរព្រំដែនមីយ៉ាន់ម៉ា។
យោងតាមអង្គការសហប្រជាជាតិ តំបន់អាស៊ីអាគ្នេយ៍ដែលមានប្រទេសមីយ៉ាន់ម៉ាផងដែរនោះ គឺជាមជ្ឈមណ្ឌលប្រមូលផ្ដុំទៅដោយការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការក្លែងបន្លំតាមអ៊ីនធឺណិត។
ក្រុមឧក្រិដ្ឋជនបានបញ្ជូនមនុស្សរាប់សែននាក់ ហើយបង្ខំឱ្យពួកគេធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក និងប្រតិបត្តិការខុសច្បាប់ផ្សេងៗទៀត។
ក្រុមប៉ូលិសថៃបានចាប់ផ្ដើមបើកប្រតិបត្តិការជួយសម្រួលក្នុងការបញ្ជូនជនជាតិចិនទៅប្រទេសចិនវិញកាលពីថ្ងៃព្រហស្បតិ៍ និងបិទបញ្ចប់ប្រតិបត្តិការនៅថ្ងៃសៅរ៍។
ថៃបានដឹកជនជាតិចិនពីទីក្រុងមីយ៉ាវ៉ាដឌី (Myawaddy) ព្រំដែនមីយ៉ាន់ម៉ា ទៅព្រលានយន្តហោះក្នុងស្រុកម៉ែសូត(Mae Sot) ព្រំដែនថៃ ជាកន្លែងដែលពួកគេបានឡើងយន្តហោះចិនត្រលប់ទៅស្រុក។
លោកនាយករដ្ឋមន្ត្រី សេដ្ឋា បានថ្លែងថា៖«ប្រតិបត្តិការនេះគឺជាកិច្ចខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្តរួមគ្នា រវាងប្រទេសចិន មីយ៉ាន់ម៉ា និងថៃ»។ លោកបានបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះធ្វើឡើងដោយស្ម័គ្រចិត្ត ដោយផ្អែកទៅលើគោលការណ៍មនុស្សធម៌ និងមិនមានការបង្ខិតបង្ខំឡើយ។
ស្នងការរងប៉ូលិសថៃ លោក ស៊ូរ៉ាឆែ ហាកផាន (SurachaeHakparn)បាននិយាយថា ប្រតិបត្តិការនេះត្រូវការជើងហោះហើរចំនួន ១៥ ជើង និងប្រើរយៈពេលបីថ្ងៃ ទើបអាចបញ្ជូនជនរងគ្រោះជនជាតិចិនទាំងនោះត្រលប់ទៅប្រទេសចិនវិញទាំងអស់។
យ៉ាងណាមិញ ក្រសួងការបរទេសចិន និងអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) នោះទេ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរមីយ៉ាន់ម៉ាបានធ្វើបត្យាប័នជនសង្ស័យឆបោកតាមប្រព័ន្ធទូរគមនាគមន៍ចំនួន ៣១០០០ នាក់ទៅកាន់ប្រទេសចិន។ការធ្វើបត្យាប័ននេះគឺជាផ្នែកមួយកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លើសពីនេះទៀត ប្រទេសចិន និងមីយ៉ាន់ម៉ាក៏ធ្លាប់បានជួយបញ្ជូនជនជាតិថៃជាង ២០០នាក់ទៅកាន់ប្រទេសថៃវិញផងដែរ ក្នុងនោះមានទាំងជនរងគ្រោះ និងជនសង្ស័យដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមចោរលួចបន្លំតាមប្រព័ន្ធទូរគមនាគមន៍។
ពួកគេត្រូវបានចាប់ខ្លួននៅអំឡុងពេលដែលជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធនៅឡៅកាំង (Laukkaing) ស្ថិតក្នុងរដ្ឋសាន (Shan) ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា៕