រដ្ឋាភិបាលចិននាថ្ងៃចន្ទនេះ បានប្រកាសលុបចោលនូវការធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រី ដែលតាមទម្លាប់តែងធ្វើឡើងក្រោយកិច្ចប្រជុំសភាប្រចាំឆ្នាំ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ជាទូទៅ ចាប់តាំងពីឆ្នាំ១៩៩៣មក នាយករដ្ឋមន្ត្រីចិនតែងជួបជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្រោយកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិ (NPC) ហើយឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលជាធម្មតាត្រូវបានគេមើលឃើញថាជាឱកាសដ៏កម្រ សម្រាប់អ្នកកាសែតចោទសួរថ្នាក់ដឹងនាំជាន់ខ្ពស់ជាមួយនឹងសំណួរគ្រប់ប្រធានបទ។
អ្នកនាំពាក្យ NPC លោក Lou Qinjian បាននិយាយនៅមុនថ្ងៃបើកសម័យប្រជុំប្រចាំឆ្នាំរបស់សភាថា លោកនាយករដ្ឋមន្ត្រីចិន លី ឈាង (Li Qiang) នឹងមិនធ្វើសន្និសីទសារព័ត៌មាន នៅចុងបញ្ចប់នៃកិច្ចប្រជុំដែលត្រូវធ្វើឡើងពេញមួយសប្តាហ៍ តាមទម្លាប់នោះទេ។
សាស្ត្រាចារ្យរងនៅសកលវិទ្យាល័យជាតិសិង្ហបុរី លោក Alfred Wu បាននិយាយថា ការផ្លាស់ប្តូរនេះហាក់ដូចជាស្របទៅនឹងការថយចុះនៃអំណាចរបស់នាយករដ្ឋមន្ត្រីចិន ខណៈបក្សកុម្មុយនិស្ត និងមេដឹកនាំចិន លោក ស៊ី ជីនពីង គ្រប់គ្រងជាស្នូលលើកិច្ចការរបស់ប្រទេស។
AP ស្រង់សម្ដីលោក Alfred ដែលថ្លែងយ៉ាងដូច្នេះថា៖ «ដោយសាររចនាសម្ព័ន្ធឥឡូវគឺគណបក្សដឹកមុខ ហើយនាយករដ្ឋមន្ត្រីដូចជាអ្នកអនុវត្តបទបញ្ជារបស់បក្ស ដូច្នេះវាលែងសំខាន់ទៀតហើយ។ នោះជាសារសំខាន់»។
យ៉ាងណាមិញ លោក Lou ការលុបចោលសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់នាយករដ្ឋមន្រ្តី ធ្វើឡើងដោយសារតែមានសេចក្តីសង្ខេបព័ត៌មានបន្ថែមទៀតពីរដ្ឋមន្ត្រីរដ្ឋាភិបាល ក្នុងអំឡុងពេលកិច្ចប្រជុំសភាប្រចាំឆ្នាំដែលមន្ត្រីគណៈរដ្ឋមន្ត្រីជាន់ខ្ពស់នឹងនិយាយអំពីបញ្ហាការទូត សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។
កិច្ចប្រជុំសភាចិននឹងបើកនៅថ្ងៃអង្គារនេះ ហើយវានឹងមានការឃ្លាំមើលយ៉ាងដិតដល់ចំពោះការបង្ហាញជំហានណាមួយដែលរដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងជួបការលំបាក។
លោកនាយករដ្ឋមន្រ្តី លី នឹងបង្ហាញរបាយការណ៍ប្រចាំឆ្នាំនៅឯការបើកកិច្ចប្រជុំដដែល ដោយរំពឹងថានឹងរួមបញ្ចូលគោលដៅកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៤។
អ្នកនាំពាក្យ NPC លោក Lou ដដែល បាននិយាយថា កិច្ចប្រជុំនឹងបង្កើនឱកាសសម្រាប់អ្នកសារព័ត៌មានដើម្បីសួរសំណួររដ្ឋមន្ត្រីរដ្ឋាភិបាល និងមន្ត្រីដទៃទៀត ក៏ដូចជាប្រតិភូជិត ៣ ០០០ នាក់ទៅកាន់សមាជ។
លោកបានថ្លែងដោយមិនមានការពន្យល់បន្ថែមថា៖ «ប្រសិនបើមិនមានកាលៈទេសៈពិសេសទេ សន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រី នឹងត្រូវលុបចោលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត»៕